ជាតិ
ទំនាស់​ដី​ខេត្តកំពត​៖ លោក ខឹម វាសនា ជឿថា សម្ដេច ហ៊ុន សែន នឹង​យល់​ពី​សន្ដាន​ចិត្ត​ស្មោះត្រង់​ខ្លួន​
07, Feb 2017 , 2:26 pm        
រូបភាព
ក្រុមអ្នកគាំទ្រ​គណបក្ស​ LDP នាំគ្នា​ទាមទារឲ្យ​អាជ្ធាធរខេត្តកំពត​ដោះលែង​សកម្មជន​១៣នាក់​របស់ខ្លួន។ រូបថត Ldp Photos
ក្រុមអ្នកគាំទ្រ​គណបក្ស​ LDP នាំគ្នា​ទាមទារឲ្យ​អាជ្ធាធរខេត្តកំពត​ដោះលែង​សកម្មជន​១៣នាក់​របស់ខ្លួន។ រូបថត Ldp Photos
​ភ្នំពេញ​៖ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា យល់ឃើញថា បញ្ហា​ទំនាស់​ដីធ្លី​របស់​សកម្ម​ជន​ខ្លួន នៅ​ខេត្តកំពត​នោះ មិនមែន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះទេ ពោលគឺ​អាជ្ញាធរ​ខេត្តកំពត ចង់​រំលោភ​យក​ដី​សកម្មជន​ខ្លួន​នេះ​តែម្ដង​។ លោក ខឹម វាសនា ថា បញ្ហា​ទំនាស់ដីធ្លីនេះមានតែ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែល​អាចជួយ​ដោះស្រាយបាន ព្រោះ​សម្ដេច​នឹង​យល់​ពី​សន្ដានចិត្ត​ដ៏​ស្មោះត្រង់​របស់ខ្លួន​។​



​សមត្ថកិច្ច​ខេត្តកំពត បាន​ចាប់ខ្លួន​សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​១៣​នាក់ ក្រោម​ហេតុផល​ថា ពួកគេ​បាន​ឈូសឆាយ​ដីធ្លី និង​បំផ្លាញ​ដំណាំ​លើដី​សម្បទាន​សង្គមកិច្ច​ពលរដ្ឋ​ដទៃទៀត ដោយសារ​មានការ​ញុះ​ញ៉​ង​នៅ​ពីក្រោយ​របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ហេតុផល​សមត្ថកិច្ច​នេះ លោក ខឹម វាសនា មិនអាច​ទទួលយកបាន​ឡើយ​។ លោក ថា ករណី​ទំនាស់​ដែល​បាន​កើតឡើង​នេះ គឺ​ដោយសារ​មានការ​ឃុបឃិត​បង្កើត​រឿង​បន្ថែម​ពី​សំណាក់​អាជ្ញាធរ​ខេត្តកំពត ដើម្បី​ប៉ុនប៉ង​យក​ដី​លោក លី គឹមហុង ដែលជា​សកម្មជន​គណ​បក្ស​ខ្លួន ទុក​សម្រាប់​លក់​ឲ្យ​ឈ្មួញ​។

