ជាតិ
ពីនេះ ពីនោះ
អ្វី​ជា​តម្លៃ​របស់​គ្រូបង្រៀន​? ​
10, Feb 2018 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
សីលធម៌ គឺជា​តម្លៃ​ស្នូល​របស់​មនុស្ស​។ ប្រសិនបើ​មនុស្ស​ខ្វះ​សីលធម៌ មិនមែន​ធ្វើ​ឲ្យ​ខាត់​តែ​ប្រយោជន៍​បុគ្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ថែមទាំង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ​ទៀតផង​។ ចំណែកឯ គ្រូបង្រៀន​ប្រសិនបើ​ខ្វះ​សីលធម៌​ផ្នែក​អប់រំ ឬ​ហៅថា សីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន នោះ​នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​គុណភាព នៃ​ការផលិត​ធនធានមនុស្ស​របស់​ប្រទេសជាតិ​ទាំងមូល​។ ដូច្នេះ​គ្រូបង្រៀន​ត្រូវតែ​ជាម​នុស្ស​ដែល មានចិត្ត មាន​ឆ​ន្ទះ មាន​មនសិកា មាន​សុភ​វិនិច្ឆ័យ​ត្រឹមត្រូវ​។ ជាពិសេស គ្រូបង្រៀន​ត្រូវតែមាន​សីលធម៌​៦​យ៉ាង​៖



   

ទី​១.
ការស្រឡាញ់ និង​ការ​ថ្នាក់ថ្នម​សិស្ស គ្រូបង្រៀន​ល្អ គឺជា​អ្នក​ដែល​ស្រឡាញ់ អាណិតអាសូរ​សិស្ស​។ សេចក្ដីស្រឡាញ់​នេះ​នាំមក​នូវ​ការស្រឡាញ់​រាប់អាន​តប់​មកវិញ ពី​សិស្ស និង​បង្ក​ឲ្យ​កាន់​តែមាន​ភាព​ស្និត​ស្នាល​រវាង​សិស្ស​និង​គ្រូ​។​

ទី​២.
ត្រូវមាន​ភាពម៉ឺងម៉ាត់ ចិត្ត​ទូលាយ និង​សណ្ដោស ក្នុងនាម​ជា​គ្រូបង្រៀន​មួយរូប គឺជា​គំរូ​ភាព​ចំពោះ​យុវវ័យ​រាប់រយ​អ្នក ហេតុនេះ​នាម​ជា​គ្រូ​ត្រូវតែ​បង្ហាញ​នូវ​លក្ខណៈ​រឹងមាំ ដើម្បី​ជាទី​ទុកចិត្ត​ចំពោះ​សិស្ស​និស្សិត​។ គ្រូ​មិនត្រូវ​ប្រកាន់​នូវ​ចិត្ត​ចង្អៀតចង្អល់​ចំពោះ​សិស្ស ឬ​បង្ហាញ​នូវ​សកម្មភាព​ណាមួយ ដែលមាន​លក្ខណៈ​ប្រកាន់​ខឹង ឬ​ចាប់កំហុស​សិស្ស​ឡើយ​។ តែ​គ្រូ​ត្រូវតែមាន​សណ្ដាន​អាណិត​សណ្ដោស​ចំពោះ​សិស្ស ហើយ​ធ្វើ​ការអប់រំ​សិស្ស​ដោយ​ស្មារតី​ទទួលខុសត្រូវ​។​

ទី​៣.
រក្សា​ទឹកមុខ​ល្អជា​និច្ច ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ឬ​បើទោះបីជា​គ្រូ​ជួបប្រទះ​បាតុភូត​អាក្រក់ សេចក្ដី​ខឹង​បែបណា​ក្ដី គ្រូ​គប្បី​ចេះ​សម្រួល​អារម្មណ៍ ទប់​កំហឹង​ចំពោះ​ការមិនសប្បាយចិត្ត​ណាមួយ ដោយ​មិនត្រូវ​បង្ហាញ​ឲ្យ​សិស្ស​ដឹង​ពី​អារម្មណ៍​របស់ខ្លួន​ឡើយ​។​

