ជាតិ
សិល្បះ
សមាគមសិល្បករគោកធ្លកត្រៀមសម្តែងល្ខោនស្បែកធំរឿងរាមកេរ្តិ៍ទូទាំងប្រទេស
× លោក ភឿង កុម្ភៈ ប្រធានសមាគមសិល្បករគោកធ្លក បានចំណាយពេលវេលា៣ឆ្នាំដើម្បីស្រាវជ្រាវអំពីរឿងរាមកេរ្តិ៍ ហើយដើម្បីប្រែសម្រួល និងសរសេររឿងបុរាណនេះឡើងវិញសម្រាប់សម្ដែងជាទម្រង់ល្ខោនស្រមោលស្បែកធំពីដើមដល់ចប់ក្នុងរយៈពេល៤ម៉ោង៣០នាទី។ គម្រោងរឿងរាមកេរ្តិ៍ ដែលត្រូវសម្តែងក្នុងទម្រង់ល្ខោនស្រមោលស្បែកធំនេះ បានទទួលការគាំទ្រពីក្រសួងវប្បធម៌ ក្រសួងអប់រំ និងអង្គការយូណេស្កូ។ តួកុនហូលីវូតរបស់អាមេរិក អ្នកស្រី អេនជេលលីណា ចូលី (Angelina Jolie) ក៏បានផ្តល់ការគាំទ្រគម្រោងល្ខោនស្បែកធំរឿងរាមកេរ្តិ៍នេះដែរ។
ចាប់ពីថ្ងៃទី២២ខែកុម្ភៈនេះទៅ ល្ខោនស្រមោលស្បែកធំ រឿងរាមកេរ្តិ៍ នឹងត្រូវសម្ភោធ និងសម្តែងនៅទីធ្លាបណ្ណាល័យជាតិសម្រាប់ការចូលទស្សនាដោយឥតគិតថ្លៃចាប់ពីម៉ោង៧យប់ទៅ។ បន្ទាប់មក សមាគមសិល្បករគោកធ្លកនឹងសម្តែងល្ខោនស្រមោលស្បែកធំនេះនៅសាលាអង្គការគ្រួសារថ្មីក្នុងខេត្តសៀមរាប ក្នុងតម្លៃសំបុត្រ២ដុល្លារសម្រាប់សិស្សនិស្សិត និង៤ដុល្លារសម្រាប់មនុស្សធម្មតា។ ការសម្តែងនៅក្នុងខេត្តសៀមរាបនោះ នឹងត្រូវប្រើរយៈពេល៥ថ្ងៃពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែមីនា ដោយមួយថ្ងៃការសម្តែងមានរយៈពេល៥៥នាទី ចាប់ពីម៉ោង៧យប់ទៅ។
ការសម្តែងនេះនឹងត្រូវបន្តនៅតាមវិទ្យាល័យ សាកលវិទ្យាល័យ និងនៅតាមទីសាធារណៈនានាទៀតនៅទូទាំងប្រទេស ដើម្បីបង្ហាញដល់កូនខ្មែរឲ្យស្គាល់រឿងរាមកេរ្តិ៍ផង និងទម្រង់លោ្ខនស្រមោលស្បែកធំផង។ ល្ខោនស្រមោលស្បែកធំរបស់ខ្មែរត្រូវបានចុះឈ្មោះចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៃអង្គការយូណេស្កូនៅក្នុងឆ្នាំ២០០៥។
«ខ្ញុំបានព្យាយាមដំឡើងរឿងនេះឡើង ដោយគ្មានបំណងអ្វីក្រៅពីចង់ជួយសិស្សានុសិស្ស និងនិស្សិតឲ្យជ្រួតជ្រាបអំពីស្នាដៃដ៏មហិមានៃអក្សសិល្ប៍ខ្មែរ ដោយចំណាយពេលខ្លី ហើយសប្បាយទៀតផង»។ នេះជាការពន្យល់របស់លោក ភឿង កុម្ភៈ ប្រធានសមាគមសិល្បករគោកធ្លក ដោយលោកបន្តបញ្ជាក់យ៉ាងដូច្នេះទៀតថា៖«ម្យ៉ាងទៀត ខ្ញុំចង់ចូលរួមចំណែកក្នុងការផ្សព្វផ្សាយទម្រង់ល្ខោនស្រមោលស្បែកធំដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិកាលពីឆ្នាំ២០០៥ ឲ្យបានទូលំទូលាយ ឲ្យកូនខ្មែរបានស្គាល់គ្រប់ៗគ្នា កុំឲ្យវាមានតែនៅក្នុងបញ្ជី»។
ការដំឡើងរឿងរាមកេរ្តិ៍នេះ បានជួបការលំបាកច្រើន ដោយសារតែគេត្រូវផលិតស្បែកធំចំនួន ២៦០សន្លឹក។ មួយសន្លឹកត្រូវចំណាយថវិកា២០០ ដុល្លារ។ បើយោងតាមការៀបរាប់របស់ប្រធានសមាគមសិល្បករគោកធ្លក ដោយបូកបន្ថែមលើប្រាក់កម្រៃដែលត្រូវបង់ឲ្យសិល្បករចំនួន ៣០ នាក់ ដើម្បីហ្វឹកហាត់រយៈពេល៦ខែ គេត្រូវការថវិកាជាង១០ ម៉ឺនដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃជួលទីតាំង ថ្លៃឈ្នួលសម្រាប់អ្នកសរសេររឿង ថ្លៃឈ្នួលអ្នកដឹកនាំរឿង ដឹកនាំសមាគម ដែលវិភាគទានផ្ទាល់ខ្លួនរបស់លោកនោះនៅឡើយ។
តួកុនហូលីវូត អ្នកស្រី Angelina Jolie ដែលធ្លាប់មកសម្តែងភាពយន្តនៅក្នុងប្រទេសកម្ពុជាច្រើនដងហើយនោះបានបានចូលរួមលើកទឹកចិត្តសមាគមសិល្បករគោកធ្លកក្នុងបេសកកម្មផ្សព្វផ្សាយល្ខោនស្រមោលស្បែកធំនៅក្នុងប្រទេសកម្ពុជានេះ។ តារាសម្តែងអាមេរិកកម្រិតពិភពលោកដែលបានដឹកនាំរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ហើយដែលនឹងត្រូវសម្ពោធនៅថ្ងៃទី១៨កុម្ភៈនេះ បានផ្តល់សារគាំទ្រដល់សមាគមគោកធ្លកដែលមានន័យដូចនេះ៖«ដោយយល់អំពីសារសំខាន់ និងភាពល្អឯកនៃល្ខោនស្រមោលនៅក្នុងវប្បធម៌ខ្មែរ ខ្ញុំពេញចិត្តនឹងផ្តល់ការគាំទ្រផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះការសម្តែងរឿងរាមកេរ្តិ៍នេះ។ ដោយសារតែល្ខោនស្រមោលស្បែកធំនេះ នឹងត្រូវសម្តែងនៅទូទាំងប្រទេស ខ្ញុំសង្ឃឹមថា ពលរដ្ឋខ្មែរគ្រប់វ័យនឹងបានទស្សនាការសម្តែងនេះដោយក្តីរីករាយ»៕
Tag:
ស្បែកធំ
រាមកេរ្តិ៍
គោកធ្លក
© រក្សាសិទ្ធិដោយ thmeythmey.com