ជាតិ
សង្គមជាតិ
EDC ផ្តើមបញ្ជូនអគ្គិសនីពីភ្នំពេញទៅខេត្តព្រៃវែង និងស្វាយរៀង រូបថតអាជ្ញាធរអគ្គិសនីកម្ពុជា
×
ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានសាកល្បងដំណើរការខ្សែបណ្តាញបញ្ជូនអគ្គិសនីពីភ្នំពេញទៅអនុស្ថានីយខេត្តព្រៃវែង និងស្វាយរៀង នៅថ្ងៃទី២៧ ខែមករានេះ។ នេះបើតាមអាជ្ញាធរជាតិអគ្គិសនីកម្ពុជា។
អាជ្ញាធរជាតិអគ្គិសនី បានជូនដំណឹង នៅថ្ងៃនេះថា EDC បានផ្តើមដំណើរការខ្សែបណ្តាញបញ្ជូនអគ្គិសនីធុនធំពីភ្នំពេញទៅអនុស្ថានីយកំពង់សឹង្គ ខេត្តព្រៃវែង និងអនុស្ថានីយច្រកម្ទេស ខេត្តស្វាយរៀង ក្នុងគោលបំណងបំពេញបន្ថែមលើថាមពលអគ្គិសនីដែលនាំចូលពីវៀតណាមដែលខ្វះខាត កន្លងមក។
«ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ ឥឡូវរួចរាល់ជាស្ថាពរហើយ អគ្គិសនីកម្ពុជាចាប់ផ្តើមធ្វើតេស្តដាក់ភ្លើងចូលខ្សែ និងបរិក្ខាផ្សេងៗទៀត រួចប៉ុន្មានអាទិត្យទៀតនឹងអាចដាក់ឲ្យដំណើរការ»។ អាជ្ញាធរជាតិ អគ្គិសនីកម្ពុជា ជូនដំណឹងតាមហ្វេសប៊ុក។
អាជ្ញាធរជាតិអគ្គិសនីកម្ពុជា បញ្ជាក់ថា អគ្គិសនីក្នុងតំបន់ខេត្តទាំងពីរនឹងឈប់ដាច់ញឹកញាប់ ហើយវាអាចពង្រីកបណ្តាញជូនអ្នកដែលមិនទាន់មានអគ្គិសនីប្រកបដោយគុណភាពដូចភ្នំពេញ រីឯតម្លៃអគ្គិសនី នឹងធ្លាក់ថ្លៃដូចតំបន់ប្រភពបណ្តាញជាតិនានាដែរ។
លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា ពលរដ្ឋកម្ពុជាយ៉ាងហោច៨០ភាគរយ នឹងមានអគ្គិសនីប្រើប្រាស់គ្រប់ផ្ទះត្រឹមឆ្នាំ២០៣០៕
Tag:
អគ្គិសនី
ព្រៃវែង
ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com