អន្តរជាតិ
អាមេរិក​រារាំង​ការតែងតាំង​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​ន​ក្នុង​ការដឹកនាំ​បេសកកម្ម​របស់​អ​.​ស​.​ប​
13, Feb 2017 , 7:39 am        
រូបភាព
ដោយ: VOA
​សហរដ្ឋអាមេរិក​បាន​រារាំង​ការតែងតាំង​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​ន​ក្នុងការ​ដឹកនាំ​បេសកកម្ម​នយោបាយ​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​លី​ប៊ី​។

 
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បានប្រកាស​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​លិខិត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​គ្រោង​នឹងដាក់​ឲ្យ​លោកសេដ្ឋ​វិទូ Salam Fayyad ដែល​ទទួលបាន​ការអប់រំ​នៅ​បស្ចិមប្រទេស​រូបនោះ​ឲ្យ​កាន់​តួនាទី​មួយ​នេះ​។ លោក Fayyad ដែល​ត្រូវបាន​អន្តរជាតិ​គោរព​នោះ​មាន​អាយុ​៦៤​ឆ្នាំ​។ លោក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៣ ហើយ​លោក​ក៏​ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​មួយរូប​ផងដែរ​។​
 
​ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា អាមេរិក​មានការ​ខកចិត្ត​ចំពោះ​ជម្រើស​មួយ​នេះ​។​
 
​លោកស្រី Haley បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោកស្រី​ថា​៖ «​ជា​យូរ​មកហើយ​ដែល​អង្គការសហប្រជាជាតិ​មាន​ភាពលំអៀង​ទៅរក​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ដែល​ធ្វើបាប​សម្ព័ន្ធមិត្ត​អ៊ី​ស្រា​អ៊ែ​ល​របស់​យើ​ង‍​»​។ លោកស្រី​ថ្លែង​បន្ថែមថា​៖ «​ត​ទៅមុខទៀត អាមេរិក​នឹង​បញ្ចេញ​នូវ​សកម្មភាព មិន​ត្រឹមតែ​និយាយ​នោះទេ ដើម្បី​គាំទ្រ​ដល់​សម្ព័ន្ធមិត្ត​របស់​យើ​ង‍​»​។​
 
​សហរដ្ឋអាមេរិក​ស្ថិតក្នុង​ចំណោម​ក្រុម​សមាជិក​ភាគតិច​ដែល​មិន​ទទួលស្គាល់​ប៉ា​ឡេ​ស្ទី​ន​ថា​ជា​រដ្ឋ​ឯករាជ្យ​មួយ ហើយ​ថា​ប៉ា​ឡេ​ស្ទី​ន​មាន​ឋានៈ​ត្រឹម​ជា​អ្នក​អង្កេត​ការណ៍​តែប៉ុណ្ណោះ មិនមែនជា​សមាជិក​នៅ​ក្នុង​អង្គភាព​ពិភពលោក​មួយ​នេះ​នោះទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com