ជាតិ
សង្គមជាតិ
ក្រសួង​វប្បធម៌​លើកទឹកចិត្ត​ឲ្យ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់ ប៉ុន្តែ​ត្រូវធ្វើ​ដោយ​កិត្តិយស​
13, Feb 2017 , 8:39 pm        
រូបភាព
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មិនបាន​ហាមឃាត់​ឡើយ ចំពោះ​ការ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់ Valentine’s Day នៅ​កម្ពុជា​។ ផ្ទុយទៅវិញ ក្រសួង​វប្បធម៌ ថែមទាំង​បាន​លើកទឹកចិត្ត ឲ្យ​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​មនុស្ស​ជុំវិញខ្លួន មនុស្ស​ដែល​រស់នៅ​ក្នុងសង្គម​ជាមួយគ្នា ដោយ​មិន​សំដៅ​តែ​ទៅលើ​ស្នេហា​ប្រុស​ស្រី​ឡើយ​។ បើតាម​ក្រសួង​វប្បធម៌ ការផ្តល់​ក្តី​ស្រឡាញ់​នេះ ត្រូវ​ប្រារព្ធ​ឡើង​ដោយ​ទឹកចិត្ត​ស្មោះសរ និង​រក្សាបាន​នូវ​កិត្តិយស​ផ្ទាល់ខ្លួន គ្រួសារ និង​វប្បធម៌​ដ៏​ថ្លៃថ្នូរ​បស់​ជាតិ​។



​ក្រសួងរ​ប្ប​ធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្តីអំពាវនាវ​មួយ នៅមុន​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ ឬ​Valentine’s Day ចូលមក​ដល់​។ ដ្បិត​ជា​បុណ្យ​របស់​ប​ស្វិ​ម​ប្រទេស ដែល​បាន​ហូរ​ចូលមក​ប្រទេស​កម្ពុជា  នៅក្នុង​សេចក្តីអំពាវនាវ​នេះ ក្រសួង​វប្បធម៌ មិនបាន​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រារព្ធ​ទិវា​នេះឡើយ ប៉ុន្តែ​ពួកគេ​ត្រូវ​យល់ដឹង​ឲ្យ​ពិតប្រាកដ នូវ​វប្បធម៌ ប្រពៃណី​ដ៏​ថ្លៃថ្នូរ ជាម​រតក ញើស​ឈាម ដែល​បុព្វបុរស​បន្សល់ទុក​ឲ្យ ហើយក៏​ត្រូវ​ស្វែងយល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ​ទំនៀមទម្លាប់ និង​វប្បធម៌​ពី​ក្រៅ ដើម្បី​បន្ស៊ី​ចូលទៅក្នុង​ឥរិយាបថ​នៃ​សង្គម​របស់ខ្លួន សំដៅ​រក្សា​ជា​អ​ត្តិ​ភាពជា​ប្រជាជាតិ​ថ្លៃថ្នូរ​របស់ខ្លួន​។​

​សម្រាប់​ក្រសួង​វប្បធម៌ ទិវា​នៃ​ក្តី​ស្រឡាញ់​កម្ពុជា គួរ​ជា​ឱកាស​ចែកចាយ និង​ធានាថា ក្តី​ស្រឡាញ់​ដ៏​ទូលំទូលាយ​មួយ ត្រូវធ្វើឡើង​ក្នុង​សន្តាន​ចិត្ត​ដ៏​ស្មោះសរ​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន រួមមាន​ក្រុមគ្រួសារ ឪពុកម្តាយ ប្តី​ប្រពន្ធ កូនចៅ និង​ចំពោះ​អ្នករស់នៅ​ក្នុងសង្គម​ជាមួយគ្នា ដូចជា ជនពិការ កុមារកំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន -​ល​-​។ 

​ទិវា​នេះ មិនគួរ​ប្រមូលផ្តុំ តែ​ទៅលើ​ស្នេហា​ប្រុស​ស្រី​នោះឡើយ​។ ក្រសួង​វប្បធម៌ បញ្ជាក់​ដូច្នេះ នៅក្នុង​សេចក្តី​អំពាវ​ដដែល រួចហើយ​បន្តថា រូបភាព​ដែល​អាច​បង្ហាញ​ក្តី​ស្រឡាញ់​មានដូចជា ការជួបជុំ​ពិភាក្សាគ្នា ការសរសេរ​លិខិត​ជូនពរ ឬ​ជូនអំណោយ​ផ្សេងៗ ដូចជា​ផ្កា ឬ​វត្ថុ​បញ្ចាំចិត្ត​នានា និង​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​។

​ស្ថាប័នរដ្ឋ​មួយ​នេះ ក៏​អំពាវនាវ​ដល់​មាតាបិតា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជាពិសេស​យុវជន សូម​ឲ្យ​ចូលរួមចំណែក​តាម​ដែល​អាច​ធ្វើបាន ទប់ស្កាត់ និង​ដាស់តឿន​ក្រើនរំលឹក ជួយ​ពន្យល់​ណែនាំ​កូនចៅ មិត្តភក្តិ កុំ​ឲ្យ​ប្រើប្រាស់​ទិវា​នេះ​ជា​លេស​ប្រព្រឹត្ត​អំពើ​អវិជ្ជមាន​នានា​ខុស​គន្លង​ប្រពៃណី​ក៏​ត្រកាល​របស់​ខ្មែរ ហើយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អនាគត និង​កិត្តិយស​របស់ខ្លួន ក៏ដូចជា​ក្រុមគ្រួសារ​។ ទន្ទឹមនឹងនេះ ការ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ គឺ​ត្រូវ​ប្រារព្វ​ឡើង​ក្នុង​ស្មារតី​ថែរក្សា ការពារ នូវ​អារ្យធម៌ ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ជាតិ និង​ការលើកតម្កើង​កិត្យានុភាព​របស់​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com