អន្តរជាតិ
កងទ័ព​អ៊ីរ៉ាក់ បើក​ប្រតិបត្តិការ​ផ្ដាច់ព្រ័ត្រ​រំដោះ​ក្រុង Mosul ពី​ដៃ​ក្រុម​ISIS
20, Feb 2017 , 12:19 pm        
រូបភាព
​កងទ័ព​អ៊ីរ៉ាក់ ដែល​ជួយ​គាំទ្រ​ដោយ​កងកម្លាំង​អាមេរិក នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ បាន​បើក​ប្រតិបត្តិការ​ផ្លូវគោក​ទ្រង់ទ្រាយ​ធំ​ដើម្បី​រំដោះ​ទីក្រុង Mosul ភាគ​ខាងលិច​ពី​ដៃ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម និង​ដើម្បី​បញ្ចប់​មហិច្ឆតា​បង្កើតរ​ដ្ឋ​ឯករាជ្យ​របស់​ក្រុម​នេះ​លើ​ទឹកដី​អ៊ីរ៉ាក់​។ កងទ័ព​អ៊ីរ៉ាក់​ជាច្រើន​មុខព្រួញ បាន​សម្រុក​ទៅកាន់​អាកាសយានដ្ឋាន Mosul ដើម្បី​បណ្ដេញ​ក្រុម​រដ្ឋ​ឥស្លាម ដែល​រំពឹងថា​នឹង​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ការពារ​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​ពួកគេ​លើទឹក​ដី​អ៊ីរ៉ាក់​។​



​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi បានប្រកាស​បើក​យុទ្ធនាការ​យោធា​ដ៏​ធំ​មួយ ដើម្បី​ដណ្ដើមយក​ភាគ​ខាងលិច​ក្រុង Mosul ពី​ការគ្រប់គ្រង​របស់​ក្រុម​រដ្ឋ​ឥស្លាម បន្ទាប់ពី​រំដោះ​បាន​តំបន់​ភាគ​ខាងកើត​កាលពី​ខែមករា​។ លោកនាយក​រដ្ឋមន្ត្រី al-Abadi ក៏បាន​ប្រាប់​កងទ័ព​ទាំងអស់ ឲ្យ​គោរព​សិទ្ធិមនុស្ស និង​ជួយ​ការពារ​ប្រជាជន​រត់​ភៀសខ្លួន​ចេញពី​ការ​វាយ​ប្រយុទ្ធ​នេះ ដ្បិត​ជន​ស៊ីវិល​អ៊ីរ៉ាក់​ប្រមាណ​ជាង​៦​សែន​នាក់ កំពុងតែ​ជាប់​ខ្លួន​ក្នុង​តំបន់​នេះ​។​

​ថ្លែង​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ នាយករដ្ឋមន្ត្រី al-Abadi និយាយថា កងទ័ព​បានចាប់ផ្ដើម​ប្រតិបត្តិការ​យោធា​រុល​សំដៅ​ភាគ​លិច Mosul ដើម្បី​រំដោះ​តំបន់​នោះ​។ កងកម្លាំង​ប៉ូលិស​អ៊ីរ៉ាក់ ជា​កម្លាំង​ជួរមុខ​ក្នុង​ប្រតិបត្តិការ​នេះ ដោយ​វាយ​សម្រុក​ទៅកាន់​ព្រលានយន្តហោះ Mosul ដែល​ស្ថិតនៅ​ខាងត្បូង​ទីក្រុង​នេះ​។ ផ្សែង​ខ្មួលខ្មាញ់​ហុយ​ឡើងលើ​តំបន់​នេះ ខណៈ​កងទ័ព​អ៊ីរ៉ាក់ ដែល​គាំទ្រ​ដោយ​កាំភ្លើង​ធំ ពើប​ប្រយុទ្ធ​ជាមួយ​សកម្មជន​រដ្ឋ​ឥស្លាម ដែល​ព្យាយាម​ការពារ​ទីតាំង​ដូចគ្នា​នោះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កងកម្លាំង​សម្ព័ន្ធមិត្ត​ដឹកមុខ​ដោយ​អាមេរិក ក៏បាន​បើក​ប្រតិបត្តិការ​ដែនអាកាស ដើម្បី​ជួយ​ការពារ និង​បោសសម្អាត​សកម្មជន​រដ្ឋ​ឥស្លាម​ក្នុង​សមរភូមិ​ក្ដៅគគុក​នេះ​។ មកទល់ពេលនេះ កងកម្លាំង​សម្ព័ន្ធមិត្ត​ដើរតួ​យ៉ាងសំខាន់​ក្នុង​ជួយ​ហ្វឹកហ្វឺន និង​បំពាក់អាវុធ​សម្រាប់​កងកម្លាំង​អ៊ីរ៉ាក់​ជាង​៧​ម៉ឺន​នាក់ ដើម្បី​តទល់​ក្រុម​ជ្រុលនិយម​នេះ​។ មេបញ្ជាការ​ទ័ព​សម្ព័ន្ធមិត្ត Stephen Townsend និយាយថា សមរភូមិ Mosul ជា​ទីលានប្រយុទ្ធ​ដ៏​លំបាក​បំផុត​សម្រាប់​ទាហាន​លើ​លោក​។​