ទី​៤.
មាន​ស្មារតី​យុត្តិធម៌ ក្នុងនាម​ជា​គ្រូបង្រៀន​ត្រូវតែ​ប្រកាន់​ភ្ជាប់​នូវ​គោ​ការណ៍​យុត្តិធម៌​ចំពោះ​សិស្ស​ទាំងអស់ ទាំង​នៅក្នុង​ថ្នាក់ និង​ក្រៅ​ថ្នាក់រៀន​ក្ដី​។ គ្រូ​ត្រូវ​ស្រឡាញ់​សិស្ស​ឲ្យ​បាន​ស្មើៗ​គ្នា​ក្នុងនាម​ជា​គ្រូ​និង​សិស្ស រាល់​ការផ្ទេរ​ចំណេះដឹង ផ្តល់​ឯកសារ ឬ​ការដាក់​ពិន្ទុ​លើ​កិច្ចការ​របស់​សិស្ស ជៀសវាង​ការប្រព្រឹត្ត​អំពើពុករលួយ​។ នេះ​គឺជា​គំរូ​ល្អ​មួយ​ដើម្បី​ជា​កញ្ចក់​បង្ហាញ​ឱ្យ​មនុស្ស​ជំនាន់​ថ្មី នៃ​ជាតិ​មួយ​មាន​មនសិការ​ស្រឡាញ់​យុត្តិធម៌ សច្ចធម៌ តម្លាភាព ភាពស្មោះត្រង់​ជាដើម​។​

ទី​៥.
ភក្តីភាព និង​អំណត់​អត់ធន់ គ្រូបង្រៀន​ត្រូវមាន​ភក្ដីភាព​ចំពោះ​សិស្ស មាន​ភាពស្មោះត្រង់​ជាមួយ​សិស្ស មិនមែនជា​ទង្វើ​ពុត​ត្ប​ត់​ឡើយ​។ កិច្ចការងារ​ជា​គ្រូបង្រៀន គឺជា​ប្រភេទ​ការងារ​ដែល​តម្រូវ​ឲ្យ​មាន​ការតស៊ូ​ព្យាយាម និង​អំណត់​អត់ធ្មត់​។ ហេតុនេះ​ភាព​ឧស្សា​រហ៍​ព្យាយាម​ជា​មូលដ្ឋាន​សម្រាប់​អាជីព​ជា​គ្រូបង្រៀន​។​

ទី​៦.
មនសិការ​វិជ្ជាជីវៈ ក្នុងនាម​ជា​គ្រូ​ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក​ក្នុងការ​ទទួលខុសត្រូវ​ចំពោះមុខ​សិស្ស ចំពោះមុខ​ឪពុកម្ដាយ និង​សង្គមជាតិ​ទាំងមូល​។ វាសនា​អនាគត​របស់​យុវវ័យ​ជំនាន់​ក្រោយ គឺ​ស្ថិតនៅក្នុង​កណ្ដាប់ដៃ​រប​ស់​អ្នក​អប់រំ ហេតុនេះ​វាសនា​របស់​ប្រទេសជាតិ​ក៏​អ្នក​អប់រំ​ចូលរួម​កំណត់​ដែរ​។ តួនាទី​របស់​គ្រូបង្រៀន​គឺជា​អ្នក​បណ្ដុះ អប់រំ​កុមារ យុវវ័យ ឲ្យ​មាន​ពុទ្ធិ ចំណេះដឹង ចំណេះធ្វើ ស្គា​ល់ពី​តម្លៃ​របស់​មនុស្ស តម្លៃ​របស់​សង្គមជាតិ និង​សកលលោក​៕


© រក្សាសិទ្ធិដោយ thmeythmey.com