អន្តរជាតិ
អគ្គលេខាធិការ UN៖« ការ​ស្អប់ខ្ពើម​ឥស្លាម​ជួយ​បញ្ឆេះ​ចលនា​ភេរវកម្ម​»
13, Feb 2017 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
​អគ្គលេខាធិការ​អង្គការ​សហ​ហ​ប្រជាជាតិ​បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​មេដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​ថា «​ការ​ស្អប់ខ្ពើម​និង​រើសអើង​អ្នក​កាន់សាសនា​ឥស្លាម​»​ជា​ផ្នែក​មួយ​ដែល​ជួយ​គាំទ្រ​ចលនា​ភេរវកម្ម​។ ការដោះស្រាយ​បញ្ហា​នេះ​មិនអាច​បញ្ចប់​បានឡើយ​បើសិនជា​អ្នកនយោបាយ​នៅ​បន្ត​កង​ចំណេញ​នយោបាយ​ដោយ​បញ្ឆេះ​ការ​ស្អប់ខ្ពើម​ឬ​រើសអើង​ប្រជាជន​ឥស្លាម​នោះ​។



​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​និង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​រដ្ឋ​អារ៉ាប់​នេះ ប្រមុខ​ស្ថាប័ន​អង្គការសហប្រជាជាតិ Antonio Guterres  បានកត់សម្គាល់​ផង​ថា ការ​ស្អប់ខ្ពើម​និង​រើសអើង​អ្នក​កាន់សាសនា​ឥស្លាម​ជា​ផ្នែក​មួយ​ដែល​ជួយ​បញ្ឆេះ​ចលនា​ភេរវកម្ម​សាកល​។​

​អគ្គលេខាធិការ​នៃ​អន្តររដ្ឋាភិបាល​រូបនេះ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​លោក Adel al-Jubeir ថា​៖​​« រឿង​មួយ​ដែល​បញ្ឆេះ​ចលនា​ភេរវកម្ម​គឺ​ការបញ្ចេញ​អារម្មណ៍​ស្អប់​, គោលនយោបាយ​, និង​សម្តី​ដែល​បង្កប់​ដោយ​ការ​ស្អប់ខ្ពើម​ប្រជាជន​ឥស្លាម​»​។​

​លោក​បាន​បន្តថា​៖« ពេលខ្លះ​វា​ជាការ​គាំទ្រ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុម ដែ​ស្ហ​ឬ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ក្នុងការ​បង្កើត​ការឃោសនា​របស់​ខ្លូន​ក្នុងការ​ទាក់ទាញ​អ្នកគាំទ្រ​បាន​»​។​

​ក្រៅពី​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន លោក Antonio Guterres  ជួប​ជាមួយ​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman, រជ្ជទាយាទ​និង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​ព្រះអង្គម្ចាស់ Mohammed bin Nayef និង​រជ្ជទាយាទ​រង​ព្រះអង្គម្ចាស់ Mohammed bin Salman​។

​លោក Antonio Guterres បានកត់សម្គាល់​ផងដែរ​ថា បច្ចុប្បន្ននេះ វា​មានការ​កើនឡើង​នៃ​ចលនា​ប្រឆាំង​ជនអន្តោប្រវេសន៍​នៅ​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​។ នយោបាយ​ប្រឆាំង​ជន​អន្តោ​ប្រវេ​ស៍​ត្រូវបាន​អ្នកនយោបាយ​ជាច្រើន​យកមកប្រើ​ប្រាស់​ដើម្បី​ទាក់ទាញ​ជន​ប្រជាប្រិយភាព​។

​លោក ដូ​ណា​ល់ ត្រាំ ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ប្រជាជន​នៅក្នុង​ការបោះឆ្នោត​កាលពី​ចុង​ឆ្នាំមុន​ក៏​ដោយសារ​គោលនយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍​នេះដែរ​។ ក្រោយ​ចូលកាន់​តំណែង​បាន​ប្រហែល​ពីរ​សប្តាហ៍ លោក​បានចេញ​បទបញ្ជា​ប្រធានាធិបតី​ឬ​ក្រឹត្យ​ដើម្បី​ហាម​ប្រជាជន មកពី​ប្រទេស​ម៉ូ​ស្លី​ម​ចំនួន ៧​ចូល​ដី​អាមេរិក ប៉ុន្តែ​បទបញ្ជា​នេះ​ត្រូវ​តុលា​ការព្យួរ​ការអនុវត្ត​។ ហើយ​អាមេរិក​ក៏​ផ្អាក​ទទួលយក​ជនភៀសខ្លួន​រយៈពេល ១២០​ថ្ងៃ និង​លែង​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​ស៊ី​រី​ផងដែរ​។​

​ក្រៅពី​ដូ​ណា​ល់ ត្រាំ ចលនា​ប្រឆាំង​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​កើនឡើង​ខ្លាំង​នៅ​បារាំង​។ លោកស្រី Marine Le Pen បេក្ខជន​ប្រធានាធិបតី​បក្ស​ស្តាំនិយម​ជ្រុល​ទទួលបាន​ការគាំទ្រ​ច្រើន​ដោយសារ​លោកស្រី​មាន​គោលនយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន ក៏ដូចជា​ប្រឆាំង​សហភាព​អឺរ៉ុប​។ អឺរ៉ុប​ប្រឈម​វិបត្តិ​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​កន្លងមក ដោយសារ​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​រត់​ភៀសខ្លួន​ពី​មជ្ឈិមបូព៌ា​ជាពិសេស​មកពី​ប្រទេស​រងគ្រោះ​ដោយ​សង្គ្រាម​មាន​លី​ប៊ី និង​ស៊ី​រី ជាដើម​នោះ​៕      ​


© រក្សាសិទ្ធិដោយ thmeythmey.com