ពីនេះ ពីនោះ
ASEAN ចូលវ័យ៥០ឆ្នាំប្រេះស្រាំដោយសារមហាយក្សទាញ?
× កំណាព្យបទ ផ្កាឈូករីក
ដោយប៉ាកកាខ្មៅ
-ហាសិបឆ្នាំ សាំចិត្តខ្លះ ប៉ះសម្តី
ហាសិបឆ្នាំ មិត្តចាស់ថ្មី ហាក់រង្គោះ
ហាសិបឆ្នាំ អាស៊ានចាំ ធ្លាប់ឆ្លងគ្រោះ
ហាសិបឆ្នាំ អាស៊ានរស់ គ្រោះហូរហែ។
-មានមារជ្រែក ញែកយើងជាប់ រាប់សិបដង
មានមារជ្រែក ខ្លះចង់ប៉ង ឲ្យយើងបែរ
មានមារជ្រែក ចាប់ថៃលាវ រាវរុកខ្មែរ
មានមារជ្រែក បំបែកស្នេហ៍ ចាក់មុខក្រោយ។
-ទាញលិចកើត ឲ្យយើងកើត ការសង្ស័យ
ទាញលិចកើត ខ្លះលូកដៃ ឲ្យយើងខ្សោយ
ទាញលិចកើត ដោយជះប្រាក់ ដាក់អំណោយ
ទាញលិចកើត ឲ្យយើងធ្លោយ នៅក្រោមគេ។
-អាស៊ានអើយ ត្រូវតែរឹង នឹងជំហរ
អាស៊ានអើយ មិនគួរទ្រ ខាងណាទេ
អាស៊ានអើយ បើចង់ខ្លាំង ត្រូវរិះរេ
អាស៊ានអើយ មិនត្រូវទេរ ផ្អៀងម្ខាងៗ។
-ចិនយូអេស គេតែងចេះ ចែកគ្នារស់
ចិនយូអេស ធ្លាប់នាំគ្រោះ ជាងសំណាង
ចិនយូអេស ត្រូវតែចេះ រាប់សងខាង
ចិនយូអេស កុំឲ្យកាង ប្រៀបលើយើង។
-យក្សឈ្លោះគ្នា វាអភ័ព្វ ងាប់យើងតូច
យក្សឈ្លោះគ្នា ច្រើនតែខូច បង្កភ្លើង
យក្សឈ្លោះគ្នា ខ្លួនយើងតូច គ្រេចដៃជើង
យក្សឈ្លោះគ្នា ខ្ទេចតែយើង ដូចធ្លាប់ជួប៕
© រក្សាសិទ្ធិដោយ thmeythmey.com