ជាតិ
សង្គមជាតិ
សេវារថយន្តក្រុងសាធារណៈនឹងដាក់ដំណើការទៅវិញទៅមកភ្នំពេញ-កំពង់ស្ពឺ ជាលើកដំបូង អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។ រូបថតរដ្ឋបាលខេត្តកំពង់ស្ពឺ
× ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឲ្យដឹងថា អាជ្ញាធរនឹងដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈទៅមកខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ នាពេលខាងមុខ។
អភិបាលខត្តកំពង់ស្ពឺ បានប្រាប់ថា លោកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនមួយរួចរាល់ ដើម្បីឲ្យពួកគេសិក្សាលទ្ធភាពផ្ដល់សេវាដឹកជញ្ជូនតាមរថយន្តក្រុងសម្រាប់ពលរដ្ឋដំណើរពីខេត្តកំពង់ស្ពឺ មករាជធានីភ្នំពេញ ជាលើកដំបូងនេះ។
លោក វ៉ី សំណាង បន្តមានប្រសាសន៍ថា សេវារថយន្តក្រុងនេះ នឹងដាក់ឲ្យដំណើរការលើផ្លូវទូទាំងខេត្តកំពង់ស្ពឺ ប៉ុន្តែសម្រាប់ដំណាក់កាលដំបូងគឺ គេនឹងចាប់ផ្ដើមពីផ្លូវជាតិលេខ៤ រហូតដល់ស្ថានីយ៍ចោមចៅ រួចតភ្ជាប់ជាមួយខ្សែររថយន្តក្រុង របស់សាលារាជធានីភ្នំពេញ។
«សេវារថយន្តក្រុងនេះ នឹងចាប់ផ្តើមដំណើរការដំបូងដោយប្រើប្រាស់ រថយន្តក្រុងចំនួន ២០គ្រឿង ចំណុះជាង ៣០កៅអី ចាប់ពីពីខេត្តកំពង់ស្ពឺ បណ្តោយផ្លូវជាតិលេខ៤ ទៅចោមចៅ នៅចុងខែឧសភា ឆ្នាំ២០១៨»។ លោកអភិបាលបញ្ជាក់ផ្អែកតាមគម្រោងក្រុមហ៊ុន រួចបន្ថែមឲ្យដឹងថា ក្រុមហ៊ុនចិននោះ នឹងបន្តពង្រីកខ្សែររត់តាមផ្លូវជាតិ ៤១-៥១ ទៅផ្លូវជាតិលេខ៤៤ថែមទៀត នៅចុងខែឧសភា ឆ្នាំ២០១៩ តបតម្រូវការទីផ្សារ។
តាមលោក វ៉ី សំណាង សិស្សនិស្សិត ជនពិការ និងមនុស្សចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើងទៅ អាចជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ។ លោកជឿជាក់ថា គម្រោងនេះ នឹងទទួលការគាំទ្រពី ប្រជាជន ព្រោះវាជួយកាត់បន្ថយការចំណាយលើសេវាធ្វើដំណើររបស់ពួកគេ។ ប៉ុន្តែ លោកពុំទាន់ដឹងពីតម្លៃសំបុត្ររថយន្តនោះទេ លោកគ្រាន់តែបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគកំពុងសិក្សាទីផ្សារនៅឡើយ៕
Tag:
វ៉ី សំណាង
ភ្នំពេញ
កំពង់ស្ពឺ
រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com