អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចូលកាន់​តំណែង​ភ្លាម ត្រាំ ផ្តើម​សង្គ្រាម​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​
23, Jan 2017 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
        
អ្នកនាំពាក្យ​លោក ដូ​ណា​ល់ ត្រាំ Sean Spicer  បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី ត្រាំ មិន​ត្រូវការ​សារព័ត៌មាន​ឡើយ ហើយ​សារព័ត៌មាន​ទាំងអស់​ត្រូវ​ទទួលខុស​ត្រូវ​រាល់​ការផ្សព្វផ្សាយ​របស់ខ្លួន​។  មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​ទិតៀន​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នកសារព័ត៌មាន​ចាស់ដៃ ។  ដូ​ណា​ល់ ត្រាំ ខ្លួនឯងបាន​ប្រកាស​នៅ​ការិយាល័យ CIA ថា ខ្លួន​កំពុង​ធ្វើសង្គ្រាម​ប្រឆាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ  នៅ​ថ្ងៃ​ដំបូង​ដែល​ខ្លួន​ចូលធ្វើការ​។​


​ក្នុង​សន្និសីទ​សារព័ត៌មាន​លើកដំបូង អ្នកនាំពាក្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លោក​Sean Spicer និយាយ​ទាំង​ខឹងសម្បារ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​លោក​អះអាងថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ចែក​ចាយ​ព័ត៌មាន​ខុស​ពាក់ព័ន្ធ​ចំនួន​អ្នកចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក ត្រាំ និង​ការតុបតែង​ការិយាល័យ​ពងក្រពើ (Oval Office) ។
 
​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ទោស​ថា អ្នកសារព័ត៌មាន​ដែល​បង្ហោះ​រូបភាព​ដែល​បន្ថយ​ចំនួន​អ្នកចូលរួម​សារ​ទរ​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​វា​ជាការ​បន្តុះបង្អាប់​មួយ​។ ហើយ​លោក​សន្យា​ចាត់វិធានការ​ប្រឆាំង​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​ចេតនា​មិនល្អ​ដូចគ្នា​។ ចំណែក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​អញ្ជើញ​ទៅ​ទស្សនកិច្ច​ទីស្នាក់ការ​កណ្តាល​ទីភ្នាក់ងារ​ចារកម្ម​មជ្ឈិម CIA នា​ថ្ងៃ​សៅរ៍​ដែរនោះ បានប្រកាស​ជា​សាធារណៈ​ថា លោក​កំពុង​ធ្វើសង្គ្រាម​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ 
 
​ត្រឡប់មកវិញ លោក Spicer បាន​ចាត់ទុកថា អ្នកសារព័ត៌មាន​មាន​ចេតនា​ធ្វើ​ឲ្យ​ខូច​រូបភាព​ថ្ងៃ​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​។ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា​៖ នៅ​ថ្ងៃ​ម្សិលមិញ (២០​មករា​) អាមេរិក​និង​ពិភពលោក​ទាំងមូល​មើល​ឃើញច្បាស់​ពី​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី ហើយ​ដូចដែល​ប្រធានាធិបតី​បាន​និយាយ​ហើយ​ថា វា​ជាការ​ផ្ទេរអំណាច​និង​ជា​តុល្យភាព​អំណាច​បានមកពី​ប្រជាជន​។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​មាន​ចេតនា​ផ្សព្វផ្សាយ​ខុសពី​ការពិត​»​។​
 
​មួយទៀត Spicer បាន​រិះគន់​សារព័ត៌មាន​ដែល​ផ្សព្វផ្សាយ​មិន​ត្រឹមត្រូវ​ពី​ការដក​រូបសំណាក​វីរៈ​ជន​សិទ្ធិ​មនុស្សលោក Martin Luther King ចេញពី​ការិយាល័យ​ប្រធានាធិបតី​ធ្វើការ (Oval office) ។ ទស្សនា​វ​ដ្តី Time ជា​អ្នក​ចុះផ្សាយ​រឿងនេះ ហើយ​ក្រោយមក​អ្នកសារព័ត៌មាន​ដែល​បាន​សរសេរ​រឿង​ដក​រូបសំណាក​នេះ​ចេញ​បាន​ចេញមុខ​សុំ​អភ័យទោស​ផងដែរ​។​
 
​បន្ទាប់ពី​ព្រលះ​អ្នកសារព័ត៌មាន​រឿង​ផ្សព្វផ្សាយ​មិន​ត្រឹមត្រូវ លោក Sean Spicer បាន​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ផ្សព្វផ្សាយ​មិន​ត្រឹមត្រូវ​ដូចគ្នា​។ 

លោកបានលើកឡើងដូច្នេះ៖ «​ច​រិ​ក​មិន​ស្មោះត្រង់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​រឿង​ដែល​ធ្វើ​ឲ្យ​ការព្យាយាម​បង្រួបបង្រួម​ជាតិ​យើង​កាន់តែ​លំបាក​ឡើង​។ វា​មាន​ការជជែក​វែកញែក​ច្រើន​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ការទទួលខុសត្រូវ​រប​ស់លោក ដូ​ណា​ល់ ត្រាំ​។ ខ្ញុំ​នៅទីនេះ​ផ្ទាល់​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​ថា វា​មាន​ផ្លូវ​ពីរ​ទៅវិញទៅមក​។ យើង​ក៏​នឹង​ឲ្យ​សារព័ត៌មាន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ពួកគេ​ដូចគ្នា​»​។​
 
​ក្រោយពេល​លោក ថ្លែង​ចប់ អ្នកនាំពាក្យ​ប្រចាំ​សេត​វិមាន​អាមេរិក​រូបនេះ ដើរ​ចេញពី​បន្ទប់​ភ្លាម ដោយ​មិន​ផ្តល់ឱកាស​ឲ្យ​អ្នកសារព័ត៌មាន​សួរ​ឡើយ​។ សកម្មភាព​នេះ បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ទំនាក់ទំនង​រវាងរ​ដ្ឋ​បាល​ថ្មី និង​សារព័ត៌​មាននៅ​ស្ថិត​លើផ្លូវ​រលាក់ ហើយ​គេ​ក៏​មិន​រំពឹងថា ទំនាក់ទំនង​នេះ​នឹង​ប្រសើរឡើង​ដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com