ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​បារាំង​ធំៗ​ចំនួន​១៥ ពិភាក្សា​រក​ដំណោះស្រាយ ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ដោយ​ចីរភាព​
25, Feb 2017 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​បារាំង​នៅ​កម្ពុជា និង​ទីភ្នាក់ងារ​ជាតិ​បារាំង Business France បានរៀបចំ​សន្និសីទ​បច្ចេកទេស លើ​ប្រធានបទ «​ទីក្រុង​ចីរភាព​» កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​កន្លងទៅ​។ សន្និសីទ​នេះ ផ្ដោតលើ​នគរូបនីយកម្ម ការគ្រប់គ្រង​លំហរ និង​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​។ ជាមួយគ្នានេះ ប្រទេស​បារាំង តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង បាន​គាំទ្រ​គម្រោង​ជាច្រើន ដែលមាន​ការលើកស្ទួយ​បរិស្ថាន និង​គុណភាព​នៃ​ការរស់នៅ​តាម​ទីក្រុង​។



​សន្និសីទ​នេះ ធ្វើឡើង​ស្របតាម​កិច្ច​ព្រម​ព្រៀម​ទីក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ ដែលមាន​គោលដៅ​ជំរុញ​សកម្មភាព និង​ការវិនិយោគ សម្រាប់​ធានា​អនាគត​មួយ​ប្រកបដោយ​ចីរភាព និង​ប​ន្ស៉ាំ​និង​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ​។ ក្នុង​សន្និសីទ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក ហ្ស​ង់​-​ក្លូដ ពាំ​បឺ​ហ្វ រួមទាំង​លោក សាយ សំ​អាល់​, លោក ត្រាក់ ថៃសៀង និង​តំណាង​ក្រុមហ៊ុន​បារាំង​ធំៗ  ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ចែករំលែក​ចំណេះដឹង​លើ​ផ្នែក​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​ចីរភាព​។​



​នៅក្នុង​សន្និសីទ លោក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ហ្ស​ង់​-​ក្លូដ ពាំ​បឺ​ហ្វ បាន​មានប្រសាសន៍ថា​៖ «​កំណើនសេដ្ឋកិច្ច​ស្ថិតស្ថេរ រយៈ ពេល​២០​ឆ្នាំ​មកនេះ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្ដូ​រ ពិសេស​នៅក្នុង​តំបន់​ទីប្រជុំជន ដូចជា​រាជធានី​ភ្នំពេញ​ជាដើម​»​។ លោក ហ្ស​ង់​-​ក្លូដ ពាំ​បឺ​ហ្វ បានលើកឡើង​៖  «​ខណៈដែល​ប្រជាជន​នៅ​តំបន់​ប្រជុំជន​អាច​កើនឡើង​ទ្វេដង​នៅ​ឆ្នាំ​២០៣០ បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន ដូចជា​ការបំពុល​បរិស្ថាន និង​ចរាចរណ៍ បាន​ចោទ​កាន់តែខ្លាំង​នៅពេល​ខាងមុខ ហើយ​យើង​បានឃើញ​តាំងពី​ពេលនេះ​ទៅហើយ​នូវ​តម្រូវការ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​ទីក្រុង​ក្នុង​គ្រប់​វិស័យ​ទាំងអស់​»​។



​ក្រុមហ៊ុន​បារាំង​ធំៗ​ចំនួន ១៥ ដែល​បាន​ទស្សនកិច្ច​នៅ​កម្ពុជា គឺជា​ការឆ្លើយតប​ទៅនឹង​បញ្ហា ដែល​ត្រូវបាន​ពិភាក្សា​នៅក្នុង​សន្និសីទ​។ ការពិភាក្សា​នៅក្នុង​សន្និសីទ ទាក់ទង​នឹង ការគ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព ការផលិត​និង​ប្រើប្រាស់​ថាមពល​ដោយ​សមស្រប មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ការកែច្នៃ​កាកសំណល់ និង​ការសាងសង់​ដោយ​គិតគូរ​ដល់​បរិស្ថាន​ជាដើម​។​



​គួរបញ្ជាក់​ផងដែរ កិច្ចពិភាក្សា ក្រុមហ៊ុន​បារាំង​បានស្នើ​ឡើង​នូវ​ដំណោះស្រាយ​នានា ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដែល​ផ្ដោតលើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ បន្ថែម​លើ​នេះ ក្រុមហ៊ុន​បារាំង​បាន​ជួបពិភាក្សា​ដាច់ដោយឡែក​ជាមួយ​តំណាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​៕


© រក្សាសិទ្ធិដោយ thmeythmey.com