កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ទទួល​ពានរង្វាន់ IOC President’s Trophy ពី IOC នៅ​រសៀល​នេះ​
25, Jan 2017 , 8:59 am        
រូបភាព
ដោយ:
​ក្រោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC)​ប្រកាស​ផ្តល់​ពានរង្វាន់​ប្រធាន​គណៈកម្មាការ​ធិ​ការ​អូឡាំពិក​អន្តរជាតិ​(IOC President’s Trophy) ជូន​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​១៥ ខែមករា កន្លងទៅ​។ នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២៥ ខែមករា នេះ សម្តេច ហ៊ុន សែន នឹង​ទទួល​ពានរង្វាន់​នេះ​ពី​លោក សឺ មៀង (Ser Miang) សមាជិក​ប្រតិបត្តិ​របស់ IOC​។

 


​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ពានរង្វាន់​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC President’s Trophy) ដែលជា​ពានរង្វាន់​ខ្ពស់បំផុត​របស់​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​(IOC) នា​រសៀល​ថ្ងៃទី​២៥ ខែមករា នៅ​វិមាន​សន្តិភាព​។ ការប្រគល់​ពានរង្វាន់​លំដាប់​ខ្ពស់​នេះ​ក្រោម​វត្ត​របស់លោក សឺ មៀង (Ser Miang) សមាជិក​ប្រតិបត្តិ​របស់ IOC និង​ជា​តំណាង​របស់លោក​បណ្ឌិត ថូ​ម៉ាស់ បាច់ (Thomas Bach) ប្រធាន IOC​។​

IOC President’s Trophy ជា​ពានរង្វាន់​មួយ​ដែល​ខ្ពស់​ជាងគេ​ក្នុង​ចលនា​អូឡាំពិក​អន្តរជាតិ ដែល​កម្រ​មាន​ប្រទេស​ណា​ទទួលបាន ព្រោះ​វា​ជា​ពានរង្វាន់​ពិសេស​ដែល​បង្កើតឡើង​សម្រាប់​ប្រគល់ជូន​បុគ្គល​ដែល​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ចលនា​អូឡាំពិក​។ ពានរង្វាន់​ដែល​សម្តេច ហ៊ុន សែន ទទួល​នៅថ្ងៃនេះ​ជា​ពានរង្វាន់​ជាពិសេស​ដែល​ឆ្លាក់​រូបលោក​ស្ថាបនិក​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​។



​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ពន្យល់​ពី​មូលហេតុ​ដែល IOC សម្រេច​ប្រគល់​ពានរង្វាន់​ជូន​កម្ពុជា​ថា ដោយសារ​សម្តេច ហ៊ុន សែន យកចិត្តទុកដាក់​ឧបត្ថម្ភ គាំទ្រ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា ជាពិសេស​ជួយ​ក្នុង​ចលនា​អូឡាំពិក​។ ម្យ៉ាងវិញទៀត តាមរយៈ​ការសាងសង់​អគារ និង​ទីលាន​ដែល​បម្រើ​ឲ្យ​ចលនា​អូឡាំពិក​ជូន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​អគ្គលេខាធិការ NOCC រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពានរង្វាន់​នេះ​កម្រ​នឹង​ប្រគល់ជូន​ណាស់​ទាល់​តែមាន​លក្ខណពិសេស​ទើប​គេ​បង្កើត​ឲ្យ វា​មិនមែនជា​ពាន​ប្រចាំឆ្នាំ​នោះទេ​។ ជាក់ស្តែង​ដូច​សម្តេច​គាត់​បាន​កសាង​អគារ NOCC ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺ​កម្រ​មាន​ប្រទេស​ណា​ធ្វើ​ដូច្នេះ​ណាស់​។ ម្យ៉ាងវិញទៀត​ដោយសារ​គាត់​យកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ និង​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ជាពិសេស​គេ​វាយតម្លៃ​ខ្ពស់បំផុត​នោះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រគល់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ឲ្យ NOCC កាន់កាប់ នេះ​ជា​ចំណុច​ដែល​មិនមាន​ប្រទេស​ណា​ធ្វើ​ដូច​»​។



​លោក​បាន​បន្តទៀតថា តាមរយៈ​ការទទួលបាន​ពានរង្វាន់​នេះ វា​នឹង​ក្លាយជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុង​ជំរុញ​ទឹកចិត្ត​រាជរដ្ឋាភិបាល​កម្ពុ​ជាយ​ក​ចិត្ត​ទុកដាក់​កាន់តែខ្លាំង​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​។ លើសពីនេះ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន​តាមរយៈ IOC ដូចជា​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ស្គាល់​កម្ពុជា​កាន់​ច្រើន​។

«​កម្ពុជា​នឹង​ទទួលបាន​ច្រើន​ពី​វា ទី​១​គេ​នឹង​ប្រកាស​ពី​ពានរង្វាន់​នេះ​នៅ IOC ឲ្យ​ប្រទេស​ដែលជា​សមាជិក IOC បានដឹង​ទាំងអស់​ធ្វើ​ឲ្យ​គេ​វាយ​ខ្ពស់​ពី​កម្ពុជា​។ អ៊ីចឹង​វា​ធ្វើ​យើង​មានមុខ​មាន​មាត់​នៅក្នុង​ចលនា​អូឡាំពិក​អន្តរជាតិ​។ ថ្ងៃក្រោយ​បើ​យើង​ចង់​ក្លាយ​សមាជិក​ប្រតិបត្តិ​របស់ IOC គឺ​យើង​មាន​អត្ថិភាព​»​។ នេះ​ជា​ប្រសាសន៍​លោក វ៉ា​ត់ ចំរើន​។ 

​បើ​យោងតាម លោក វ៉ា​ត់ ចំរើន ពានរង្វាន់ ICO President’s Trophy ដែល​ឆ្លាក់​រូបលោក​ដែលជា​ស្ថា​និក​អូឡាំពិក​ទំនើប​នេះ ដែល​បាន​ប្រគល់ជូន​សម្តេច ហ៊ុន សែន វា​លើក​ទី​១​ក្នុង​ពិភពលោក ទោះបី​ពានរង្វាន់​នេះ​ត្រូវបាន​ប្រគល់ជូន​ប្រទេស​ដទៃ​ប្រមាណ​ជា​៦​ទៅ​៧​លើក​ក៏ដោយ​។ ហើយ​ការ​ប្រគល់ជូន​នេះ​គឺ​ឆ្លងកាត់​តាម​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​៕


Tag:
 ហ៊ុន សែន​
  IOC President’s Trophy
© រក្សាសិទ្ធិដោយ thmeythmey.com