ពីនេះ ពីនោះ
វចនានុក្រម​៖ ពាក្យ​ថា​«​រួមរក្ស​» មិនមែន​មានន័យថា រួមភេទ នោះទេ​!
30, Jan 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បទ​ចម្រៀង​ទាំង​បុរាណ និង​សម័យ​ជាច្រើន​បទ តែងតែ​បញ្ចូល​ពាក្យ​ថា «​រួមរក្ស​» ទៅក្នុង​សំណេរ​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​មហាជន តែងតែ​យល់ថា ពាក្យ​នេះ ស្មើនឹង​ពាក្យ​ថា​«​រួមភេទ​»​។  ប៉ុន្តែ តាមពិត ពាក្យ​ថា​«​រួមរក្ស​» មិន​មានន័យ​ដូច្នោះ​ឡើយ​។

   
​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖
​ពាក្យ​ថា​«​រួមរក្ស​» ឬ «​រក្សា ឬ រួមគ្នា​រក្សា ឬ ជួយ​រក្សា​គ្នា​» មានន័យថា រួមសុខទុក្ខ រួមចិត្ត​គំនិត​ទទួល​សុខទុក្ខ​ផង​គ្នា​។ ឧទាហរណ៍​៖ បទ​៖«​លា​ហើយ​កម្ពុជា​» ដែលជា​ព្រះរាជ​និពន្ធ​របស់​សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​ខ្មែរ​។ លា​ហើយ កម្ពុជា​អើយ សូម​លា​ដោយ​អាឡោះអាល័យ​។ ចិត្ត​ខ្ញុំ រៀងរាប​រាល់ថ្ងៃ សូម​ភ្ជាប់​និស្ស័យ និង​អ្នក​ដរាប​។ ពេលមុន យើង​ធ្លាប់​រួមរស់ រួមទុក្ខ រួមសុខ ជាមួយគ្នា​។ ឥឡូវ ទោះបីជា​យ៉ាងណា ខ្ញុំ​សូម​សច្ចា ស្មោះត្រង់​និង​អ្នក​។ នៅ​ឆ្ងាយ ខ្ញុំ​គ្មាន​ណាយ ចំពោះ​ខ្លួន​អ្នក​សោះឡើយ​។ ស្នេហា ខ្ញុំ​គ្មាន​ស្បើយ ព្រោះ​អ្នកជា​មាតុភូមិ​ខ្ញុំ​។ លុះត្រា ខ្ញុំ​ក្ស័​ណ​ជីវ៉ា ខ្ញុំ​សូម​បម្រើ​ការពារ​អ្នក បម្រើ​ដ៏​សែន​ស្មោះស្ម័គ្រ រួមរក្ស​និង​អ្នក លុះ​អវសាន​[…]​។           

​ចំណែក​ពាក្យ​មួយទៀត ក៏មាន​សូរដូច​គ្នា​នឹង​ពាក្យ​ខាងលើ​ដែរ ប៉ុន្តែ វា​មានន័យ​ខុសគ្នា​។
​ពាក្យ​ថា «​រួមរ័ក​» មានន័យថា រួម​ស្រឡាញ់ ដែល​ចង់​សំដៅ​ចំពោះ​ការរួម​ស្នេហា រវាង បុរស​និង​ស្ត្រី​។ ពាក្យ រួមរ័ក គេ​ប្រើ​ភាគច្រើន គឺ​សំដៅលើ​ការរួម​ភេទ​៕   


Tag:
 រួមរ័ក​
 ​ រួមរក្ស
© រក្សាសិទ្ធិដោយ thmeythmey.com