ជាតិ
នយោបាយជាតិ
លោក សុខ ឥសាន៖ សមាជិកសភាអាស៊ានរំលោភធម្មនុញ្ញដោយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា លោក សុខ ឥសាន (ឆ្វេង) អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា វាយបកទៅនឹងការរិះគន់របស់លោក Charles Santiago ប្រធាន APHR។ រូបថត CPP/SAYS
× អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានវាយបកទៅសមាជិកសភាអាស៊ាន ដែលបានចេញសេចក្តីថ្លែងការណ៍វាយតម្លៃថា ប្រជាធិបតេយ្យនៅកម្ពុជានឹងស្លាប់ ក្រោយច្បាប់ស្តីពីគណបក្សនយោបាយចេញ។ សម្រាប់លោក លោក សុខ ឥសាន ការលើកឡើងបែបនេះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលធម្មនុញ្ញាអាស៊ានហាមឃាត់។
កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ រដ្ឋសភាបានអនុម័តខ្លឹមសារថ្មីនៃសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ជាឯកច្ឆ័ន ដោយសំឡេងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៦រូប។ ខ្លឹមសារថ្មីនេះ បន្ថែមចំណុចថា ទណ្ឌិត មិនមានសិទិ្ធធ្វើជាប្រធាន និងអនុប្រធានគណបក្ស នោះឡើយ។ មួយថ្ងៃមុនពេលដែលសភាកម្ពុជាអនុម័ត អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដោយចាត់ទុកថា ការធ្វើវិសោធនកម្មថ្មីនេះ ជាការស្លាប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
APHR បានកត់សម្គាល់ថា សេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ គឺជាការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាដែលមានបំណងសំដៅដល់គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង។ លោក Charles Santiago ប្រធាន APHR បានលើកឡើងថា វាពិតជាគួរឲ្យព្រួយបារម្ភដែលឃើញសេចក្តីស្នើច្បាប់មួយ ត្រូវបានធ្វើឡើងយ៉ាងលឿន ដោយមិនបានផ្តល់ពេលគ្រប់គ្រាន់សម្រាប់ការពិភាក្សា។
លោក Charles Santiago ដែលជាសមាជិកសភាម៉ាឡេស៊ី ផងដែរនោះ បានស្នើឲ្យដៃគូ និងរដ្ឋាភិបាលអន្តរជាតិថ្កោលទោសចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា និងទាមទារឲ្យគណបក្សប្រជាជនកម្ពុជា កែប្រែគម្រោងរបស់ខ្លួនវិញ។ លោកបានបន្ថែមថា៖ «អ្វីដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា គឺជាសូចនាករដំបូងនៃការវាយប្រហារចំពោះលទ្ធិប្រជាធិបតេយ្យក្នុងតំបន់ទាំងមូល»។
ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់ APHR លោក សុខ ឥសាន បានប្រាប់អ្នកសារព័ត៌មានតាមបណ្តាញ Telegram ថា៖ «យើងទាំងអស់គ្នារង់ចាំមើល តើនៅពេលណា ទើបប្រជាធិបតេយ្យនៅកម្ពុជា ត្រូវស្លាប់ ឬក៏នៅរស់ហើយមានការរីកចម្រើនតទៅទៀត ? សមាជិកសភាអាស៊ាន បានរំលោភប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជារួចទៅហើយទាំងខ្លួនឯងនិយាយពីប្រជាធិបតេយ្យនោះ»។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃថា សំដីរបស់សមាជិកសភាអាស៊ាននោះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធម្មនុញ្ញអាស៊ានហាមឃាត់ ។
បន្ថែមពីលើនេះ លោក សុខ ឥសាន បានអះអាងថា ប្រធានរដ្ឋសភាមិនដែលបានបិទទ្វារមិនឲ្យគណបក្សសង្គ្រោះជាតិចូលប្រជុំនោះទេ ខណៈយន្តការពិភាក្សា និងសម្រេច បានឆ្លងកាត់ការប្រជុំគណអចិន្ត្រៃយ៍រដ្ឋសភាជាច្រើនលើកច្រើនសារ។ «នេះជាឧបាយកលរបស់គណបក្សដៃគូក្នុងរដ្ឋសភា គឺគណបក្សសាង្គ្រោះជាតិ តែប៉ុណ្ណោះ ហើយឆ្លៀតដាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា»។ នេះជាការលើកឡើងរបស់លោក សុខ ឥសាន ទាក់ទងនឹងការមិនចូលរួមប្រជុំពិភាក្សាពីភាគីបក្សប្រឆាំង៕
Tag:
សុខ ឥសាន
Charles Santiago
APHR
អាស៊ាន
ច្បាប់នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com