ជាតិ
អ្នកទិញ​អាច​ទទួល​បណ្ណ​សម្គាល់​យានយន្ត និង​ស្លាក​លេខ​នៅ​ហាង​ដែល​ខ្លួន​ចូល​ទិញ​តែម្ដង
01, Feb 2017 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចាប់ពីពេលនេះ​តទៅ ហាង​លក់​ទោចក្រយានយន្ត (​ម៉ូតូ​) និង​រថយន្ត នឹង​ជួយ​រៀបចំ​បែបបទ​ឲ្យ​អតិថិជន​របស់ខ្លួន​ទទួលបាន​បណ្ណ​សម្គាល់​យានយន្ត និង​ស្លាក​លេខ នៅ​នឹង​ហាង​របស់ខ្លួន​តែម្ដង​។



​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៣០​ខែមករា បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​តាម​អន​ឡាញ ដើម្បី​បង្ករ​ភាពងាយស្រួល​ដល់​ម្ចាស់​យានយន្ត​។

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ ត្រូវបាន​ត​ភ្ជាប់​ទៅ​ហាង​លក់​ម៉ូតូ និង​រថយន្ត ដើម្បី​អាច​ចេញ​បណ្ណ​សម្គាល់ និង​ស្លាក​លេខ​យានយន្ត ជូន​អ្នកទិញ​ភ្លាមៗ​នឹង​នៅ​ហាង​តែម្ដង​។ លោក​បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​លើ​សេវាសាធារណៈ​របស់​ក្រសួង​សាធារណការ​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​មួយ​ឆ្នាំមាន​ម៉ូតូ​ចុះបញ្ជី​ជិត​កន្លះ​លាន បើ​យើង​ធ្វើ​ប្រព័ន្ធ​ដែល​ធ្វើ​ដោយ​ដៃ យើង​មិនអាច​ធ្វើបាន​លឿន​ទេ​។ យើង​ធ្វើ​ប្រព័ន្ធ​នេះ (​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​) ហើយ យើង​ត​ភ្ជាប់​ប្រព័ន្ធ​ថ្មី​នេះ​ទៅនឹង​ហាង​លក់​ម៉ូតូ រថយន្ត ហើយ​ហាង​នោះ​ទៅជា​ភ្នាក់ងារ​របស់​យើង​អាច​ផ្ដល់​សេវា​នេះ​ទាន់ពេលវេលា ផ្ដល់​បណ្ណ​សម្គាល់​យានជំនិះ និង​ស្លាក​លេខ​ម៉ូតូ​ផង ដូច្នេះ​លឿន​ណាស់ មិនបាច់​រង់ចាំ​រាប់​ថ្ងៃ រាប់​ខែ​នោះទេ​»​។

​កាលពី​ខែធ្នូ​ឆ្នាំ​២០១៦ កន្លងទៅ លោក ស៊ុន ចាន់ថុល បានលើកឡើង​ពី​គម្រោង​ផ្ដល់​បណ្ណ​សម្គាល់​យានយន្ត និង​ស្លាក​លេខ នៅ​នឹង​ហាង​លក់​ម៉ូតូ និង​រថយន្ត​ទូទាំងប្រទេស​នេះ​។ លោក​បាន​ឲ្យ​ដឹងថា ហាង​លក់​ម៉ូតូ​ត្រូវបញ្ជូន​ព័​ត៌មាន​របស់​អ្នកទិញ​ម៉ូតូ​តាម​ប្រព័ន្ធ​អន​ឡាញ​ទៅ​ក្រសួង​សាធារណការ រួច​ក្រសួង បន្ទាប់ពី​ពិនិត្យថា​ត្រឹមត្រូវ​ហើយ នឹង​បញ្ជូន​លេខ​កូដ​សម្ងាត់ QR កូដ ទៅ​ហាង​លក់​ម៉ូតូ​វិញ ទើប​ហាង​អាច​បោះ​បណ្ណ​សម្គាល់​យានយន្ត និង​ចាប់​ស្លាក​លេខ​ជូន​អតិថិជន​។

​អ្នកទិញ​យានជំនិះ ត្រូវ​បង់ថ្លៃ​សេវាសាធារណៈ​ចំពោះ​បណ្ណ​សម្គាល់​យានយន្ត និង​ស្លាក​លេខ​ទាំងនោះ​។ លោក ស៊ុន ចាន់ថុល បានលើកឡើង​បែបនេះ នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧  របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕


Tag:
 ស៊ុន ចាន់ថុល​
  ស្លាក​លេខ​
  បណ្ណ​សម្គាល់​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com