ជាតិ
ក្រសួង​អប់រំ បង្កើត​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ តាម​ប្រព័ន្ធ​អន​ឡាញ​
13, Feb 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង​កីឡា នឹងដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ពង្រឹងសមត្ថភាព និង​តេស្ដ​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ លើ​ប្រព័ន្ធ​អ៊ឺ​ន​ធើ​ណិ​ត​។ តេស្ដ​សមត្ថភាព​នេះ ផ្ដោតទៅលើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ប្រវត្តិវិទ្យា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​។​



​ក្រសួង​អប់រំ បាន​បង្កើត​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ (E-Learning Management   System) ដែល​ផ្ដល់​ឲ្យ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ សម្រាប់​ប្រើប្រាស់​ក្នុងពេល​ទំនេរ​ពី​ការសិក្សា​នៅក្នុង​ថ្នាក់​។ ប្រព័ន្ធ​ពង្រឹងសមត្ថភាព និង​តេស្ដ​សមត្ថភាព​នេះ ដើម្បី​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ ឬ​ធ្វើ​លំ​ហាត់​លើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ប្រវត្តិវិទ្យា តាម​ប្រព័ន្ធ​អន​ឡាញ​។ កម្មវិធី E-Learning Management   System នេះ អាច​ប្រើប្រាស់ ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Tablet ឬ​កុំព្យូទ័រ​។​



​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ប្រព័ន្ធ​នេះ អាចជួយ​ពង្រឹងសមត្ថភាព​សិស្សានុសិស្ស​មួយកម្រិត​បន្ថែមទៀត លើ​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការសិក្សា​នៅ​សាលា​ជា​លោកគ្រូ អ្នកគ្រូ​។ គួរ​បញ្ជាក់ថា ប្រព័ន្ធ​នេះ ក្រសួង​អប់រំ នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា​។ ជាមួយគ្នានេះ បន្ទាប់ពី​ដំណើរការ​ប្រព័ន្ធ​នេះ សិស្សានុសិស្ស​ទាំងអស់ អាចធ្វើ​តេស្ដ​សមត្ថភាព និង​ពង្រឹងសមត្ថភាព តាមរយៈ​គេហទំព័រ​ក្រសួង​អប់រំ bacii.moeys.gov.kh




Tag:
 ក្រសួង​អប់រំ​
  E-Learning
© រក្សាសិទ្ធិដោយ thmeythmey.com