ជាតិ
សេដ្ឋកិច្ច
RDB នឹង​បង្វិល​ថវិកា​ទៅ​ឲ្យ​រដ្ឋាភិបាល​វិញ​នៅ​ខែឧសភា ខណៈ​ការផ្ដល់​កម្ចី​បានតែ​១២​ភាគរយ​
20, Feb 2017 , 10:39 pm        
រូបភាព
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជន​បទ។ រូបថត ហ្វេសប៊ុក RDB
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជន​បទ។ រូបថត ហ្វេសប៊ុក RDB
ដោយ:
​ភ្នំពេញ​៖ កញ្ចប់​ថវិកា​ពិសេស ២៧​លាន​ដុល្លារ​របស់​រដ្ឋាភិបាល សម្រាប់​ផ្ដល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ត្រូវបាន​ប្រើប្រាស់​តែ ៣,៥​លាន​ដុល្លារ ដែល​ស្មើ ១២​ភាគរយ​ប៉ុណ្ណោះ​។
​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​បញ្ចេញ​កញ្ចប់​ថវិកា​ពិសេស ២៧​លាន​ដុល្លារ ដែល​ថវិកា ៧​លាន​ដុល្លារ​ជា​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) សម្រាប់​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ ដែល​កំពុងតែ​ជួប​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ខ្លាំង​។ RDB ដែលជា​ធនាគារ​រដ្ឋ ទ​ទទួលបន្ទុក​ផ្ដល់​កម្ចី​នេះ​។​



​លោក កៅ ថាច អគ្គនាយក RDB បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កញ្ចប់​ថវិកា​នេះ នឹងត្រូវ​បង្វិល​ចូល​ថវិកាជាតិ​វិញ នៅក្នុង​ខែឧសភា​ឆ្នាំនេះ ខណៈ​ការ​មករក​កម្ចី មកទល់នឹង​ពេលនេះ  មាន​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​៥ ប៉ុណ្ណោះ​ដែល​ទទួល​កម្ចី​នៃ​កញ្ចប់​ថវិកា​ពិសេស​នេះ​។ លោក​បន្តថា ការបញ្ចេញ​កម្ចី​បាន​ចំនួន​តែ ១២​ភាគរយ​នេះ ហាក់​មិន​ឆ្លើយតប​នឹង​ការអះអាង​របស់​ផ្នែក​ឯកជន​ដែលថា​ខ្វះ​ទុន​ប្រមូល​ទិញស្រូវ​ពី​កសិករ​។

«​មុនដំបូង​ខ្ញុំ​យល់ថា វិស័យ​ឯកជន​ក្នុង​វិស័យ​ស្រូវ​អង្ករ​ហ្នឹងខ្វះ​ទុន​បង្វិល ឥឡូវ​រដ្ឋាភិបាល​ដាក់​លើ​តុ​ប៉ុណ្ណឹង​ហើយ ហើយ​យើង​សម្រួល​បែបបទ​នៃ​ការខ្ចី ហើយ​អត្រា​ការប្រាក់​ទាប​ជាង​ធនាគារពាណិជ្ជ​ទៀត។ យើង​យកតែ​៧​ភាគរយ ហើយ​នីតិវិធី​សាមញ្ញ​បំផុត ប្រើពេល​តែ​២​ថ្ងៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កៅ ថាច ។​
​អគ្គនាយក RDB រូបនេះ ឲ្យ​ដឹង​ទៀតថា RDB នៅតែ​បន្ត​ទទួល​ពាក្យសុំ​ឥណទាន​ពី​បណ្ដា​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ​។​

​លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) មានប្រសាសន៍ថា វិស័យ​ឯកជន​ពិតជា​ខ្វះ​ទុន​ប្រមូល​ទិញស្រូវ ដើម្បី​កែច្នៃ​នាំចេញ​មែន​។ លោក​បញ្ជាក់ថា ការ​ដែលមាន​ចំនួន​រោង​ម៉ាស៊ីន​តិចតួច​ទៅរក​កម្ចី​ទាំងនេះ ព្រោះ​កញ្ចប់​ថវិកា​នេះ ត្រូវបាន​បញ្ចេញ ចំពេល​ដែល​អ្នក​នាំចេញ​អង្ករ​ជួប​បញ្ហា​ទីផ្សារ​។ លោក​ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖«​ជាទូទៅ​គឺ​ដោយសារ តម្លៃ​អង្ករ​ប្រែប្រួល​ចុះថ្លៃ ដូច្នេះ​វា​មិន​ស្របពេល​មាន​តម្រូវការ​​​ទុន​ទេ​។ តម្លៃ​ទីផ្សារ​អង្ករ​ឆាប់​ធ្លាក់​ខ្លាំងពេក អ្នក​កែច្នៃ​នាំចេញ អត់​ហ៊ាន​ទៅយក​ទុន​នោះទេ​»​។​

​លោក ហ៊ុន ឡាក់ ឲ្យ​ដឹងថាភាគី​ពាក់ព័ន្ធ ត្រូវ​រៀបចំ​កញ្ចប់​ថវិកា​ជា​រៀងរាល់ឆ្នាំ​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​រដូវ​កាល​អ្វី ស្រូវ​ប្រភេទ​អ្វី​នៃ​រដូវ​ច្រូតកាត់ ត្រូវការ​ទុន​ប្រហាក់ប្រហែល​ប៉ុន្មាន ខាង​វិស័យ​ឯកជន​មាន​ប៉ុន្មាន ខាង​ធនាគារ​មាន​ប៉ុន្មាន ធនាគារ​រដ្ឋ​មាន​ប៉ុន្មាន ដើម្បី​ត្រៀម​ជួយ​។ មានកម្ម​វិធី​នេះ គឺអាច​ធានា​ដល់ពេល​រដូវ​ប្រមូល​ផល ដែល​កសិករ​មាន​កង្វល់​រក​ទីផ្សារ​លក់ ដែល​ភាគី​ត្រូវធ្វើ​ការងារ​លើ​កញ្ចប់​ផែនការ​នេះ​»៕


Tag:
 អង្ករ​
  កៅ ថាច​
  ហ៊ុន ឡាក់
© រក្សាសិទ្ធិដោយ thmeythmey.com