ជាតិ
កញ្ញា សម្បត្តិ​ស្រី​សួគ៌​៖ «​នយោបាយ​អន្តរជាតិ ជះឥទ្ធិពល​ដល់​ជីវិត​យើង​… »
24, Feb 2017 , 2:10 pm        
រូបភាព
ដោយ:
​កញ្ញា សម្បត្តិ​ស្រី​សួគ៌ គឺជា​យុវនារី​ជំនាន់​ក្រោយ​ម្នាក់​ដែល​បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាងសកម្ម​ទៅក្នុង​កិច្ចការ​អន្តរជាតិ​តាមរយៈ​ការសិក្សា​នយោបាយ​អន្តរ​ជាតិ និង​បាន​ក្លាយជា​គ្រូបង្រៀន​មុខវិជ្ជា​នេះ​នៅ​វិទ្យាស្ថាន​ភាសាបរទេស​ទៀត​ផង​។ អ្នកគ្រូ​វ័យក្មេង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​សង្វាត​យល់ដឹង​ពី​កិច្ចការ​អន្តរជាតិ ដ្បិត​កិច្ចការ​អាចធ្វើ​ឲ្យ​ប្រែប្រួល​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេសមួយ​បានដែរ​។​




​ឈ្មោះ​ដ៏​ពិ​រោះ​ថា សំអាត សម្បត្តិ​ស្រី​សួគ៌ បាន​ទាញ​ការចាប់អារម្មណ៍​ពី​មនុស្ស​ទូទៅ​រួចទៅហើយ​។ ប៉ុន្តែ​បើសិនជា​គេ​បានឃើញ​អ្នកគ្រូ​វ័យ​២៤​ឆ្នាំ​រូបនេះ​ឈរ​បង្រៀន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សិក្សា​អន្តរជាតិ​ដោយនិយាយ​ជា​ភាសា​អង់គ្លេស​ទៀត​នោះ គេ​មិនអាច​មិន​ស្ងើច​អ្នកគ្រូ​បានឡើយ​។ ក្លាយជា​គ្រូបង្រៀន​ផ្នែក​សិក្សា​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​នៅពេលនេះ បានកើត​ចេញពីចម្ងល់មួយចំនួន​របស់​អ្នកគ្រូ​កាលពី​៨​ឆ្នាំមុន​។ កាលណោះ នៅ​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ក្នុង​មុខវិជ្ជា​សិក្សា​សង្គម​ដែល​រៀន​អំពី​ស្ថាប័ន​អង្គការសហប្រជាជាតិ យុវ​សិស្ស ស្រី​សួគ៌ បានដាក់​សញ្ញា​សួរ​ជាច្រើន​ លើ​តួនាទី​ស្ថាប័ន​ពិភពលោក​មួយ​នេះ រួមទាំង​តួនាទី​របស់​អគ្គលេខាធិកា​រ​នៃ​ស្ថាប័ន​នេះ​ផង​។ ដើម្បី​ទទួលបាន​ចម្លើយ​ទាំងនេះ ក្រោយពី​ប្រឡង​ជាប់​សញ្ញាបត្រ​កម្រិត​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០០៨ សម្បត្តិ​ស្រី​សួគ៌ បាន​ចុះឈ្មោះ​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សិក្សា​អន្តរជាតិ​តែម្តង ​នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL) ទន្ទឹមគ្នា​នឹង​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស​ ដែល​កញ្ញា​បាន​សិក្សា​ក្នុងនាម​ជា​និស្សិត​អាហារូបករណ៍​នៅ IFL ដូចគ្នា​។​



​ការជ្រើសរើស​យក​ជំនាញ​ដ៏​ត្រឹមត្រូវ​តាមចិត្ត​ដែល​ខ្លួន​ស្រឡាញ់​នោះ មិនបាន​ធ្វើ​ឲ្យ​និស្សិត​នារី​ម្នាក់នេះ​ធុញទ្រាន់​ក្នុងការ​សិក្សា​ឡើយ ប៉ុន្តែ​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​គាត់​ ខិតខំ​រហូតដល់​ក្លាយជា​និស្សិត​ឆ្នើម​ទៀតផង ​ក្នុងដំណាក់កាល​នៃ​ការបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​ឆ្នាំ​២០១៣​។ កញ្ញា សំអាត សម្បត្តិ​ស្រី​សួគ៌ ផ្តល់​តម្លៃ​យ៉ាងខ្លាំង​ទៅលើ​ជំនាញ​របស់ខ្លួន ដោយបាន​អះអាង​យ៉ាង​ដូច្នេះ​៖«​ពលរដ្ឋ​ត្រូវ​យល់ដឹង​អំពី​នយោបាយ​អន្តរជាតិ​។ ធម្មតា នយោបាយ​ក្នុងស្រុក និង​នយោបាយ​អន្តរជាតិ មាន​ភាព​ពាក់ព័ន្ធ​គ្នា​។ នយោបាយ​អន្តរជាតិ​ ក៏​ជះឥទ្ធិពល​ដល់​ការរស់នៅ​របស់​ពួកគេ​ដែរ​»​។​

