ពីនេះ ពីនោះ
ចាស់​ទំនើង​​​
19, Feb 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ​បទ​ព្រហ្មគីតិ​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​



-​ចាស់ៗ​នៅ​ស្រុក​យើង ខ្លះ​ទំនើង​មិន​ទំនង​
​ប្រព្រឹត្ត​បែប​ខុសឆ្គង​    ​មិន​ខ្លា​ចរង​ភាពអាម៉ាស់​។​

-​ខ្ញុំ​មិន​ថា​ទាំងអស់​    ​ថា​ចោះៗ​តាម​ឃើញច្បាស់​
​ភ្លើន​ភ្លើន​ភ្លេចខ្លួន​ចាស់ ធ្វើខ្លួន​ណាស់​ដើរ​ដាច់​យប់​។​

-​ខ្លះ​ផ្ទះ​ម៉ែ​វា​សៀង​    ​តា​នាំ​នាង​ទៅ​ស៊ី​ស៊ុប​
​ក្លិប​បារ​តា​ស្គាល់​គ្រប់​    ​ងងើល​ងប់​ភ្លេច​ធម៌អាថ៌​។​

-​រៀប​ឬ​ក​ដូច​ក្មេងស្ទាវ​    ​ស្ទាក់​ស្ទាប​រាវ​ភ្លាវ​ភ្លេច​ការ​
​តា​ខ្លះ​អាង​ដុល្លារ​    ​គ្មាន​មេត្តា​ទិញ​ក្មេងស្រី​។​

-​ឃ្លាត​កាយ​ឆ្ងាយ​វត្តវ៉ា​    ​កើន​តណ្ហា​បាត់​ខន្តី​
​ដូច​គោ​ឃើញ​ស្មៅ​ខ្ចី ចាប់​ក្មេងស្រី​បំពាន​កាយ​។​

-​គួរ​គិត​សារជាថ្មី​    ​មិនយឺត​អី​តា​ទាំងឡាយ​
​លុយ​សល់​គួរ​ចំណាយ  ជួយ​ដោះស្រាយ​រឿង​សង្គម​។​

-​ប៉ះ​ផ្លូវ​ប៉ូវ​សាលា​    ​ជួយ​រដ្ឋា​តាម​សហគមន៍​
​ប្រឡាយទឹក​តូចធំ​    ​តាម​ភូមិ​ឃុំ​ខេត្ត​ខ្វះខាត​៕


© រក្សាសិទ្ធិដោយ thmeythmey.com