ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន រម្លឹក​អាជ្ញាធរ​ខេត្តព្រៃវែង​ហាម​ពលរដ្ឋជួល​ដី​តាម​ព្រំដែន​
10, Feb 2017 , 9:04 pm        
រូបភាព
រូបថតទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបថតទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ

​ភ្នំពេញ៖ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​​មន្ត្រីរាជកា​រ​​ខេត្តព្រៃវែង​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​រម្លឹក​អាជ្ញាធរ​ខេត្តព្រៃវែង មិនត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជួល​ដី​នៅតាម​ព្រំដែន​ឡើយ​។



«​មន្ត្រី​អាជ្ញាធរខេត្ត ត្រូវមាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​បង្កលក្ខណៈ​អោយ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​រកស៊ី​ជាមួយគ្នា ព្រោះថា​ខេត្តព្រៃវែង គឺជា​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ហើយ​លើសពីនេះ​មិនត្រូវ​អនុញ្ញាតអោយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជួល​ដី​នៅតាម​ព្រំដែន​ឡើយ​»​។ នេះ​បើតាម​ការសរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន​។​

​ក្រៅពី​រម្លឹក​អាជ្ញាធរ​ខេត្តព្រៃវែង ហាមឃាត់​ការជួល​ដី​នៅតាម​ព្រំដែន សម្តេច ហ៊ុន សែន​បាន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដូចជា ការបង្ក្រាប​បទល្មើស​ផ្សេងៗ ជាពិសេស​បទល្មើស​គ្រឿងញៀន និង​អំពើចោរកម្ម​។​ល​។ បន្ថែម​លើសពីនោះ សម្តេច​បាន​បន្ត​ប្រាប់​មន្ត្រី​ទាំងនោះ ត្រូវ​យកចិត្តទុកដាក់​លើ​ការបម្រើ​សេវាសាធារណ​ជូន​ប្រជាពលរដ្ឋ ដោះស្រាយ​ជម្លោះដីធ្លី លុបបំបាត់​នូវ​ភាព​អសកម្ម​នានា ដែល​ប៉ះពាល់​អារម្មណ៍​របស់​ពលរដ្ឋ រួមទាំង​ត្រូវ​សហការ​គាំទ្រ​គយ និង​ពន្ធដារ ក្នុងការ​ប្រមូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធិភាព ដើម្បី​ពង្រឹង​ចំណូល​ជាតិ​។​

«​អាជ្ញាធរខេត្ត​ត្រូវធ្វើ​ការផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​នូវ​សារាចរ​នាំ​អំពី​ផ្សា​លក់ដូរ​និង​សារាចរ ស្ដីពី​ការ លុប​ការបង់ថ្លៃ​ការលក់​តាម កញ្ច្រែង ក​ញ្ចើ ល្អី​»​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្សាយ​ពី​ជំនួប​រវាង​សម្តេច ហ៊ុន សែន និង​អាជ្ញាធរ​ខេត្តព្រៃវែង បន្ថែម នៅថ្ងៃនេះ​៕


Tag:
 ហ៊ុន សែន​
 ​ ដីធ្លី​
  ព្រៃវែង​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com