ជាតិ
សាលា​រាជធានី អនុញ្ញាត​ឲ្យ​បារាំង​សង់​ស្តូប​រម្លឹក​ពី​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​
03, Feb 2017 , 9:59 pm        
រូបភាព
លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជ​ធានីភ្នំពេញ
លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជ​ធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ អង្គការក្រៅរដ្ឋាភិបាល​បារាំង សហការ​ជាមួយ​សាលាក្តី​ខ្មែរក្រហម និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បានស្នើ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​សង់​ស្តូប​រម្លឹក​អនុស្សាវរីយ៍​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម នាពេល​ខាងមុខនេះ​។​



​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឯកភាព ឲ្យ​ពួកគេ​សង់​ស្តូប​រម្លឹក​អនុស្សាវរីយ៍​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​នោះ ក្នុង​បរិវេណ​សួនច្បារ​ទល់មុខ​ស្ថានទូត​បារាំង​រួចរាល់​ហើយ​ដើម្បី​បង្ហាញ​ពី​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​កាលពី​ឆ្នាំ​១៩៧៥​។​

​លោក​បាន​ឲ្យ​ដឹងថា ផ្អែក​តាម​ប្លង់​បច្ចេកទេស​កំណត់​នោះ បារាំង​នឹង​សង់​រូបសំណាក​តំណាង​ប្រជាជន​ខ្មែរ ម្នាក់ ពិសេស​គឺ កុមារ និង​ស្ត្រី​រងគ្រោះ​កម្ពស់​ជាង ២​ម៉ែត្រ​ពី​លោហៈធាតុ​តាម​រចនាប័ទ្ម​ខ្មែរ ហើយ​ចារ​អក្ស​ខ្មែរ ដែល​បកស្រាយ​ពី​ការប្រើ​ហិង្សា និង​ការជម្លៀស​ដោយ​បង្ខំ​ក្នុង​របប ប៉ុល ពត​។ ប៉ុន្តែ​លោក ភក្តី នៅ​ពុំទាន់​ដឹង​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​សម្រាប់​សាងសង់​ស្តូប​នេះ​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​ឯកភាពគ្នា​ឲ្យ​សង់​ស្តូប​នេះ​ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​ស្វែងយល់​ពី​ការពិត​ក្នុង​របប​ខ្មែរក្រហម កាលពី​ថ្ងៃទី​១៧​ខែមេសា ឆ្នាំ​១៩៧៥​ថែមទៀត​»​។​

​គួររម្លឹកថា កាលពី​សម័យ​សង្គមរាស្ត្រនិយម សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បាន​ឲ្យ​សង់​ស្តូប​អនុស្សាវរីយ៍​«​រូប​ពីរ​» ស្ថិតនៅ​គល់ស្ពាន​មិត្តភាព​ខ្មែរ​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​) ម្តុំ​មុខ​ទូត​បារាំង​សព្វថ្ងៃ​នេះដែរ ដើម្បី​រម្លឹក​វីរៈភាព​ក​ង​ទ័ពបារាំង​និង​ខ្មែរ ដែល​បាន​ពលី​ជីវិត​ក្នុង​សមរភូមិ អំឡុង​សង្គ្រាមលោក​លើកទីមួយ ។ ប៉ុន្តែ រូបសំណាក​នោះ ត្រូវបាន​ខ្មែរក្រហម​វាយកម្ទេច​ចោល ហើយ​ក្រោយមក​រដ្ឋាភិបាល​បាន​សង់​សំណាក​រូប​កាំភ្លើង​កួច​ចុង​កាណុង​ដែល​តំណាង​ឲ្យ​ការឈប់​ប្រើ​ហិង្សា​ដោយ​អាវុធ​ជំនួស​វិញ ចាប់ពី​អំឡុង​ទសវត្សរ៍​ទី​៩០ រហូតមកទល់​បច្ចុប្បន្ន​៕


Tag:
 ម៉េ​ត មាស​ភក្តី​
  បារាំង​
  ខ្មែរក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com