បទយកការណ៍ / បទសម្ភាសន៍
វេជ្ជបណ្ឌិត លាង ផល្លា​៖ ជំងឺ​រលាក​ថ្លើម មិន​ឆ្លងតាម​ការហូប និង​ការប្រើ​របស់​រួមគ្នា​ឡើយ​!
15, Apr 2017 , 12:26 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជំងឺ​រលាក​ថ្លើម គឺ​មេរោគ​ដ៏​សាហាវ ដែល​ពិបាក​ព្យាបាល​។ លោក លាង ផល្លា វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​ឲ្យ​ដឹងថា ជំងឺ​រលាក​ថ្លើម មិន​បញ្ចេញ​រោគសញ្ញា​ឲ្យ​អ្នកជំងឺ​បានដឹង​ឡើយ ពោល គឺ​ទាល់តែ​អ្នកជំងឺ​ទៅពិនិត្យ​ឈាម ទើប​អាច​រកឃើញ​មេរោគ​នេះ​។ លោក​បន្តថា មេរោគ​នេះ មិន​ឆ្លងតាម​ការហូប និង​ការប្រើ​របស់​រួមគ្នា​នោះទេ​។

 


​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៅ​គេហទំព័រ​ថ្មីៗ ជាមួយ​វេជ្ជបណ្ឌិត លាង ផល្លា ដូចតទៅ​៖  




​លោក​វេជ្ជបណ្ឌិត លាង ផល្លា រៀបរាប់ថា ជំងឺ​រលាក​ថ្លើម មាន​បី​ប្រភេទ គឺ​ប្រភេទ A B និង C​។ មេរោគ​ថ្លើម​ប្រភេទ A គឺជា​ជំងឺ​រលាក​ថ្លើម​ដែល​ស្រាល​បំផុត ស្ទើរតែ​មិនចាំបាច់​ព្យាបាល​។  ឯ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B គឺអាច​ព្យាបាល​បាន ប៉ុន្តែ គ្រាន់តែ​ប្រើ​វេលា​យូរ​។ ដោយឡែក ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺជា​ប្រភេទ​ធ្ងន់ធ្ងរ​ជាងគេ ដែល​អាច​វិវត្តន៍​ទៅ​ក្លិន​ថ្លើម ហើយ​បណ្តាល​ឲ្យ​ស្លាប់​បាន ប្រសិនបើ​មិនបាន​ព្យាបាល​ត្រឹមត្រូវ​។ 

​លោក​វេជ្ជបណ្ឌិត​បន្តទៀត​ថា ជំងឺ​រលាក​ថ្លើម គឺ​ឆ្លង​តាមរយៈ​ការ​ប៉ះ​ឈាម ការរួម​ភេទ ពោល គឺ​របៀប​ឆ្លង​ជំងឺ​នេះ មាន​លក្ខណៈ​ស្រដៀង​នឹង​ជំងឺអេដស៍​ដែរ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ជំងឺ​នេះ បើតាម​វិទ្យាសាស្ត្រ វា​មិន​ឆ្លងតាម​ការ​ប៉ះ​ទឹកមាត់ ដោយ​ការហូប​ជាមួយគ្នា  ឬ​ការប្រើប្រាស់​របស់របរ​រួមគ្នា​នោះទេ វា​ឆ្លង​តែ​តាមរយៈ​ឈាម ដូចជា ការចាក់​ម្ជុល​មិន​ស្អាត ការ​មុត​… និង​ការ​រួមភេទ​»​។   

​តើ​ត្រូវ​ព្យាបាល​ជំងឺ​នេះ យ៉ាងដូចម្តេច​?

​លោក​វេជ្ជបណ្ឌិត លាង ផល្លា អះអាងថា ដ្បិត​ជំងឺ​នេះ មិន​បញ្ចេញ​រោគសញ្ញា តែ​គេ​នៅតែ​អាច​រក​មេរោគ​នេះ​ឃើញ តាមរយៈ​ការពិនិត្យ​ឈាម​។ គេ​អាច​ព្យាបាល​ជំងឺ​នេះ តាមរយៈ​ការ​លេបថ្នាំ​គ្រាប់​(​មួយថ្ងៃ​មួយគ្រា​ប់​) ដោយ​តប​ចំណី​សមុទ្រ ជាតិ​អាកុល​(​ស្រា ស្រា​បៀរ​) និង​ចៀសវាង​លេបថ្នាំ​ដែលមាន​ជាតិពុល​ខ្លាំង​។  

​លោក​បញ្ជាក់ថា វិធី​ដែល​ល្អ​បំផុត គឺ​ត្រូវ​ទៅពិនិត្យ​ឈាម ដើម្បី​ស្វែងរក​មេរោគ​នេះ ហើយ​ប្រសិនបើ​រកឃើញ​មាន​ជំងឺ​នេះ គឺ​ត្រូវ​ពិគ្រោះ និង​ព្យាបាល​។

​ប៉ុន្តែ ប្រសិនបើ រក​មិន​ឃើញថា មាន​មេរោគ​រលាក​ថ្លើម​នោះទេ គឺ​ត្រូវ​ប្រញាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​ឲ្យ​បាន​ទាន់ពេលវេលា ពីព្រោះ បច្ចុប្បន្ន វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺមាន​វ៉ាក់សាំង​ការពារ ដោយឡែក ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺ​មិនទាន់មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ​៕         


Tag:
 ជំងឺថ្លើម​
 ​ លាង ផល្លា​
© រក្សាសិទ្ធិដោយ thmeythmey.com