កីឡាជាតិ
ជាតិ
ប៉ូលិស​លត់​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន ៤-០ រីឯ​ស្វាយរៀង​យកឈ្នះ​ក្រុម​ឡើង​ពី​លី​ក​លំដាប់​ទី​២​គីរីវង់ ២-១
20, Feb 2017 , 11:04 am        
រូបភាព
ដោយ:
​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) បាន​លត់​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ ៤-០ រីឯ​ក្រុម​ជើង​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ២-១ យ៉ាង​លំបាក​នៅលើ​ទឹកដី​របស់​ខ្លួន ក្នុង​សប្តាហ៍​ទី​១​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧​។ ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​លត់​ក្រុម​អាស៊ី​អឺរ៉ុប ៣-០​។



​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​១៩ កុម្ភៈ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​បូលិស​) បានបង្ហាញ​ភាពខ្លាំង​តាមរយៈ​ការ​លត់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៤-០ នៅលើ​ទឹកដី​វេ​ស្ទើ​ន ដើម្បី​ឈរ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១ ដោយមាន​៣​ពិន្ទុ​ជាមួយ​គ្រាប់​ចំណេញ​ច្រើនជាងគេ​។

​កីឡាករ ស៊ុន វណ្ណ​ដេ​ត បា​នរក​គ្រាប់​នាំមុខ ១-០ ឲ្យ​ប៉ូលិស​នៅ​នាទី ១២ មុន​ចប់​វគ្គ​ទី​១​។ បន្ទាប់មក​ក្នុង​វគ្គ​ទី​២ កីឡាករ Afanwi បានសម្រេច​គ្រាប់​បាល់​ទី​២​នៅ​នាទី​៧៦ ក្រោយមក​ខ្សែប្រយុទ្ធ នួន បុរី បន្ថែម​គ្រាប់​ទី​៣​នៅ​នាទី​៨៧ មុន​កីឡាករ No Sang-min  សម្រេច​គ្រាប់​បាល់​ជ័យជម្នះ ៤-០ លើ​វេ​ស្ទើ​ន​នៅ​នាទី​៩០​។​

​ដោយឡែក ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​គីរីវង់​សុខ​សែន​ជ័យ ២-១ យ៉ាង​លំបាក​។ ក្នុងជំនួប​ដ៏​ស្វិតស្វាញ​ខ្សែការពារ វី រ៉ា​ទីន បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​នៅ​នាទី​១៨ ក្នុង​វគ្គ​ទី​១​។ ក្រោយមក​ស​ក្នុង​វគ្គ​ទី​២​ខ្សែការពារ នេន សុធា​រ័ត្ន បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ស្វាយរៀង​នៅ​នាទី​៥៨ មុន​កីឡាករ សឿ​យ វិសាល សម្រេច​គ្រាប់​បាល់​ជ័យជម្នះ ២-១ ឲ្យ​ស្វាយរៀង​នៅ​នាទី​៨៥​។ 

​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ខ្សែប្រយុទ្ធ Shane Booysen បានសម្រេច​គ្រាប់​បាល់​បើកឆាក​នាំមុខ ១-០ ឲ្យ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​៦១ មុន​ខ្សែការពារ អ៊ិន សូ​ដា​វីត បន្ថែម​គ្រាប់​ទី​២​ឲ្យ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​៧០​។ ក្រោយមក​នៅ​នាទី​៧៥​ខ្សែប្រយុទ្ធ Shane Booysen បាន​ទាត់​បាល់ Free-Kick បាន​យ៉ាង​ល្អ ដើម្បី​សម្រេច​គ្រាប់​បាល់​ជ័យជម្នះ ៣-០ លើ​ក្រុម​អាស៊ី​អឺរ៉ុប​តែម្តង​៕  

*​លទ្ធផល​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំថ្ងៃ​១៩ ខែកុម្ភៈ​
- ព្រះខ័ន​រាជ​ស្វាយរៀង ២-១ គីរីវង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
- ភ្នំពេញ​ក្រោ​ន ៣-០ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
- វេ​ស្ទើ​ន​ភ្នំពេញ ០-៤ អគ្គស្នងការ​នគរបាល​ជាតិ នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​


Tag:
 ​បាល់ទាត់​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com