ជាតិ
លោក ជាម យៀប មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល តែ​ស្រាល​
20, Feb 2017 , 11:56 am        
រូបភាព
រូបថតលោក ជាម យៀប ពីហ្វេសប៊ុក​ប្រធានគណៈកម្មការទី ២ រដ្ឋសភា
រូបថតលោក ជាម យៀប ពីហ្វេសប៊ុក​ប្រធានគណៈកម្មការទី ២ រដ្ឋសភា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​ពីរ​នៃ​រដ្ឋសភា កំពុងមាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល (Stroke)​។ នេះ​ជាការ​អះអាង​របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​។​



​លោក ឡេង ប៉េងឡុង និយាយថា ជំងឺ​របស់លោក ជាម យៀប គឺ​បណ្តាលមកពី​ការ​លើសឈាម​។ លោក​អះអាងថា លោក ជាម យៀប បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត  អស់​រយៈពេល​ប្រហែល​៤​ថ្ងៃ​មកហើយ​។ យ៉ាងណា អ្នកនាំពាក្យ​រដ្ឋសភា​ខាងលើ បាន​ប្រាប់ថា ជំងឺ​របស់លោក ជាម យៀប មិន​ធ្ងន់ធ្ងរ​នោះទេ​។

​លោក ឡេង ប៉េងឡុង បញ្ជាក់ថា ឥឡូវនេះ លោក ជាម យៀប ធូរស្បើយ និង​អាចនិយាយបាន​ជាធម្មតា​ឡើងវិញ​ហើយ​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ជំងឺ​គាត់ គឺ​ដាច់​សរសៃ​ខួរក្បាល តែ​ដាច់​តិចតួច​ទេ​។ ជំងឺ​គាត់​ស្រាល​ទេ​»​។

​សូម​ស្តាប់​សំឡេង លោក ឡេង ប៉េងឡុង​





​លោក ឡេង ប៉េងឡុង បន្តទៀតថា ដោយសារតែ​ជំងឺ​មាន​លក្ខណ​ស្រាល ដូច្នេះ​ក្រុមគ្រួសារ​របស់លោក ជាម យៀប ទំនងជា​មិន​បញ្ជូន​លោក ជាម យៀប ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​នោះទេ​។ បើតាម​លោក ឡេង ប៉េងឡុង ដដែល  លោក ជាម យៀប អាច​នឹង​ចាក​ចេញពី​មន្ទីរពេទ្យ​ក្នុងពេល​ឆាប់ៗ​នេះ​៕


Tag:
 ជាម យៀប
© រក្សាសិទ្ធិដោយ thmeythmey.com