ជាតិ
សេដ្ឋកិច្ច
និយ័តករទូរគមនាគមន៍ តម្រូវឲ្យក្រុមហ៊ុនទូរសព្ទស្នើសុំ មុនឃោសនាពាណិជ្ជកម្មគ្រប់ប្រភេទ TRC ប្រជុំជាមួយតំណាងក្រុមហ៊ុនទូរសព្ទ។ រូបពីហ្វេសប៊ុកTRC
× ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានដាក់ចេញវិធានការមួយចំនួនលើការធ្វើទីផ្សារតម្លៃរបស់ក្រុមហ៊ុនទូរសព្ទចល័ត ដើម្បីធានាការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងវិស័យមួយនេះ។ ក្រោយប្រជុំជាមួយបណ្តាក្រុមហ៊ុនទូរសព្ទ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ TRC បានណែនាំឲ្យក្រុមហ៊ុនផ្តល់សេវាទូរសព្ទ មុននឹងឃោសនាពាណិជ្ជកម្ម ត្រូវផ្ញើមកស្ថាននេះសិន។ នេះបើតាមសេចក្តីណែនាំរបស់ TRC នៅថ្ងៃទី១៥ ខែកុម្ភៈ ។
ការចេញសេចក្តីណែនាំរបស់ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) នៅពេលនេះ គឺបន្ទាប់ពីស្ថាប័ននេះ បានកោះប្រជុំជាមួយបណ្ដាក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តទាំងអស់កាលពីដើមសប្ដាហ៍នេះ ជុំវិញ«គម្រោងប្តូរលុយ»នាពេលថ្មីៗនេះ។ TRC បារម្ភថា ការធ្វើទីផ្សារតម្លៃទាំងនេះ អាចនាំទៅដល់ការប្រកួតប្រជែងមិនស្មោះត្រង់ ដោយមានកំណត់ដោយបទប្បញ្ញត្តិ ក្នុងវិស័យទូរគមនាគមន៍។
ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទឈានមុខនៅកម្ពុជា ដូចជាក្រុមហ៊ុន Smart និងក្រុមហ៊ុន Cellcard បានដាក់ចេញគម្រោងប្ដូរលុយរបស់ខ្លួន ដែលអាចឲ្យអតិថិជនប្ដូរពី១ដុល្លារ ប្ដូរបានខ្ទង់រយដុល្លារ សម្រាប់ហៅចេញក្នុងប្រព័ន្ធ និងប្រើអ៊ីនធឺណេត។
TRC បានបញ្ជាក់ក្នុងសេចក្ដីណែនាំរបស់ខ្លួន ដល់ក្រមហ៊ុនផ្តល់សេវាទូរសព្ទដូច្នេះថា៖«និយ័តករទូរគមនាគមន៍កម្ពុជា បានសង្កេតឃើញថា ការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ប្រតិបត្តិករផ្ដល់សេវាទូរសព្ទមួយចំនួនមិនគោរពច្បាប់និងគោលការណ៍ប្រកួតប្រជែងដោយស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍ ដែលបានណែនាំកន្លងមក»។
ដើម្បីចៀសវាងផលប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាចំណូលថវិកាជាតិ TRC បានណែនាំជាថ្មីម្ដងទៀត ដល់ក្រុមហ៊ុនទូរសព្ទចល័តទាំងអស់ ត្រូវស្នើសុំជាមុនមក TRC ដោយ TRC នឹងសម្រេចពាក្យស្នើសុំក្នុងពេលយ៉ាងយូរ១០ថ្ងៃ រាល់ការឃោសនាពាណិជ្ជកម្មគ្រប់ប្រភេទ។ នេះបើតាមសេចក្ដីណែនាំរបស់ TRC ។
លិខិតដដែលនេះ ណែនាំទៀតថា ប្រតិបត្តករទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការផ្សាយពាណិជ្ជកម្ម តាមគ្រប់រូបភាពអំពីការប្ដូរទឹកប្រាក់ ឬបន្ថែមទឹកប្រាក់ (promotion) ណាដែលមានលក្ខណៈភូតកុហកអតិថិជននិង/ឬលក់ក្រោមថ្លៃដើម។ TRC ក៏បានណែនាំឲ្យក្រុមហ៊ុនទូរសព្ទចល័ត ត្រូវផ្ញើមក TRC រៀងរាល់៦ខែម្ដងនូវថ្លៃដើម នៅក្នុងបណ្ដាញតែមួយរបស់ក្រុមហ៊ុន។
TRC នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់ ដូចជា ហាមឃាត់ការនាំចូលសម្ភារ, ព្យួរលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ រហូតដល់ប្រតិបត្តិករទូរគមនាគមន៍នោះ បានអនុវត្តគ្រប់គ្រាន់តាមការណែនាំរបស់ TRC ។ នេះបើតាមសេចក្ដីណែនាំខាងលើ៕
Tag:
TRC
គម្រោងប្ដូរលុយ
ទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com