កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖«​បើ​ចំបាប់​មិនអាច​ឈរ​លេខ​១​នៅ​អាស៊ាន​ក្នុង​រយៈពេល​៤​ឆ្នាំ នឹង​ជួប​ការលំបាក​នៅ​២០២៣»
13, Feb 2017 , 8:19 am        
រូបភាព
ដោយ:
​បន្ទាប់ពី​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​៣​ចំណុច​សម្រាប់​អនុវត្តន៍​ដើម្បី​អភិវឌ្ឍន៍​កីឡា​ចំបាប់​ឲ្យ​កាន់តែ​រីកចម្រើន ក្នុង​អាណត្តិ​ថ្មី​២០១៧-២០២០​។ ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក វ៉ា​ត់ ចំរើន បានកំណត់​យក​៤​ឆ្នាំនេះ​ជា​កត្តា​កំណត់​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ លោក​បាន​បញ្ជាក់ថា ប្រសិនបើ​ចំបាប់​កម្ពុជា​មិនអាច​ឈរ​លេខ​១​នៅ​អាស៊ាន​ក្នុង​រយៈពេល​៤​ឆ្នាំនេះ​ទេ នឹង​ជួប​ការលំបាក​ពេលធ្វើ​ជា​ម្ចាស់ផ្ទះ​។​



​នៅក្នុង​មហាសន្និបាត​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​កាលពី​ខែមករា កន្លងទៅ លោក វ៉ា​ត់ ចំរើន ក្រោយ​ជ្រើសតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បន្ត​ដឹកនាំ​អាណត្តិ​ថ្មី ឆ្នាំ​២០១៧-២០២០​។ លោក បាន​ជំរុញ​ឲ្យ​មន្ត្រី និង​កីឡាករ​ទាំងអស់​ត្រូវខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​អភិវឌ្ឍន៍​កីឡា​ចំបាប់​កម្ពុជា​ឲ្យ​លេចធ្លោ​នៅក្នុង​តំបន់​។ លើសពីនេះ​ធ្វើយ៉ាងណា​ត្រូវ​ឈរ​លេខ​១​នៅ​តំបន់​អាស៊ាន បើ​ពុំ​ដូច្នេះ​ទេ​កម្ពុជា​នឹង​ជួប​ការលំបាក​ក្នុងការ​ប្រជែង​យក​មេដាយ​ពី​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។



​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​រូបនេះ​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ចំបាប់​បើ​មិនអាច​ឈរ​លេខ​១​នៅ​អាស៊ាន​ក្នុង​រយៈពេល​៤​នេះ​ទេ នឹងមាន​ការលំបាក​ក្នុង​ប្រជែង​យក​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ជូន​ជាតិ​កម្ពុជា​។ ដូច្នេះ​ត្រូវ​យោគយល់ និង​ខិតខំ​ធ្វើការ​ទាំងអស់គ្នា ជាពិសេស​ត្រូវមាន​សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បានល្អ​»​។​

​លោក​បានបញ្ជាក់​ផងដែរ​ថា ទោះបី​មាន​យុទ្ធសាស្ត្រ និង​ធនធាន​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​ក៏ដោយ ប៉ុន្តែ​បើ​ខ្វះ​ឆន្ទៈ​ក៏​មិនអាច​ជោគជ័យ​ដែរ​។​«​យើង​មាន​យុទ្ធសាស្ត្រ មាន​ធនធាន​គ្រប់គ្រាន់ តែបើ​ខ្វះ​ឆន្ទៈ​ក៏​មិនអាច​ជោគជ័យ​បានដែរ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក វ៉ា​ត់ ចំរើន ជំរុញ​ដល់​មន្ត្រី និង​កីឡាករ​របស់ខ្លួន​។

​យ៉ាងណាមិញ លោក​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​ដែល​ទើប​តែងតាំង​ថ្មី​រូបនេះ​បានកំណត់​ផងដែរ​ថា ក្នុង​រយៈពេល​៤​ឆ្នាំ​ខាងមុខនេះ ប្រសិនបើ​ចំបាប់​អាច​ទទួលបាន​លទ្ធផល​ស្មើនឹង​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​២៧​នៅ​សិង្ហ​បុរី ក៏​ជា​ជោគជ័យ​ផងដែរ​។ គួររំលឹកថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧​នៅ​សិង្ហ​បុរី​ចំបាប់​កម្ពុជា​ឈ្នះ​មេដាយមាស ២ ប្រាក់​២ និង​សំរឹទ្ធ​៤​។  ប៉ុន្តែ​ជារួម​កម្ពុជា​ឈ្នះ​មេដាយមាស​៨ ប្រាក់​១១ និង​សំរឹទ្ធ​២៨ ដោយ​មេដាយមាស​ទាំងនេះ​កម្ពុជា​ឈ្នះ​លើ​ប្រភេទ​កីឡា​ចំបាប់​(៤) វ៉ូ​វី​ណា​ម​(២) ប៉េតង់​(១) និង​តេ​ក្វាន់​ដូ WTF(១)​។



​ក្រោយ​ដាក់​ទិសដៅ និង​ជំរុញ​ឲ្យ​កីឡាករ​ព្រមទាំង​មន្ត្រី​ខិតខំ​ធ្វើការ​រួចមក លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ដាក់ចេញ​ការងារ​៣​ចំណុច សម្រាប់​អភិវឌ្ឍន៍​កីឡា​ចំបាប់​ក្នុង​អាណត្តិ​ថ្មី​។ ទី​១​ត្រូវធ្វើ​ការអភិវឌ្ឍន៍​ជំនាញ និង​បច្ចេកទេស​របស់​កីឡាករ​, ទី​២​បំផុស​ឲ្យ​មានការ​ចូលរួម និង​គាំទ្រ​ឲ្យ​បាន​ច្រើន​កុះករ និង​ទី​៣​ត្រូវគោរព និង​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ទាំង​ផ្នែក​រដ្ឋបាល និង​ការរៀបចំ​។

​ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានកំណត់​យក​រយៈពេល​៤​ខាងមុខជារយៈពេល​វាស់​ស្ទង់​ពី​ភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ដោយ​ថ្នាក់ដឹកនាំ​ទាំងពីរ​កំណត់ថា ប្រសិនបើ​៤​ឆ្នាំនេះ​ទទួលបាន​ជោគជ័យ នោះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​ទទួលបាន​ជោគជ័យ តែបើ​មិន​ទទួលបាន​ជោគជ័យ នោះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏​មិន​អាចទទួលជោគជ័យ​ដែរ​៕ 





Tag:
 ចំបាប់​
  វ៉ា​ត់ ចំរើន​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com