ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កង្វះអនាម័យបង្កផលអវិជ្ជមានច្រើន ខណៈការប្រើបង្គន់អនាម័យនៅកម្ពុជាមានចំនួនតិចជាងគេធៀបនឹងអាស៊ាន
× កង្វះអនាម័យ និងទឹកស្អាតនៅជនបទ បានបង្កផលអវិជ្ជមានជាច្រើន រាប់ចាប់ពីបញ្ហាសុខភាព ការអប់រំរបស់កុមារ និងប៉ះពាល់ដល់សេដ្ឋកិច្ចផង។ នៅត្រឹមឆ្នាំ២០១៥ តួលេខប្រើប្រាស់បង្គន់អនាម័យនៅកម្ពុជា មានចំនួន៥២.៩ភាគរយ ជាចំនួនតិចជាងគេក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ចំនួនបានធ្វើឲ្យអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ មានកង្វល់ និងស្នើឲ្យរដ្ឋាភិបាលពន្លឿនការងារនេះ។
កម្ពុជាមានតួលេខប្រើប្រាស់បង្គន់អនាម័យទាបជាងគេ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ បើតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៥ មានពលរដ្ឋកម្ពុជាចំនួន៥២.៩ភាគរយមានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ។
កង្វះអនាម័យ និងទឹកស្អាតនៅជនបទ បានបង្កផលអវិជ្ជមានជាច្រើន រាប់ចាប់ពីបញ្ហាសុខភាព ការអប់រំរបស់កុមារ និងប៉ះពាល់ដល់សេដ្ឋកិច្ចផង។
លោក ហង់ ហ៊ីប៊ុណ្ណា មន្ត្រីឯកទេសទឹកស្អាត និងអនាម័យ នៃអង្គការភ្លែនអន្តរជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា បញ្ហាសុខភាពដែលបណ្តាលមកពីកង្វះអនាម័យ និងទឹកស្អាតមានដូចជា ជំងឺរាក ឬអាចបង្កជាអាសន្នរោគ និងជំងឺឆ្លងផ្សេងៗ ដែលធ្វើឱ្យកុមារមានសភាពស្លេកស្លាំង មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រ។
មន្ត្រីរូបនេះ ក៏បារម្ភចំពោះសុវត្ថិភាពរបស់កុមារ ពិសេសក្មេងស្រី នៅពេលដែលពួកគេត្រូវទៅបន្ទោរបង់ក្នុងព្រៃ នៅឆ្ងាយពីផ្ទះ។ បញ្ហាទាំងនោះមានដូចជា សត្វមានពិសខាំ និងបញ្ហាធ្ងន់ធ្ងរ គឺក្មេងស្រីអាចប្រឈមនឹងការរំលោភបំពានរាងកាយ។
ខាងក្រោមនេះ ជាវីដេអូអប់រំខ្លី ដែលផលិតឡើងក្នុងបំណងឲ្យប្រជាពលរដ្ឋយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់បង្គន់អនាម័យ។
ការសិក្សាមួយរបស់ធនាគារពិភពលោកបានរកឃើញថា កង្វះអនាម័យក៏ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចដែរ។ ទឹកប្រាក់ចំនួន ៧.២ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬស្មើនឹង៤៤៨លានដុល្លារ។ ទឹកប្រាក់ទាំងនេះ ត្រូវចំណាយទៅបញ្ហាប្រឈមដែលទាក់ទងនឹងអនាម័យ រាប់ចាប់ពីវិស័យទេសចរណ៍ រហូតដល់ផលិតភាពការងារ ព្រោះបុគ្គលិកឈឺដោយសារតែជំងឺដែលបង្កដោយកង្វះអនាម័យ និងត្រូវចេញពីធ្វើការមុនពេលវេលាដើម្បីរកសេវាព្យាបាល។ បើតាមការសិក្សាដដែលនេះ ក្រុមគ្រួសារជនបទកម្ពុជា ចំណាយប្រមាណ៧០ដុល្លារ ក្នុងមួយឆ្នាំលើជំងឺដែលបង្កឡើងដោយកង្វះទឹកស្អាត និងអនាម័យ។ ចំណែកប្រជាជននៅទីក្រុងចំណាយប្រហែល៤០ ដុល្លារ។
លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំងសុខភាពជនបទ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់លើបញ្ហានេះ រួមមានការដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឲ្យសេវាទឹកស្អាត និងអនាម័យនៅជនបទ មានភាពប្រសើរឡើង និងប្រកបដោយនិរន្តរភាព នៅត្រឹមឆ្នាំ២០២៥ ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពលរដ្ឋកម្ពុជាចំនួន៥២.៩ភាគរយ មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ។ តួលេខនេះកើនឡើងចំនួន ៦.៩ភាគរយ ធៀបនឹងឆ្នាំ២០១៤ ដែលមានចំនួន ៤៦ភាគរយ។
កំណើនេះ គឺលឿនជាងផែនការគោលនយោបាយជាតិរបស់រដ្ឋាភិបាល ដែលបានកំណត់ត្រឹម៣៥ភាគរយនៅឆ្នាំ២០១៥ ។ នេះបើតាមលោក ជ្រាយ ប៉ុម ដែលបន្តដោយចាត់ទុក តួលេខកំណើននៃការប្រើប្រាស់បង្គន់អនាម័យនេះ គឺជាសំទុះខ្លាំងក្លាមួយ។ ប៉ុន្តែទន្ទឹមនឹងកំណើននេះ ប្រធាននាយកដ្ឋានថែទាំងសុខភាពជនបទ លោក ជ្រាយ ប៉ុម បញ្ជាក់ថារដ្ឋាភិបាលបានកំណត់ផែនការ និងការងារស្នួលបន្ថែមទៀតដើម្បី ពន្លឿនការងារនេះ។ កិច្ចការងារទាំងនោះ មានដូចជាការពង្រឹងស្ថាប័ន ពិសេសថ្នាក់ក្រោមជាតិ ការព្យាយាមប្រមូលធនធានពីដៃគូអភិវឌ្ឍន៍ រដ្ឋាភិបាល និងជំរុញឲ្យមានការចូលរួមពីវិស័យឯកជន ការពិនិត្យមើលជាប្រចាំចំពោះប្រសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការអប់រំផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋយល់ដឹងពីបញ្ហាប្រឈមដែលបង្កឡើងដោយការរស់នៅគ្មានអនាម័យ។
គួរជម្រាបជូនដែរថា នៅក្នុងទិវាបង្គន់អនាម័យពិភពលោកក្នុងឆ្នាំ២០១៦កន្លងទៅ លោក បាន គីមូន ដែលកាលណោះជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា មានមនុស្សប្រហែល ២.៤ពាន់លាននាក់នៅជុំវិញពិភពលោក គ្មានលទ្ធភាពទទួលបាន អនាម័យសមរម្យ និងជាង១ពាន់លាននាក់ត្រូវបង្ខំចិត្តបន្ទោបង់នៅទីវាល។ របាយការណ៍អង្គការសហប្រជាជាតិ ក៏បានរកឃើញដែរថា មានមនុស្សរាប់លាននាក់ស្លាប់ក្នុងមួយឆ្នាំៗ ដោយសារកង្វះអនាម័យ និងមនុស្សប្រមាណ ៧០០លាននាក់ បាននិងកំពុងរស់នៅក្នុងស្ថានភាពកង្វះអនាម័យ៕
Tag:
បង្គន់
ជ្រាយ ប៉ុម
ហង់ ហ៊ីប៊ុណ្ណា
© រក្សាសិទ្ធិដោយ thmeythmey.com