ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទទួលបាន​ឥណទាន​សម្បទាន​ជាង ៤០០​លាន​ដុល្លារ​បន្ថែម​ពី​កូរ៉េខាងត្បូង​
31, Jan 2017 , 10:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បន្ត​ផ្ដល់​កម្ចីសម្បទាន​ជាង ៤០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់ក​ម្ពុ​ជា ដើម្បី​ប្រើប្រាស់​លើ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​សុខមាលភាព​ប្រជាជន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៣១​ខែមករា​។



​ឯកសារ​ផ្ដល់​ឥណទាន​សម្បទាន​ចំនួន​ពីរ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក គីម វ៉ន​ជីន ឯកអគ្គរដ្ឋទូត​សាធារណ​កូរ៉េ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៣១​ខែមករា​។ ឯកសារ​ទី​១ និយាយ​ពី​កិច្ច​សម្រួល​ក្របខណ្ឌ​ផ្ដល់​ឥណទាន​សម្បទាន​នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ដែលមាន​ទឹកប្រាក់​ចំនួន ៣៥០​លាន​ដុល្លារ​។ និង​ឯកសា​ទី​២ លើកឡើង​ពី​កិច្ច​សម្រួល​ផ្ដល់​ឥណទាន​សម្បទា​នស​ម្រា​ប់​គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៤៨ នៃ​ខេត្តកោះកុង ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ៦៧​លាន​ដុល្លារ​។​



​លោក ប្រាក់ សុខុន បាន​ថ្លែង​នៅក្នុង​ពី​ធី​ចុះហត្ថលេខា​ខាងលើ​នោះ​ថា មូលនិធិ​កិច្ច​សម្រួល​ក្របខណ្ឌ​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​គម្រោង​អាទិភាព​នានា លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ សុខភាព ផ្លូវ​ជនបទ និង​ប្រព័ន្ធ​លូបង្ហូរទឹក​។ លោក​បន្ថែមថា កិច្ច​សម្រួល​ក្របខណ្ឌ​នេះ ស្របគ្នា​យ៉ាង​ល្អ​នឹង​វិស័យ​អាទិភាព​នានា​របស់​រដ្ឋាភិបាល​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ។​

​ប្រាក់កម្ចី​របស់​រដ្ឋាភិបាល​កូរ៉េ​ដល់​កម្ពុជា សម្រាប់​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ នេះ​មាន​កំណើន​លើស​ពីរដង​ពី​កម្ចី​លើក​មុន ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​២០០​លាន​ដុល្លារ​។ នេះ​បើតាម លោក ប្រាក់ សុខុន ដែល​បញ្ជាក់ទៀតថា ចាប់ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៦ សា​ធារ​ដ្ឋ​កូរ៉េ​បានផ្ដល់​ប្រាក់កម្ចី​ពី​មូលនិធិ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដល់​កម្ពុ​ជាមាន​ចំនួន​ប្រហែល ៥៣៥​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំនួន ១៧ ៕


Tag:
 ប្រាក់ សុខុន​
  កូរ៉េ​
  ឥណទាន​សម្បទាន​
© រក្សាសិទ្ធិដោយ thmeythmey.com