​ដោយសារតែ​ជា​និ​ស្សិ​តឆ្នើម សម្បត្តិ​ស្រី​សួគ៌ ក៏បាន​ក្លាយជា​គ្រូបង្រៀន​នៅ​សាលា​ដែល​បាន​បណ្តុះ​កញ្ញា​នោះ​ភ្លាម​ដែរ​ក្នុង​ឆ្នាំ​២០១៣ មុននឹង​កញ្ញា​បន្ត​យក​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​ផ្នែក​នយោបាយ​អន្តរជាតិ​ នៅ​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៥ ក្រោម​ក្របខណ្ឌ​អាហារូបករណ៍ Chevening ដែល​កញ្ញា​បាន​ប្រឡង​ជាប់​។ ក្រោយពី​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ អ្នកគ្រូ សំអាត សម្បត្តិ​ស្រី​សួគ៌ បាន​បន្ត​ការបង្រៀន​នៅ IFL ដដែល​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​ជា​អ្នកជំនាញ​ផ្នែក​នយោបាយ​អន្តរជាតិ អ្នកគ្រូ​មិនបាន​ចំណាយពេល​សម្រាប់តែ​ត្រៀម​មេរៀន​បង្រៀន​សិស្ស​តែមួយ​មុខ​នោះទេ​។ ការវិវត្ត​នៃ​នយោបាយ​នៅក្នុង​ប្រទេស​មួយចំនួន​ដែលមាន​ឥទ្ធិពល​នៅក្នុង​ពិភពលោក ដែល​ត្រូវ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ធំៗ​ដូចជា CNN, BBC, The diplomat magazine ជាដើម ​បាន​រង់ចាំ​អ្នកគ្រូ​រាល់ថ្ងៃ ដើម្បី​អ្នកគ្រូ​អាច​តាមដាន​ទាន់ពេលវេលា​នូវ​សភាពការណ៍​នយោបាយរ​បស់​ពិភពលោក និង​ដើម្បី​អ្នកគ្រូ​ទទួលបាន​ទុន​ក្នុង​ការវិភាគ​ទៀតផង​។
 
អង្គុយ​ផ្តល់​សម្ភាស​នៅក្នុង​ការិយាល័យ​សិក្សា ​នៃ​ផ្នែក​សិក្សា​អន្តរជាតិ​នៅក្នុង​អគារសិក្សា​ភាសា​អង់គ្លេស​នៃ​វិទ្យាស្ថាន​ភាសាបរទេស អ្នកគ្រូ សម្បត្តិ​ស្រី​សួគ៌ ពន្យល់ថា​នយោបាយ​ការបរទេស​ អាច​នាំ​ឲ្យ​ប្រទេសមួយ​រីកចម្រើន ទាំង​លើ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច អប់រំ និង​សង្គម​ជាដើម​។ សម្រាប់​អ្នកគ្រូ ពលរដ្ឋ​ត្រូវ​យល់ដឹង​អំពី​នយោបាយ​ការបរទេស​ យ៉ាងហោចណាស់​ឲ្យ​ល្មម​គ្រប់គ្រាន់​ ក្នុងការ​តាមដាន​ការសម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​។ អ្នកគ្រូ​បញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុងនាម​យើង​ជា​ពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេសមួយ យើង​ត្រូវ​យល់​អំពី​ការធ្វើ​សេចក្តីសម្រេចចិត្ត ​របស់​ថ្នាក់ដឹកនាំ​នៅក្នុង​ការងា​រ​ជា​អន្តរជាតិ​។ ឧទាហរណ៍ តើ​ការសម្រេចចិត្ត​មួយ អាច​ប៉ះពាល់​កត្តា​ក្នុងស្រុក​អ្វីខ្លះ​? ឬ​ប៉ះពាល់​ដល់​ប្រជាជន​យ៉ាងណាខ្លះ​»?



​អ្នកគ្រូ សំអាត សម្បត្តិ​ស្រី​សួគ៌ ដែលមាន​គំនិត​បើកចំហ​ច្រើន បាន​ជំរុញ​ឲ្យ​យុវនារី​ខ្មែរ​ ចាប់អារម្មណ៍​លើ​ជំនាញ​ការសិក្សា​អន្តរជាតិ​នេះ ដោយ​ពួកគេ​មិនត្រូវ​គិតថា កិច្ចការ​នយោបាយ​ជាការ​ងារ​របស់​មនុស្ស​ប្រុស​នោះឡើយ​។ សម្រាប់​អ្នកគ្រូ ការចូលរួម​របស់​ស្ត្រី​នៅក្នុង​កិច្ចការ​អ្វី​ក៏ដោយ វា​គឺជា​ការបន្ថែម​គំនិត ដែល​នឹងធ្វើ​ឲ្យ​សេចក្តីសម្រេច​មួយ​កាន់តែ​ល្អប្រសើរ​។​

​ក្នុងសម័យ​សកលភាវូបនីយកម្ម គ្មាន​ប្រទេស​ណា​រស់នៅ​តែឯង​ទៀតឡើយ​។ ក្រៅពី​អាច​ក្លាយជា​អ្នកជំនាញ​អំពី​តំបន់​នានា​នៅលើ​ពិភពលោក កម្ពុជា​ក៏ត្រូវ​តែមាន​អ្នកជំនាញ​អាស៊ាន និង​អាស៊ី​ប៉ា​ហ្វិ​ក ដូច​អ្នកគ្រូ សំអាត សម្បត្តិ​ស្រី​សួគ៌ ឲ្យ​បាន​ច្រើន ខណៈ​កម្ពុជា​ បានធ្វើ​សមាហរណកម្ម​ចូលទៅក្នុង​តំបន់ និង​ពិភពលោក​ដែរនោះ​៕


Tag:
 សម្បត្តិ​ស្រី​សួគ៌​
  សិក្សា​អន្តរជាតិ​
  IFL
  Chevening
© រក្សាសិទ្ធិដោយ thmeythmey.com