ជាតិ
ថៃ​ផ្តល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​
07, Feb 2017 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​អាហារូបករណ៍​ថ្នាក់បណ្ឌិត ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​។ អាហារូបករណ៍​នេះ ផ្ដល់​ដល់​និស្សិត និង​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​



​ក្រសួង​អប់រំ បានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បណ្ឌិត និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ថៃ សម្រាប់​ឆ្នាំ​២០១៧​នេះ​។ អាហារូបករណ៍​នេះ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​គណៈកម្មការ​ឧ​ត្ត​មសិ​ក្សា​នៃ​ក្រសួង​អប់រំ​ថៃ និង​បណ្ដាញ​សាកលវិទ្យាល័យ​អាស៊ាន អឺរ៉ុប (ASEAN European Acaddemic University Network (ASEAN-UNINET) នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន ២២​កន្លែង​ដល់​និស្សិត និង​សាស្ត្រាចារ្យ​មហាវិទ្យាល័យ មកពី​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា​។

​អាហារូបករណ៍​នេះ ផ្ដល់​ដល់​និស្សិត និង​សាស្ត្រាចារ្យ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត (PhD) និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​លើ​មុខជំនាញ វិទ្យាសាស្ត្រ វិស្វកម្ម កសិកម្ម និង​សេដ្ឋកិច្ច នៅតាម​សាកលវិទ្យាល័យ​នានា​នៅក្នុង​ប្រទេស​ថៃ ក្នុង​កម្មវិធី Thailand Scholarship​។​

​លក្ខខណ្ឌ​នៃ​ការចុះឈ្មោះ បេក្ខជន​ទាំងពីរ​ភេទ ត្រូវមាន​សញ្ជាតិ​ខ្មែរ  មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​សម្រាប់​ថ្នាក់បណ្ឌិត​) និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ (​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​)​។ បន្ថែម​លើ​នេះ បេក្ខជន​ទាំងពីរ​ភេទ ត្រូវមាន​អាយុ​៣៥​ឆ្នាំ សម្រាប់​ថ្នាក់បណ្ឌិត និង​អាយុ​២៧​ឆ្នាំ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​ដោយ​គិតដល់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧)​។ ជាមួយគ្នានេះ បេក្ខជន ត្រូវមាន​ចំណេះដឹង​អង់គ្លេស​ជ្រៅជ្រះ និង​មាន​សុខភាព​ល្អ​។​

​បេក្ខជន​ដែលមាន​បំណង​ចូលរួម​កម្មវិធី​អាហារូបករណ៍​នេះ អា​ចរក​ពាក្យសុំ​អាហារូបករណ៍​នៅ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ឬ​ទាញយក​ពី​គេហទំព័រ http: //www.inte.mua.go.th រួច​ផ្ញើ​ទៅ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ឲ្យ​បាន​មុន​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៧​។ អាហារូបករណ៍​នេះ ត្រូវបាន​ភាគី​ផ្ដល់​អាហារូបករណ៍​ផ្ដល់ប្រាក់​អាហារូបករណ៍ និង​ថ្លៃ​ផ្គត់ផ្គង់​អាហារ ការ​ស្នាក់នៅ រ៉ាប់រង​ថ្លៃ​សេវា​សុខភាព និង​សំបុត្រ​យន្តហោះ​ទៅមក​។  ព័ត៌មាន​លម្អិត​ទាក់ទង​ទៅ​ការិយាល័យ​គណៈកម្មការ​ឧ​ត្ត​ម​សិក្សា​ថៃ Mr.Teeratorn Likhitphorngsathorn Tel: +៦៦ ២៦១០ ៥៤៦៥, Fax: +៦៦ ២៣៥៤ ៥៥៧០ Email: [email protected]


Tag:
 អាហារូបករណ៍​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com