អន្តរជាតិ
កងទ័ព​ហ្វីលីពីន​រង់ចាំ​បញ្ជា​ពី Duterte ដើម្បី​ចាប់​ប៉ូលិស​ពុករលួយ​
01, Feb 2017 , 7:19 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​ថ្ងៃទី​៣១ ខែមករា បាន​និយាយថា លោក​នឹង​បញ្ជា​ឲ្យ​កងកម្លាំង​យោធា​ហ្វីលីពីន ធ្វើ​ប្រតិបត្តិ​ការចាប់ខ្លួន​មន្ត្រីប៉ូលិស​ពុករលួយ​ក្នុងពេល​ឆាប់ៗ​នេះ​។ ការបញ្ចូល​កងទ័ព​ម​ក​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​អំពើពុករលួយ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​រដ្ឋបាល​លោក Duterte ក្នុងការ​កែទម្រង់​ស្ថាប័ន​ប៉ូលិស​។ នៅពេលនេះ រដ្ឋមន្ត្រី​ការពារជាតិ​បញ្ជាក់ថា កងទ័ព​កំពុង​រង់ចាំ​បញ្ជា​ជា​លាយលក្ខណ៍អក្សរ ដើម្បី​អនុវត្ត​បញ្ជា​លោក Duterte ។​


 
​នៅ​ថ្ងៃទី​១ ខែ​កុ​ម្ភះ រដ្ឋមន្ត្រី​ការពារជាតិ Delfin Lorenzana ក៏បាន​ស្នើ​ឲ្យ​វិមាន​ប្រធានាធិបតី Malacañang សរសេរ​លិខិត​បញ្ជា​ផ្លូវការ ដើម្បី​ឲ្យ​កងទ័ព​ធ្វើជា​លិ​ខិ​តូ​បក​រណ៍​ផ្លូវច្បាប់​ក្នុងការ​អនុវត្ត​ការណែនាំ​របស់លោក​ប្រធានាធិបតី Duterte ។ តាមរយៈ​សេចក្ដីប្រកាស​ថ្ងៃទី​១ នេះ លោក Lorenzana បញ្ជាក់ថា​៖ «​ក្រសួងការពារជាតិ បានស្នើ​ការិយាល័យ​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​គណៈរដ្ឋមន្ត្រី ឲ្យ​ចេញ​បញ្ជា​ផ្លូវ​ការទាក់ទង​នឹង​បទបញ្ជា​របស់លោក Duterte ដើម្បី​កងទ័ព​អនុវត្តតាម​។​»

​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន ស្នើ​ដូចនេះ បន្ទាប់ពី​លោក Duterte ត្រៀម​កោះហៅ​យោធា​ឲ្យ​ចូលរួម​ក្នុងការ​សម្អាត​អំពើពុករលួយ​របស់​ប៉ូលិស​។ ទំនុកចិត្ត​របស់​ប្រធានាធិបតី Rodrigo Duterte លើ​អង្គភាព​ប៉ូលិស​កាន់​ថយចុះ​ទៅហើយ ក្រោយ​ការចាប់​ជំរិត និង​សម្លាប់​អ្នកជំនួញ​កូរ៉េខាងត្បូង​រួចមក​។ លោក​ប្រធានាធិបតី Duterte បាន​បញ្ជា​ឲ្យ​រំលាយ​អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់​ប៉ូលិស និង​ងាក​មក​បោសសម្អាត​អំពើពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​ស្ថាប័ន​នេះ​វិញ​ម្ដង​។

​ថ្លែង​នៅក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ម​ន្ត្រី​យោធា​ជាច្រើន​នាក់​នៅ​ថ្ងៃទី​៣១ ខែមករា ប្រធានាធិបតី​រូបនេះ​បញ្ជាក់ថា លោក​នឹង​រៀបចំ​កងកម្លាំង​ប៉ូលិស​ឡើងវិញ​។ ក្នុង​ពេលនេះ នឹងមាន​មន្ត្រីប៉ូលិស​ជាច្រើន ត្រូវបាន​ចាប់ខ្លួន ហើយ​លោក​នឹង​បញ្ជា​ឲ្យ​កងទ័ព​ចាប់ខ្លួន​ពួកគេ​តែម្ដង​។ លោក Duterte ប្រហែលជា​ខកចិត្ត​ខ្លាំង​លើ​អង្គភាព​ប៉ូលិស ដែល​កំពុង​រួមរឹត​ដោយ​រឿងអាស្រូវ បើទោះជា​ប៉ូលិស​ដើរតួ​សំខាន់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ក៏ដោយ​។​

​សារព័ត៌មាន Rappler ផ្សាយ​ថា ទាក់ទង​នឹង​ការហៅ​យោធា​ឲ្យ​ចាប់ខ្លួន​ប៉ូលិស លោក​ប្រធានាធិបតី Duterte សង្កត់ធ្ងន់ថា ប្រសិនបើ​លោក​មិន​ឲ្យ​កងទ័ព​ចូលមក​ពាក់ព័ន្ធ​រឿងនេះ​ទេ លោក​នឹង​ស្លាប់ ព្រោះ​គ្មាន​នរណា​ត្រួតពិនិត្យ​ប៉ូលិស​ខិលខូច​បានឡើយ​។​

​ជា​ប្រពៃណី កងទ័ព​ហ្វីលីពីន មិនមាន​តួនាទី​អ្វី​ក្នុងការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន​ឡើយ ហើយ​ភារកិច្ច​នេះ ជា​បន្ទុករ​របស់​ប៉ូលិស​ជាតិ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយ​ការចាប់​ជំរិត និង​ធ្វើឃាត​ពាណិជ្ជករ​កូរ៉េខាងត្បូង លោក Duterte ហាក់​អស់ជំនឿ​ចិត្ត​លើ​ស្ថាប័ន​នេះ​យ៉ាងខ្លាំង​។ ទាក់ទង​រឿងនេះ​ដែរ ទីប្រឹក្សា​សន្តិសុខ​ជាតិ Hermogenes Esperon Jr បញ្ជាក់ដែរថា វា​មានលទ្ធភាព​ច្រើន​ដែល​អង្គភាព​ទ័ព​ចូលរួម​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្រោម​ការដឹកនាំ​របស់​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​៕


Tag:
 Rodrigo Duterte
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com