កីឡាជាតិ
ជាតិ
ថ្នាក់ដឹកនាំ​កីឡា​ទោចក្រយាន​ប្តេជ្ញា​ធ្វើកំណែទម្រង់ ប៉ុន្តែ​ស្នើ​ឲ្យ​សមាជិក​កុំ​អាក់អន់ចិត្ត​
03, Feb 2017 , 8:39 am        
រូបភាព
កីឡាទោចក្រយាន
កីឡាទោចក្រយាន
ដោយ:
​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ទោចក្រយាន​កាលពីពេល​ថ្មីៗ​កន្លងទៅ បានប្រកាស​នៅមុខ​សមាជិក​ប្រតិបត្តិ​ក្នុង​អង្គ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៣​បន្ត​អាណត្តិ​ទី​៤​ថា នឹង​ធ្វើការ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​អាណត្តិ​នេះ​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​នេះ​ស្នើ​ឲ្យ​សមាជិក​ទាំងអស់​ចូលរួម​សហការ និង​កុំ​ឲ្យ​មានការ​អាក់អន់ស្រពន់ចិត្ត​។ ការស្នើ​ដូច្នេះ​ដោយសារ​ការ​កំណែទម្រង់​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​សតិអារម្មណ៍​។​



​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​លោក នុត សាអាន បាន​ប្តេជ្ញា​ថា នឹង​ធ្វើការ​កំណែទម្រង់​ឲ្យ​កាន់​ស៊ីជម្រៅ​ក្នុង​អាណត្តិ​ទី​៤​ពី​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០២០​។ ប៉ុន្តែ​ដើម្បី​ឲ្យ​ការ​កំណែទម្រង់​ប្រកបដោយ​ប្រិ​សិទ្ធ​ភាព និង​ទទួលបាន​លទ្ធផល​ល្អ លោក​បាន​ជំរុញ​ឲ្យ​សមាជិក​ប្រតិបត្តិ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ក្នុងការ​ធ្វើកំណែទម្រង់ ជាពិសេស​ត្រូវ​ហ៊ាន​ប្រឈម​នឹង​បញ្ហា ព្រោះ​ការ​កំណែទម្រង់​អាច​ប៉ះពាល់​ដល់​ប្រយោជន៍ និង​សតិអារម្មណ៍​។

«​ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​នៃ​ការ​កំណែទម្រង់​របស់​ស​ហ​ព័ន្ធ​យើង ខ្ញុំ​សូម​ស្នើ​ឲ្យ​សមាជិក​-​សមាជិកា​ប្រតិបត្តិ​ទាំងអស់​កុំ​អាក់អន់ស្រពន់ចិត្ត​ក្នុង​ប្រការ​ណាមួយ ព្រោះ​ការធ្វើកំណែទម្រង់​តិច ឬ​ច្រើន​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​សតិអារម្មណ៍​ខ្លះ​ហើយ តែ​គោលបំណង​នៃ​ការ​កំណែទម្រង់​គឺ​ស្វែងរក​គុណភាព​ឲ្យ​កាន់តែ​ល្អ​»​។ នេះ​ជា​ប្រសាសន៍​របស់ លោក នុត សាអាន​។

​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ចាត់​ទុ​ការ​កំណែទម្រង់​ក្នុង​វិស័យ​កីឡា​ជា​រឿង​មួយ​ដ៏​លំបាក ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាច់ញាតិ និង​ក្រុមគ្រួសារ​។ លោក​បញ្ជាក់ថា​៖«​ការ​ទម្រង់​ក្នុង​វិស័យ​កីឡា​របស់​យើង​គឺ​មិនមែន​ងាយស្រួល​នោះឡើយ ព្រោះ​ការកែទម្រង់​ខ្លះ​អាច​ប៉ះចំ​ផលប្រយោជន៍​គេ ប៉ះចំ​សាច់ញាតិ​គេ និង​ការកែទម្រង់​ខ្លះ​ប៉ះចំ​គ្រួសារ​គេ​»​។

​គួររំលឹកថា កាលពីពេល​កន្លងទៅ​ថ្មីៗ សហព័ន្ធ​កីឡា​ទោចក្រយាន បានរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៣ និង​ដាក់​ទិសដៅ​អាណត្តិ​ទី​៤​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។ លោក នុត សាអាន  បានចាត់ទុក​អង្គ​មហាសន្និបាត​នេះ ជា​របត់​ថ្មី​ដែល​ស្របតាម​គោលការណ៍​កំណែទម្រង់​ស៊ីជម្រៅ​របស់ NOCC និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បានកំណត់​យក​៤​ឆ្នាំ​ខាង​មុននេះ​ជា​ឆ្នាំ​បញ្ជាក់​ពី​ជោគជ័យ​របស់​កម្ពុជា​។

​លោក​បាន​បន្តទៀតថា តាមរយៈ​អង្គ​មហាសន្និបាទ​នេះ​លោក​រំពឹងថា វា​នឹង​ក្លាយជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ជំរុញ និង​ពង្រឹង​ផ្នែក​រដ្ឋបាល​កីឡា និង​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ជាពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​តាមរយៈ​ការបោះឆ្នោត​ដោយ​សម្ងាត់​របស់​តំណាង​ក្លិប​-​សមាគម​ដែលជា​សមាជិក​របស់​ស​ហ​ព័ន្ធ​កីឡា​ទោចក្រយាន​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​២៦ ខែមករា​ក្នុងនោះ លោក នុត សាអាន បន្ត​ធ្វើជា​ប្រធាន​, លោក វ៉ាន់ ថន ឡើងជា​អនុប្រធាន​ទី​១, លោក ញឹម ខេមរា និង​លោក ត្រាក់ ថៃសៀង ជា​អនុប្រធាន​។ ចំណែក​លោក​ឧកញ៉ា វង្ស ខាន់​ពៅ ជា​អគ្គលេខាធិការ​, លោក ព្យែ​រ អ៊ីវ​កា​ទ្រី ជា​អគ្គលេខាធិការរង និង​កញ្ញា តៃ លីដា ជា​អគ្គ​ហេរញ្ញិក​៕  


Tag:
 ទោចក្រយាន​
  នុត សាអាន​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com