ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម​ទុកពេល២០ថ្ងៃ​ទៀត ដល់​អ្នក​ចង់​នាំចេញ​អង្ករ និង​ថ្នាំជក់​រួច​ពន្ធ ទៅ​វៀតណាម
01, Feb 2017 , 10:39 pm        
រូបភាព
រូបសន្លឹកថ្នាំជក់ ពីវេបសាយក្រសួងពាណិជ្ជកម្ម
រូបសន្លឹកថ្នាំជក់ ពីវេបសាយក្រសួងពាណិជ្ជកម្ម
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​ប្រកាស​ពន្យា​ពេល​ចំពោះ​ការដាក់​ពាក្យសុំ​នាំចេញ​អង្ករ និង​សន្លឹក​ថ្នាំជក់​ស្ងួត​ទៅ​ប្រទេស​វៀតណាម ដល់​ថ្ងៃទី២០ខែកុម្ភៈ​ឆ្នាំ២០១៧ ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង នៅ​ថ្ងៃទី១ខែកុម្ភៈ។


 
នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​ផលិតករ និង​អ្នក​នាំចេញ ដែល​ប្រកប​អាជីវកម្ម​លើ​មុខទំនិញ​សន្លឹក​ថ្នាំជក់ និង​អង្ករ ត្រូវ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ​នាំចេញ​មុខទំនិញ​ខាងលើ នៅ​ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាន​នាំចេញ-ចូល) ។
 
ការនាំចេញ​មុខទំនិញ​ទាំងនេះ គឺ​ស្ថិតក្រោម​ក្របខណ្ឌ​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ដែល​ភាគី​ទាំងពីរ​បាន​ចុះ​កិច្ចព្រមព្រៀង កាលពី​ខែតុលា​ឆ្នាំ២០១៦ កន្លងទៅ។  តាមរយៈ​កិច្ចព្រមព្រៀង​នេះ ភាគី​កម្ពុជា​ព្រម​ផ្ដល់​ការអនុគ្រោះ​ពន្ធ​ដល់​ភាគី​វៀតណាម​លើ​មុខទំនិញ ២៩បន្ទាត់​ពន្ធ ឯ​ភាគី​វៀតណាម​ផ្ដល់​ការអនុគ្រោះ​ពន្ធ​លើ​មុខទំនិញ ៣៩បន្ទាត់​ពន្ធ​ដល់​កម្ពុជា។ ជាមួយគ្នា​នោះ​ភាគី​វៀតណាម​អនុញ្ញាត​ឲ្យ​នាំចូល​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ ៣០ម៉ឺន​តោន និង​សន្លឹក​ថ្នាំជក់​ស្ងួត​ចំនួន ៣០០០តោន ក្នុង​អត្រាពន្ធ​សូន្យ​នៅក្នុង​ឆ្នាំ២០១៧ ៕
 

Tag:
 អង្ករ
  ថ្នាំជក់
  អនុគ្រោះ​ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com