ជាតិ
សង្គមជាតិ
លោក នេ​ត សាវឿន រំឭក​ដល់​ស្នងការ​គ្រប់​ខេត្ត​-​ក្រុង រឿង​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​
12, Feb 2017 , 4:39 pm        
រូបភាព
​អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​មួយចំនួន​ទៅដល់​ស្នងការ​គ្រប់​រាជធានី ខេត្ត ឲ្យ​បង្កើន​ការពិនិត្យ ដើម្បី​ឈានទៅ​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ តាមផ្លូវ​គោក និង​ផ្លូវទឹក​។ នៅក្នុង​សេចក្តីណែនាំ​នេះ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ  បញ្ជាក់ទៀតថា ស្នងការ​នគរបាល​គ្រប់​រាជធានី ខេត្ត ត្រូវ​ទទួលខុសត្រូវ ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ប្តឹង ថា​មាន​មន្ត្រីនគរបាល​លួចលាក់​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អ​នា​ធិ​ប​តេ​ត្យ នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​។​

 
​អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្តីណែនាំ​មួយចំនួន​ទៅដល់​ស្នងការ​គ្រប់​រាជធានី ខេត្ត ក្នុង​បំណង​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​។ សេចក្តីណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ លើ​បញ្ហា​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​តាមផ្លូវ​គោក និង​ផ្លូវទឹក​។ 
 
​នៅក្នុង​សេចក្តីណែនាំ ចុះ​ថ្ងៃទី​៦ ខែកុម្ភៈ លោក នេ​ត សារឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ឲ្យ​ស្នងការ​នគរបាល​គ្រប់​រាជធានី ខេត្ត ប្រជុំ រំឭក​ឡើងវិញ  ទៅ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ពី​គោល​ការ​នយោបាយ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការផ្តល់សេវា​នានា និង​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការរំខាន​។ អ្វីដែល​ពិសេស​នោះ គឺ​ការរំខាន​ពី​កងកម្លាំង​មាន​សមត្ថកិច្ច និង​កម្លាំង​ផ្សេងៗ​ទៀត  ដែល​ប្រើប្រាស់​សិទ្ធិអំណាច​ខុសច្បាប់ ឬ​ឆ្លៀតឱកាស​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ ទារលុយ​កាក់​ពី​ពួកគាត់​។​
 
​អគ្គស្នងការ​នគរបាល​ជាតិ​រូបនេះ ក៏​ប្រាប់​ឲ្យ​ស្នងការ​ទាំងអស់ ត្រូវ​បញ្ជាក់​ជាមួយ​មន្ត្រីនគរបាល​ក្រោម​ឱវាទ  ឲ្យ​បានដឹង​ច្បាស់​ពី​គោលការណ៍​ចាត់វិធានការ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ចំពោះ​មន្ត្រីនគរបាល​ណា ដែល​ប្រព្រឹត្ត​ខុសឆ្គង លួចលាក់ ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ ឬ​ឆ្លៀត​យកមុខ​នាទី​របស់ខ្លួន ដើម្បី​ទទួល​ប្រាក់កាស​ពី​ប្រជាពលរដ្ឋ ឬ​អាជីវករ​ខុសច្បាប់ ទោះ​តាម​វិធី​ណាក៏ដោយ​។ វិធានការ ដែល​នឹង​ធ្វើឡើង​ក្រោមរូបភាព​រដ្ឋបាល ឬ​វិធានការ​ច្បាប់ (​បញ្ជូនទៅ​ផ្តន្ទាទោស​នៅ​តុលាការ ដោយ​គ្មាន​ការយោគយល់​)​។ 
 
​ស្នងការ​នគរបាល​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​អគ្គស្នងការ​នគរបាល​ជាតិ ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ប្តឹង ថា​មាន​មន្ត្រីនគរបាល​លួចលាក់​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អ​នា​ធិ​ប​តេ​ត្យ នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​។ នេះ​បើតាម​លោក នេ​ត សារឿន​។​
 
​ស្នងការ​គ្រប់​រាជធានី ខេត្ត ក៏ត្រូវ​ចាត់​ឲ្យ​មាន​កម្លាំង​ល្បាត និង​ត្រួតពិនិត្យ​តាមផ្លូវ​គោក ផ្លូវទឹក​ជាប្រចាំ ដើម្បី​មាន​វិធានការ​លុបបំបាត់​សកម្មភាព​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ បាន​ទាន់ពេល និង​ត្រូវ​រាយការណ៍​ជា​រៀងរាល់ថ្ងៃ និង​ធ្វើ​របាយការណ៍​ជា​រៀងរាល់ខែ មក​អគ្គស្នងការ​នគ​របាល​ជាតិ ចំពោះ​ការអនុវត្ត​ការងារ​នេះ​៕

Tag:
 ​នេ​ត សាវឿន​
 ​ ប៉ុស្តិ៍​ត្រួតពិនិត្យ
© រក្សាសិទ្ធិដោយ thmeythmey.com