អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​-​ជប៉ុន​-​កូរ៉េខាងត្បូង​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​ប្រជុំ​បន្ទាន់ ក្រោយ​ព្យុងយ៉ាង​បាញ់​មី​ស៊ី​ល​ផ្គើន​សហគមន៍​អន្តរជាតិ​
13, Feb 2017 , 10:59 am        
រូបភាព
 
 
​ភ្លាមៗ​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ អាមេរិក និង​សម្ព័ន្ធមិត្ត​ពីរ​ទៀត គឺ​ជប៉ុន និង​កូរ៉េខាងត្បូង បានស្នើ​កោះប្រជុំ​កិច្ច​បន្ទាន់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ចេញ​ចំណាត់ការ​លើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។ ការបាញ់​មី​ស៊ី​ល​នៅ​ថ្ងៃទី​១២ គឺជា​សកម្មភាព​បំពាន​លើក​ទី​១ របស់​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០១៧ ដែល​ទំនងជា​ការសាកល្បង​លើ​ចំណាត់ការ​របស់​រដ្ឋបាល​អាមេរិក​ថ្មី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។​

 
​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចុង​ក្រោយពី​សំណាក់​កូរ៉េខាងជើង បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​នៅក្បែរ​ខាង​គ្នា​។ មិនយូរប៉ុន្មាន​ក្រោយ​ការបាញ់​នេះ ជប៉ុន​, កូរ៉េខាងត្បូង និង​អាមេរិក ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កោះប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បន្ទាប់ពី​កូរ៉េខាងជើង​និយាយថា ខ្លួន​បានទទួល​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​នេះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​បេសកកម្ម​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​និយាយថា អាមេរិក ព្រម​គ្នា​ជាមួយ​ជប៉ុន និង​កូរ៉េខាងត្បូង បានស្នើ​បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ទាន់​នេះ​។ គេ​រំពឹងថា កូរ៉េខាងជើង នឹងរង​ការដាក់​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ចំពោះ​ទង្វើ​ព្រហើន​បែបនេះ​។ ហើយ​ទណ្ឌកម្ម​ថ្មីៗ​ទៀត ទំនងជា​ត្រូវបាន​ដាក់​លើ​រដ្ឋ​ឯកោ​មួយ​នេះ បន្ថែម​ពីលើ​ទណ្ឌកម្ម​ដែលមាន​ស្រាប់​ហើយ​នោះ​។​
 
​ការស្នើ​នេះ ធ្វើឡើង​ក្រោយ​ក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បញ្ជាក់ថា ការសាកល្បង​មី​ស៊ី​ល​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន គឺ​ជោគជ័យ​។ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា មី​ស៊ី​ល​ដែល​បាញ់​នេះ​ជា​ប្រភេទ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​ស៊េរី​ថ្មី Pukguksong-2 ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ មី​ស៊ី​ល​នេះ ត្រូវបាន​អភិវឌ្ឍ​ចេញពី​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ពី​នាវាមុជទឹក ដែល​ធ្លាប់​ជោគជ័យ​ក្នុងការ​សាកល្បង​កាលពី​ខែសីហា ឆ្នាំ​២០១៦ ។​
 
​នេះ ជា​លើកទីមួយ​សម្រាប់​ឆ្នាំ​២០១៧ ដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល ហើយ​បាញ់​ចំ​ពេលដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ដែរ​។ ជាការ​ពិត នេះ​អាចជា​ការសាកល្បង​ប្រតិកម្ម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ទើប​ចូលកាន់​តំណែង​។ ពីរ​ដ្ឋ Florida លោក ត្រាំ និង​នាយករដ្ឋមន្ត្រី អា​បេ ក៏​បានចេញ​ថ្លែងការណ៍​ភ្លាមៗ ដើម្បី​ឆ្លើយតប​សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង​។ 
 
​ប្រធានាធិបតី​អាមេរិក បាន​សន្យា​ចំពោះមុខ​មេដឹកនាំ​ជប៉ុន​ថា អាមេរិក​នឹង​ឈរ​ជាមួយ​ជប៉ុន ១០០​ភាគរយ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ទាំងឡាយ​។ លើសពីនេះ លោក ត្រាំ ក៏​ទំនងជា​ពិចារណា​លើ​ការដាក់ទណ្ឌកម្ម​ថ្មី​ទៀត រួមទាំង​ការ​រឹតបន្តឹង​ហិរញ្ញវត្ថុ​, បង្កើន​វត្តមាន​យោធា​ទាំង​ផ្លូវអាកាស​និង​ផ្លូវគោក នៅ​តំបន់​ក្បែរ​ឧបទ្វីប​កូរ៉េ ព្រមទាំង​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ផងដែរ​៕   

Tag:
 អាមេរិក​
  ជប៉ុន​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com