ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការសម្រេចឃុំខ្លួន លោក គឹម សុខ
17, Feb 2017 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រោយបញ្ចប់ការសាកសួរអស់រយៈពេលជាង៣ម៉ោង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានសម្រេចបញ្ជូនខ្លួនលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយបណ្ដោះអាសន្ន ទៅឃុំនៅ​ពន្ធនាគារ​ព្រៃ ស ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ»។



ការសម្រេចឃុំខ្លួនលោក គឹម សុខ តាមពាក្យបណ្ដឹងរបស់មេធាវីការពារក្តីសម្ដេច ហ៊ុន សែន លោក គី តិច ប្ដឹងថា លោក គឹម សុខ មួលបង្កាច់​និង ទម្លាក់កំហុស​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ ចំពោះ​បណ្ដឹង​នេះលោក គី តិច ទាមទារសំណងជំងឺចិត្តពីលោក គឹម សុខ ចំនួន៥០ម៉ឺនដុល្លារ ជូនសម្ដេច ហ៊ុន សែន។

សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ៅ សុផា ដែលចុះយកព័ត៌មានជុំវិញករណីបណ្ដឹងរបស់លោក គឹម សុខ នេះ៖



ក្រៅពីបណ្ដឹងនេះលោក គឹម សុខ ក៏នៅជាប់បណ្ដឹងមួយទៀតរបស់មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន ដែលប្ដឹងអ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយរូបនេះ ទាក់ទង​នឹង​ការលើកឡើង​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​១៣ កុម្ភៈ​ថា ប្រព័ន្ធ​មួយ​ក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែ​លមាន​ការសម្លាប់​ម​នុស្ស ហើយ​រកមុខ​ឃាតក​មិនឃើញ​។ បណ្ដឹងមួយនេះលោក គី តិច ប្ដឹងលោក​ គឹម សុខ ទាមទារសំណងចំនួន១០លានរៀលទៀត ជូនសម្ដេច ហ៊ុន សែន ផងដែរ៕

Tag:
 គឹម សុខ
 ហ៊ុន សែន
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com