ជាតិ
មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន បានដាក់​ពាក្យ​ប្ដឹង​លោក គឹម សុខ ទៅ​តុលាការ​ហើយ​
13, Feb 2017 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក គី តិច មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន បានដាក់​ពាក្យ​ប្ដឹង​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ទៅ​តុលាការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ​នេះ​។ ក្នុង​ពាក្យបណ្ដឹង​នោះ សម្ដេច ហ៊ុន សែន បានទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ចំនួន​២ពាន់​លាន​រៀល ស្មើនឹង​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។​



​សម្ដេច ហ៊ុន សែន ប្ដឹង​លោក គឹម សុខ  ដែល​បាន​បកស្រាយ​នៅក្នុង​វិទ្យុ​អាស៊ីសេរី ដោយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ នៅក្នុង​ពាក្យបណ្តឹង​បាន​សរសេរ​ដូច្នេះ​ថា​៖ «​វេទិកា​ដែល​រៀបចំឡើង​ដោយ​វិទ្យុ​អាស៊ីសេរី​ខាងលើនេះ ត្រូវបានធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​។ ឆ្លៀត​ក្នុងឱកាស​នេះ វាគ្មិន​ឈ្មោះ គឹម សុខ ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដោយ​ចេតនា​នេះ​ឡើង ក្នុង​គោលបំណង​ចោទប្រកាន់ មួល​បង្កាច់ និង​ទម្លាក់កំហុស​យ៉ាង​ងងឹត​ងងុល​ ទៅលើ គណបក្ស​ប្រជាជន​កម្ពុជា ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។ អំពើ​នេះ ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់​កិត្តិយស កិត្តិ​ស័ព្ទ និង​ភាព​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយក៏​បានបញ្ជាក់​អំពី​ចេតនា​ទុច្ចរិត​ បង្ក​ជាការ​ញុះញង់ ​បំផុសបំផុល បញ្ឆេះ​កំហឹង​ដល់​មហាជន ដែល​អាច​ឲ្យ​កើតមាន​ចលាចល​ធ្ងន់ធ្ងរ​ក្នុងសង្គម​ទាំងមូល​»​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន កោះធំ នៅ​ព្រឹក​នេះ នាយ​រដ្ឋមន្ត្រី ហ៊ុន បាន​ផ្ដាំ​លោក គឹម សុខ ថា កុំ​ឲ្យ​រត់ចោលស្រុក​ផងដែរ ព្រោះ​ពេលនេះ​សម្ដេច បាន​បញ្ជា​ឲ្យ​កងកម្លាំង​តាមឃ្លាំមើល​ហើយ​។

​តែ​យ៉ាងណា​លោក គឹម សុខ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖« ខ្ញុំ​នឹង​ទទួលខុសត្រូវ​នូវ​អ្វីដែល​ខ្ញុំ​បាន​និយាយ ប្រសិនបើ​ការអត្ថាធិប្បាយ​របស់ខ្ញុំ​ពិត​ជាមាន​ចំណុច​ជាប់ទោស​តាមច្បាប់​យុត្តិធម៌​មិន​បំភ្លៃ​មែន​…»៕


Tag:
 ហ៊ុន សែន​
 ​ គឹម សុខ
© រក្សាសិទ្ធិដោយ thmeythmey.com