ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលមាន​និមិត្តសញ្ញា​ស្រដៀង​គ្នា​ទៅនឹង​ស្ថាប័នរដ្ឋ ត្រូវ​ប្ដូរ​ចេញ​
23, Feb 2017 , 8:19 pm        
រូបភាព
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ដោយ:
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានស្នើ​ឲ្យ​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​មីក្រូ​ហិរញ្ញ​វត្ថ​ដែល​ប្រើ​និមិត្តសញ្ញា (​ឡូហ្គោ​) ស្រដៀង​នឹង​និមិត្តសញ្ញា​របស់​ស្ថាប័នរដ្ឋ​ណាមួយ ឬ​អាច​ឲ្យ​ភាន់ច្រឡំ​ថា​ជា​គ្រឹះស្ថាន​របស់​រដ្ឋ ត្រូវ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​របស់ខ្លួន​។



​សេចក្ដីណែនាំ​របស់ NBC នៅ​ថ្ងៃទី​២១​ខែកុម្ភៈ​បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​និមិត្តសញ្ញា​របស់​គ្រឹះស្ថាន​មួយចំនួន​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​និមិត្តសញ្ញា​របស់​ក្រសួង​-​ស្ថាប័នរដ្ឋ ដែល​កំពុង​ប្រើប្រាស់ ដូចជា​អក្សរ «៛»  ឬ រូប​សិង្ហ ជាដើម កំពុង​ឲ្យ​មានការ​ភាន់ច្រឡំ​ច្រើន​ពី​សំណាក់​សាធារណជន​លើ​គ្រឹះស្ថាន​នោះ​ថា គឺជា​គ្រឹះស្ថាន​របស់​រដ្ឋ​។

​លិខិត​នេះ​បន្តថា ៖«​ការភាន់ច្រឡំ​នេះ​អាច​ជះឥទ្ធិពល​មិនល្អ​ចំពោះ​គ្រឹះស្ថាន ដោយសារ​សាធារណជន ពិសេស​អ្នកទទួល​ឥណទាន​ពី​គ្រឹះស្ថាន​យល់ថា បើ​គាត់​មិន​ទូទាត់​សង​ត្រឡប់ ក៏​មិនមាន​បញ្ហា​អ្វី​ដែរ ព្រោះ​ជា​គ្រឹះស្ថាន​របស់​រដ្ឋ ដែល​អាច​ឲ្យ​គ្រឹះស្ថាន​រង​នូវ​ការខាតបង់ ឬ បណ្ដាល​ឲ្យ​មាន​ហានិភ័យ​ជា​ប្រព័ន្ធ​ដល់​គ្រឹះស្ថាន​ផ្សេងៗ​ទៀត​»​។

​ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី​២២​ខែកុម្ភៈ បាន​បង្គាប់​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ផ្លាស់ប្ដូរ​និមិត្តសញ្ញា «៛៛៛» ហើយ​កាលពី​សប្ដាហ៍​មុន​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេច បាន​បញ្ជា​ឲ្យ​ធនាគារ​អេស៊ីលីដា ផ្លាស់ប្ដូរ​និមិត្តសញ្ញា ដែលមាន​រូប​ហង្ស ផងដែរ​។ ជាការ​ឆ្លើយតប គ្រឹះស្ថាន​ទាំងពីរ​នេះ កំពុងតែ​ធ្វើ​សកម្មភាព​ផ្លាស់ប្តូរ​និមិត្តសញ្ញា​របស់ខ្លួន​ឲ្យ​បាន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​ការតម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់​នេះ គឺ​ស្រប​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល ដែល​នៅ​រយៈពេល​ថ្មីៗ​នេះ ព្យាយាម​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ចេញ​សេចក្ដីណែនាំ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​ហូរហែ គឺ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ពលរដ្ឋ​យល់ច្រឡំ​ថា គ្រឹះស្ថាន​ធនាគារ មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ ថា​ជា​គ្រឹះស្ថាន​របស់​រដ្ឋ​៕


Tag:
 NBC
  និមិត្តសញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com