ព័ត៍មានសុខភាព
កត្តា ៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​កើត​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​មិនចេះ​ដាច់​សោះ​
13, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​មាន​ពីរ​ប្រភេទ ដែល​មួយ​ប្រភេទ​គឺជា​ការកើត​ដំបៅ​នៅ​ពោះវៀនតូច​ត្រង់​ផ្នែក​ខាងលើ​គេ និង​មួយទៀត​គឺ​ដំបៅ​នៅ​ក្រពះ​តែម្តង ដែល​ស្ថិតនៅ​ខាងលើ​គេ​ដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន តែងតែ​កើតមាន​ជា​ញឹកញាប់​លើ​ប្រជាជន​ខ្មែរ​យើង ហើយក៏​ព្យាបាល​មិន​ងាយ​ជា​ដែរ ព្រោះតែ​ពួកគេ​កំពុង​តែមាន​កត្តា​ប្រឈមមុខ​ទាំងបី​នេះ​ជាប់​ខ្លួន​៖



​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់​ជាប្រចាំ​

​ថ្នាំ​ប្រភេទ​អាស្ពីរីន​, Nonsteroidal Anti-inflammatory Drugs និង​ថ្នាំ​គ្មាន​វេជ្ជបញ្ជា អាច​បណ្តាល​ឲ្យ​ភ្នាស​របស់​ក្រពះ​ទៅជា​រលាក ជាពិសេស​នៅពេល​លេប​ជាប្រចាំ​។ សម្រាប់​អ្នក​ដែល​ងាយ​នឹងមាន​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន គឺជា​មនុ​ស្សវ័យ​ចំណាស់​ដែល​កំពុងតែ​ប្រើ​ថ្នាំលេប​ជា​ញឹកញាប់​។​

​បាក់តេរី​
​បាក់តេរី H. pylori ក៏​អាចជា​ដើមហេតុ​ដ៏​ចំបង​មួយ​នៅពេល​និយាយ​ដល់​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​ដែរ​។ ថ្វីបើ​រឿងនេះ​នៅតែ​មិនទាន់មាន​ការយល់​ច្បាស់​ពី​របៀប​ដែល​បាក់តេរី​នេះ​ចូលក្នុង​ខ្លួន​យើង​ក៏ដោយ​តែ​វា​អាច​បណ្តាល​ឲ្យ​មានការ​រលាក​ក្នុង​ភ្នាស​ក្រពះ រហូតដល់​កើតជា​ដំបៅ​បាន​។​

​គ្រឿង​ស្រវឹង​

​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ជា​កត្តា​មួយ​ផ្សេងទៀត​ធ្វើ​ឲ្យ​កើតជា​ដំបៅ​ក្នុង​ក្រពះ​ពោះវៀន​ដែរ​។ បើសិនជា​អ្នកជា​មនុស្ស​ញ៉ាំ​គ្រឿង​ស្រវឹង​ជាប្រចាំ អ្នក​ពិតជា​កំពុងតែ​ដាក់​ខ្លួនឯង​ចូលទៅក្នុង​ការប្រឈមមុខ​ខ្ពស់​នឹង​បំ​ផ្លា​ក្រពះ​ហើយ​។​

​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន អាច​បណ្តាល​ឲ្យ​មានការ​ឈឺចាប់ និង​មិនមាន​ផាសុកភាព​ក្នុង​ពោះ​ជាពិសេស​នៅពេល​វា​ទៅជា​ធ្ងន់ធ្ងរ ឬ​នៅពេល​ចាប់ផ្តើម​ហូរឈាម​។ តាមរយៈ​ការកាត់បន្ថយ​ការជក់បារី និង​ទម្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង ព្រមទាំង​មាន​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ទៀត​នោះ វា​ពិតជា​អាចជួយ​បង្ការ​កុំ​ឲ្យ​ដំបៅ​កើតមាន​ក្នុង​ក្រពះ​ពោះវៀន​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com