​ត្រង់ចំណុច​នេះ​លោក ខឹម វាសនា ចាត់ទុក​បញ្ហា​ទំនាស់​ដែល​កើតឡើង​នេះ លុះត្រាតែ​មានការ​អន្ត​រាគ​មន៍​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​មានតែ​សម្ដេច​ទេ ដែល​យល់​ពី​សន្តាន​ចិត្ត​ដ៏​ស្មោះត្រង់​របស់លោក​។ ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ទីស្នាក់ការ​បក្ស​កាលពី​ថ្ងៃទី​០៦ កុម្ភៈ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ថា​នេះ​មិនមែនជា​រឿង​នយោបាយ​ទេ សម្ដេច​តេ​ជោ​គាត់​អត់​ដឹង​ទេ បើ​ភូមិ​គាត់​ទុកចិត្ត​ក៏​អ៊ីចឹង បើ​ឃុំ​គាត់​ទុកចិត្ត​ក៏​អ៊ីចឹង …​។ ដូច្នេះ​សម្ដេច​គាត់​មិនមាន​ព័ត៌មាន​មកពីណា​យកទៅ​ធ្វើការ​វិនិច្ឆ័យ​ពិត​។ អ៊ីចឹង​បាន​សេចក្ដីសង្ឃឹម​ចុងក្រោយរ​បស់​ខ្ញុំ ខ្ញុំ​ចេះតែ​ចង់​បើក​បង្ហាញ​សម្ដេចនាយក​គាត់​ដឹង ។ ជាពិសេស​ខ្ញុំ​ជឿថា មិនមែន​តែ​ប្រជាពលរដ្ឋ​ទេ សម្ដេចនាយក​ក៏​គាត់​យល់​អំពី​ស្ថានភាព​ផ្លូវចិត្ត​របស់ខ្ញុំ ច​រិ​ក​លក្ខណៈ​សន្តាន​របស់ខ្ញុំ​ថា ខ្ញុំ​ជាម​នុស្ស​ដែល​ស្មោះត្រង់​។ បើ​រឿងនេះ​មិន​ពិត បើ​រឿងនេះ​មិន​ត្រឹមត្រូវ គឺ​ខ្ញុំ​មិន​ធ្វើ​ទេ​(​លូកដៃ​ចូល​បញ្ហា​នេះ​) នេះ​ជា​តម្លៃ​របស់ខ្ញុំ​»​។​

សូមស្តាប់សំឡេង




​បន្ថែម​ពីលើ​នេះ​លោក ខឹម វាសនា ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មកា​រ​ត្រឹមត្រូវ​មួយ ក្នុង​ការជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​សកម្ម​ជន​ខ្លួន និង​ដោះលែង​អ្នក​ទាំង​១៣​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ផងដែរ​។​អ្នក​ទាំង​១៣​នាក់​នេះ ត្រូវបាន​បញ្ជូនមក​តុលាការ​ខេត្តកំពត​នៅ​ថ្ងៃទី​០៧ កុម្ភៈ​នេះ​។​

​តំបន់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​តេ​ជោ​អភិវឌ្ឍន៍​មាន​ទំហំ​ជាង​១២០០​ហិកតា ដែល​គ្របដណ្ដប់​ទៅលើ​ភូមិ​តេ​ជោ​ក្បាលដំរី និង​ភូមិ​តេ​ជោ​អន្លង់​ក្មេង​លេង​។ បើតាម​អាជ្ញាធរ​ខេត្តកំពត ពលរដ្ឋ​នៅ​ភូមិ​តេ​ជោ​ក្បាលដំរី ត្រូវបាន​បែងចែក​ជា​ពីរ​ក្រុម គឺ​អ្នក​រស់នៅក្នុង និង​ក្រៅ​ដី​សម្បទាន​សង្គមកិច្ច​។ ពលរដ្ឋ​រស់នៅ​ក្រៅ​ដី​សម្បទាន​សង្គមកិច្ច​ជិត​១​ពាន់​គ្រួសារ ទទួលបាន​បណ្ណ​កម្មសិទ្ធិ​រួចរាល់​ហើយ​។ ចំណែក អ្នករស់នៅ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​២០០​គ្រួសារ​ទៀត មិនទាន់​ទទួល​បណ្ណ​កម្មសិទ្ធិ​នៅឡើយ​ទេ ដោយ​អាជ្ញាធរ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួកគេ​។ ដោយឡែក​ដី​លោក លី គឹមហុង សកម្មជន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ កំពុងមាន​វិវាទ​នេះ មាន​ទំហំ​២០​ហិកតា នៅ​តំបន់​តេ​ជោ​ក្បាលដំរី ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ៕


Tag:
 ខឹម វាសនា​
 ​ ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com