អន្តរជាតិ
មេទ័ព​អ៊ីរ៉ង់​ព្រមាន​អាមេរិក​ថា «​កុំ​ព្រហើន ប្រយ័ត្ន​ត្រូវ​កំផ្លៀង​»
23, Feb 2017 , 8:39 pm        
រូបភាព
លោកឧត្តមសេនីយ៍ Mohammad Pakpour មេបញ្ជាការទ័ពរបស់កងឆ្នាំបដិវត្តន៍អ៊ីរ៉ង់ (រូបថត៖ Tasnim News)
លោកឧត្តមសេនីយ៍ Mohammad Pakpour មេបញ្ជាការទ័ពរបស់កងឆ្នាំបដិវត្តន៍អ៊ីរ៉ង់ (រូបថត៖ Tasnim News)
​មេបញ្ជាការ​កងកម្លាំង​ជើងគោក​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ Mohammad Pakpour បាន​ផ្ញើ​សារ​ព្រមាន​ទៅកាន់​អាមេរិក ដែល​ប្រុង​ចាត់វិធានការ​គ្រប់យ៉ាង​មកលើ​អ៊ីរ៉ង់​នោះ ក្រោយ​ការបាញ់​មី​ស៊ី​ល​ពេល​ថ្មីៗ​នេះ​។ លោក​ឧ​ត្ត​ម​សេនីយ៍ Pakpour គំរាមថា អាមេរិក​នឹង​ទទួលបាន​មួយ​កំភ្លៀង​ដ៏​ខ្លាំង បើ​ហ៊ាន​មើលស្រាល​សមត្ថភាព​ការពារ​របស់​កងកម្លាំង​អ៊ីរ៉ង់​។ លោក​ឧ​ត្ត​ម​សេនីយ៍​គំរាម​បែបនេះ ខណៈ​កងទ័ព​អ៊ីរ៉ង់​បិទ​បញ្ចប់​សមយុទ្ធ​ដ៏​ធំ​មួយ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​។



«​សត្រូវ​របស់​យើង មិនគួរ​មាន​កំហុស​ក្នុងការ​វាយតម្លៃ​សមត្ថភាព​របស់​យើង​ឡើយ ហើយ​ពួកគេ​នឹង​ទទួល​មួយ​កំផ្លៀង​យ៉ាងខ្លាំង បើ​ពួកគេ​មើលងាយ​សមត្ថភាព​រប​ស់​យើង​»​។ នេះ​ជាការ​ព្រមាន​របស់​មេទ័ព​អ៊ីរ៉ង់ Mohammad Pakpour ដែល​ទំនងជា​សំដៅដាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​គំរាម​ចាត់វិធានការ​តឹងរ៉ឹង​ប្រឆាំង​អ៊ីរ៉ង់​។ មិន​ត្រឹមតែ​គំរាម​ឡើយ លោក ត្រាំ ក៏បាន​និយាយថា អ៊ីរ៉ង់​កំពុង​ប្រលែង​ជាមួយ​ភ្លើង ព្រោះ​ហ៊ាន​បាញ់​មី​ស៊ី​ល​ល្មើស​បម្រាម​អន្តរជាតិ​។​

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល បានបញ្ចប់​លំ​ហាត់​យោធា​ដ៏​ធំ​មួយ ដែល​ចូលរួម​ដោយ​កងកម្លាំង​ជាច្រើន​ប្រភេទ​នៅ​តំបន់​ភាគ​កណ្ដាល និង​ខាងកើត​ប្រទេស​។ សមយុទ្ធ​ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ មានការ​បាញ់កាំភ្លើង​ធំ រ៉ុក្កែត ព្រមទាំង​ចូលរួម​ដោយ​កងរថក្រោះ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​។ សមយុទ្ធ​យោធា​នេះ ធ្វើឡើង​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​លោក ត្រាំ ប្រកាសថា អាមេរិក​ដាក់​អ៊ីរ៉ង់​ក្រោម​ការត្រួតពិនិត្យ​មក​នោះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​ប្រភពពី​សារព័ត៌មាន​អ៊ីរ៉ង់ Tasnim លោក​ឧ​ត្ត​ម​សេនីយ៍ Pakpour និយាយថា​៖ «​សមយុទ្ធ​នេះ​ចង់​ផ្ញើ​សារ​ថា ប្រទេស​ផ្សេង​កុំ​ធ្វើ​អ្វីដែល​ឆ្កួត​ឡប់​ឲ្យ​សោះ​។ គ្រប់គ្នា​គួរ​មើលឃើញ​អានុភាព​ដែល​អ៊ីរ៉ង់​មាននៅ​ពេលនេះ​។ » លោក​បន្តទៀតថា សមយុទ្ធ​បី​ថ្ងៃនេះ ក៏មាន​បាញ់​មី​ស៊ី​ល​ដ៏​ទំនើប និង​យន្តហោះ Drone ជាច្រើន​គ្រឿង​ទៀតផង​។​

​សូម​រម្លឹក​ដែរ​ថា កាលពីដើម​ខែកុម្ភៈ​នេះ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei បាន​និយាយ​រិះគន់​ចំៗ​លើ​លោក​ប្រធានាធិបតី ត្រាំ ដែល​បានដាក់​ទណ្ឌកម្ម​បន្ថែមទៀត​លើ​អ៊ីរ៉ង់​។ ក្នុងការ​រិះគន់​ដ៏​កម្រ​លើ​អាមេរិក​នេះ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​រូបនេះ​និយាយថា វត្តមាន​របស់លោក ត្រាំ បានបង្ហាញ​ពី​ធាតុពិត​របស់​អាមេរិក ដែល​មិនអាច​ទុកចិត្ត​អ្វី​បានឡើយ ហើយ​ថែមទាំង​ដឹកនាំ​ដោយ​ប្រព័ន្ធ​ពុករលួយ​ទៀតផង​។

​បើទោះជា​លោក ត្រាំ ធ្លាប់​គំរាម​ដាក់​គំនាប​កាន់តែខ្លាំង​លើ​អ៊ីរ៉ង់ គេ​ក៏​មិនដឹង​ច្បាស់​ថា ក្រៅពី​ទណ្ឌកម្មសេដ្ឋកិច្ច លោក ត្រាំ នឹងមាន​វិធីសាស្ត្រ​អ្វី​មាន​ប្រសិទ្ធភាព​គាបសង្កត់​មហាអំណាច​។ នរណា​ក៏​ដឹង​ដែរ​ថា អ៊ីរ៉ង់​ជា​ប្រទេស​មាន​សមត្ថភាព​យោធា​ខ្លាំងក្លា​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា ជាមួយនឹង​សព្វាវុធ​ទំនើបៗ មាន​អានុភាព​ខ្លាំង​ទៀតផង​។ ប៉ុន្តែ​ជម្រើស​នៃ​ការប្រឈមមុខ​យោធា ទំនងជា​មិនអាច​កើតឡើង​ឡើយ​ក្នុងពេល​ខ្លី​នេះ​៕


Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Mohammad Pakpour
© រក្សាសិទ្ធិដោយ thmeythmey.com