​អ្វីដែល​ជាការ​ព្រួយបារម្ភ​សម្រាប់​កងទ័ព​អ៊ីរ៉ាក់ គឺ​រថក្រោះ និង​រថយន្ត​ធុន​ធំ​ខ្លះ មិនអាច​ធ្វើដំណើរ​លើផ្លូវ​តូចៗ​នៅ​តំបន់​ភាគ​ខាងលិច​បានឡើយ​។ តំបន់​នេះ ជាទី​ក្រុង​បុរាណ និង​ជាទី​សម្បូរ​ដោយ​អាគារ​រដ្ឋបាល​ទីក្រុង ហើយ​វា​ក៏​ជាទី​តាំង​ដែល​ប្រមុខ​ដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម Abu Bakr al-Baghdadi ប្រកាស​បង្កើត​រដ្ឋ​គ្រប់គ្រង​ដោយ​ខ្លួនឯង​លើទឹក​ដី​ស៊ី​រី និង​អ៊ីរ៉ាក់ កាលពី​ឆ្នាំ​២០១៤ នោះ​។ សកម្មជន​រដ្ឋ​ឥស្លាម​ប្រមាណ​៦​ពាន់​នាក់ បាន​បន្ត​ប្រយុទ្ធ​របៀប​វាយឆ្មក់​លើ​កងទ័ព​រដ្ឋា​ភិ​បាល ដើម្បី​ការពារ​មូលដ្ឋាន​ខ្លួន​។

​សូម​រម្លឹកថា ប្រតិបត្តិការ​យោធា​រំដោះ Mosul បានចាប់ផ្ដើម​តាំងពី​ខែតុលា​មកម្ល៉េះ​។ កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​សហការ​ជាមួយ​សកម្មជន​ស៊ី​អ៊ី​ត ព្រមទាំង​មានការ​ជួយ​ពី​សម្ព័ន្ធមិត្ត​អាមេរិក បាន​បើក​យុ​ទ្ធា​នា​ការរំដោះ​ទីក្រុង​ដែលជា​រដ្ឋធានី​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់​។ ប្រជាជន​រាប់សែន​នាក់ បាន​ភៀសខ្លួន​ចេញពី​ការប្រយុទ្ធ សំដៅទៅ​កាន់​តំបន់​ខាងកើត ដែល​ទើប​ដណ្ដើមបាន​មកវិញ​ថ្មីៗ​នេះ និង​រាប់សែន​នាក់​ទៀត ប្រឈមមុខ​បញ្ហា​អត់​ស្បៀងអាហារ ទឹក ដោយសារ​ការហ៊ុមព័ទ្ធ​តំបន់​ខាងលិច​៕      


Tag:
 ​អ៊ីរ៉ាក់​
  អាមេរិក​
  ក្រុម​រដ្ឋ​ឥស្លាម​
  Mosul
© រក្សាសិទ្ធិដោយ thmeythmey.com