អន្តរជាតិ
ប្រជាជន​ម៉ិ​ក​ស៊ិ​ក​បាតុកម្ម ទាមទារ​រក​ការគោរព​ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​
13, Feb 2017 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​នាំគ្នា​បាតុកម្ម​ប្រឆាំង​គោលនយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នៅ​ចុង​សប្តាហ៍​នេះ​។​ចលនា​បាតុកម្ម​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មិនមែនជា​ចលនានយោបាយ​នោះ បានទាមទារ​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ គោរព​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​និង​ជនអន្តោប្រវេសន៍​ម៉ិ​ក​ផងដែរ​។ 

​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ប្រហែល ២​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​កណ្តាល​រដ្ឋធានី​ម៉ិ​ក​ស៊ិ​ក​ដើម្បី​បាតុកម្ម​ប្រឆាំង​លោក ដូ​ណា​ល់ ត្រាំ និង​គោលនយោបាយ​ជនអន្តោប្រវេសន៍​ដែល​បណ្តេញ​ប្រជាជន​ចេញ​និង​សង់​ជញ្ជាំង​តាម​ព្រំដែន​ជាដើម​។ ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ទាំងនោះ​បានទាមទារ​ឲ្យ​រដ្ឋបាល​អាមេរិក គោរព​ប្រទេស​ម៉ិ​ក​ស៊ិ​ក​និង​ប្រជាជន​ជា​ជនអន្តោប្រវេសន៍​។​
 
​យោងតាម​សារព័ត៌មាន​អាមេរិក Politico អ្នកចូលរួម​បាតុកម្ម​នោះ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ស និង​មាន​កាន់​បដា​ដែលមាន​សរសេរ​ប្រឆាំង​ដូ​ណា​ល់ ត្រាំ ច្រើន​ផងដែរ​។ ហើយ​ពួកគេ​បានបញ្ជាក់​ប្រាប់ថា ចលនា​បាតុកម្ម​នេះ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ឡើយ​។ ក្រៅពី​រិះគន់​ដូ​ណា​ល់ ត្រាំ ពួកគេ​ក៏​រិះគន់​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក Enrique Pena Nieto ខ្លាំងៗ​ផងដែរ ដែល​មិន​ហ៊ាន​តតាំង​ជាមួយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​
 
​ក្នុងចំណោម​បដា​ទាំងនោះ មាន​បដា​មួយ​សរសេរថា​៖« អគុណ​លោក ត្រាំ ដែល​ធ្វើ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​រួបរួមសាមគ្គី​គ្នា​»​។​ បដា​ផ្សេងទៀត​បញ្ជាក់ថា​៖«​យើង​ស្រឡាញ់​អាមេរិក តែ​យើង​ស្អប់​ការរើសអើង​ពូជសាសន៍​។ យើង​បាតុកម្ម​ដើម្បី​ទាមទារ​ភាពថ្លៃថ្នូរ​»​។​
 
​គេ​ដឹង​ច្បាស់​ថា ចលនា​បាតុកម្ម​របស់​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​គឺ​ដើម្បី​ប្រឆាំង​តវ៉ា​គម្រោង​សង់​ជញ្ជាំង​នៅតាម​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក និង​បង្កើន​សកម្មភាព​បណ្តេញ​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ដែលជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចេញពី​អាមេរិក​។ ម្យ៉ាង​ប្រធានាធិបតី​អាមេរិក​រូប​នះ​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​បណ្តា​ក្រុមហ៊ុន​នានា​ឲ្យ​បើក​ក្រុមហ៊ុន​និង​ជួល​ប្រជាជន​អាមេរិក​មិនមែន​នៅ ម៉ិ​ក​ស៊ិ​ក​ឡើយ​។​
 
​ពាក់ព័ន្ធ​ការធ្វើ​បាតុកម្ម​នេះ ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ដែល​ចូលរួម​បាតុកម្ម​បានបង្ហាញ​ការយល់ឃើញថា វា​ជា​សារ​ទៅកាន់​ប្រធានាធិបតី​អាមេរិក និង​បង្ហាញ​ពី​ការ​សាមគ្គី​គ្នា​រវាង​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ក្នុង​ការគាំទ្រ​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​អាមេរិក​។​
 
​សិស្ស​សាកលវិទ្យាល័យ​មួយ Ana Fernanda Isla បាន​អះអាង​ដូច្នេះ​ថា​៖«​យើង​រួបរួមគ្នា​បាតុកម្ម​ក៏​ព្រោះតែ​យើង​ចង់បង្ហាញ​ទៅកាន់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ការរើសអើង​នៅ​អាមេរិក​ថា យើង​នឹង​នៅ​ជាមួយ​ពួកគេ​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com