អន្តរជាតិ
ក្រោយ​លោក​ត្រាំ ដក​អាមេរិក​ពី TPP, ម៉ាឡេស៊ី ងាក​មក​ពង្រឹង​សហប្រតិបត្តិការ​សមាហរណកម្ម​អាស៊ាន​វិញ
24, Jan 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម៉ាឡេស៊ី បាន​សម្តែង​ការ​សាក​ស្តាយ​ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី «​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​(TPP)» ពិតជា​បរាជ័យ​មិនអាច​អនុវត្ត​មែន​នោះ​។ យ៉ាងណាក៏ដោយ ម៉ាឡេស៊ី ក៏​មិន​អស់​ផ្លូវ​ក្នុងការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ឡើយ ដោយ​លោក​រដ្ឋមន្ត្រី បាន​អះអាងថា ម៉ាឡេស៊ី នឹង​ងាក​មក​ពង្រឹង​ដំណើរការ​សមាហរណកម្ម​សេដ្ឋកិច្ច និង​កិច្ចព្រមព្រៀង​នៅក្នុង​តំបន់​មួយចំនួន​ផ្សេងទៀត​វិញ​។



​លោក​ប្រធានាធិបតី​ទើប​កាន់តំណែង​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៣ មករា បានចេញ​លិខិត​បង្គាប់​ប្រតិបត្តិ​ដោយ​សម្រេច​ដក​សមាជិក​ភាព​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​រវាង​ប្រទេស​ទាំង​១២​នៅ​ប៉ាស៊ីហ្វិក​។ ការបញ្ចប់​សមាជិកភាព​របស់​រដ្ឋបាល​ថ្មី​អាមេរិក​នេះ បានធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្ទើរតែ​ក្លាយជា​ក្រដាស​គ្មាន​ន័យ​ទៅហើយ ដ្បិត​បើ​គ្មាន អាមេរិក កិច្ចព្រមព្រៀង ក៏​មិនអាច​ចូល​ជា​ធរមាន​ផងដែរ​។

​ជុំវិញ​បញ្ហា​នេះ ម៉ាឡេស៊ី ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ផងដែរ​នោះ ក៏បាន​សម្តែង​ការខកចិត្ត​ផងដែរ ដោយ​ម៉ាឡេស៊ី យល់ឃើញថា ការមិន​អាចធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ មាន​សុពលភាព​ដើម្បី​អនុវត្ត គឺជា​ការបាត់បង់​ឱកាស​ពាណិជ្ជកម្ម​មួយ​ដ៏​ធំ​។

​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​ម៉ាឡេស៊ី Mustapa Mohamed នៅ​ថ្ងៃទី​២៤ មករា បាន​ថ្លែង​ប្រតិកម្ម​ទៅនឹង​ការ​លិខិត​បង្គាប់​របស់​ប្រធានាធិបតី​អាមេរិក​យ៉ាង​ដូច្នេះ​ថា​៖« ...​ប្រសិនបើ TPP បរាជ័យ​ក្នុងការ​អនុវត្ត អ្វីដែល​ម៉ាឡេស៊ី​ត្រូវផ្តោត​សំខាន់​នោះ គឺ​ពង្រឹង​ដំណើរការ​សមាហរណកម្ម​អាស៊ាន​ក្នុង​ក្របខណ្ឌ​ផែនការមេ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​២០២៥, ជំរុញ​ឲ្យ​បាន​កិច្ចព្រមព្រៀង​ដែល​ផ្តួចផ្តើម​ដោយ​ចិន RCEP ក៏ដូចជា បន្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​រួមមាន​ទាំង​សមាជិក​របស់ TPP ផងដែរ​នោះ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Channel News Asia​។

​លោក​រដ្ឋមន្ត្រី ក៏បាន​បន្ថែមទៀតថា ក្រុម​អ្នកចរចា​របស់ TPP ដែលមាន​មកពី​ប្រទេស​១១​ផ្សេងទៀត នឹង​បន្ត​ទាក់ទង​គ្នា​ជាធម្មតា​ជាមួយនឹង​គ្នា​ទៅវិញទៅមក ហើយ ពួកគេ ក៏​នឹង​ពិចារណា​ពី​លទ្ធភាព​ជម្រើស​ផ្សេងៗ​ទៀត មុននឹង​ឈានដល់​សម្រេចចិត្ត​នៅក្នុង​ដំណាក់​បន្ទាប់​។

​សូម​ជម្រាប​ផងដែរ​ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ឬ ហៅថា​TPP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល បង្កើតឡើង​ដោយ​រដ្ឋ​ភាគី​ទាំង​១២​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ ភាគី​ទាំង​១២​រួមមាន អាមេរិក អូស្ត្រាលី ព្រុយ​ណេ កាណាដា ស៊ី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​ហ្សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង វៀតណាម​ផងដែរ​។ កិច្ចព្រមព្រៀង​នេះ ទើបតែ​ទទួល​ហត្ថលេខា​ពី​បណ្តា​ប្រទេស​ទាំង​ដប់​ពីរ​នៅ​ចុងឆ្នាំ​២០១៥​ប៉ុណ្ណោះ បន្ទាប់ពី ភាគី​ពាក់ព័ន្ធ បាន​ចរចា​ជាសម្ងាត់​អស់​រយៈពេល​ជាង​៥​ឆ្នាំ​ហើយ​នោះ​។​

​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​រំពឹងថា​មាន​ទំហំ​សរុប​ប្រមាណ​៤០​ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក​នេះ ផ្តោត​សំខាន់ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ការលុបបំបាត់​របាំង​ពន្ធគយ​លើ​ទំនិញ​រាប់ម៉ឺន​មុខ ការកំណត់​បទដ្ឋាន​ព​លកម្ម​និង​បរិស្ថាន និង ការការពារ​កម្មសិទ្ធិ​បញ្ញា​ផងដែរ​។ ។ កិច្ចព្រមព្រៀង​នេះ មិនអាច​ទទួលបាន​ស​ច្ចា​ប័ន​ពី​សភា​អាមេរិក​ឡើយ បើទោះបីជា​អតីត​រដ្ឋបាល លោក អូ​បា​ម៉ា ព្យាយាម​បញ្ចុះបញ្ចូល​យ៉ាងណាក៏ដោយ​។ កិច្ចព្រមព្រៀង​នេះ អាច​ចូល​ជាធរ​មានបាន លុះត្រា តែ​ទទួលបាន​សច្ចាប័ន​ពី​អាមេរិក​៕


Tag:
 ម៉ាឡេស៊ី​
  អាមេរិក​
  TPP
© រក្សាសិទ្ធិដោយ thmeythmey.com