ជាតិ
បទវិភាគ
៤​មិន​ប្តូរ ៧​លុះ​ក្ស័យ​?
25, Feb 2017 , 5:40 pm        
រូបភាព
«​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​របស់​ឯកជន មិនមែនជា​របស់​រដ្ឋ​ទេ​»​។ តែ​កុំ​ភ្លេច​ករណី​មួយទៀត​ដែល​ត្រូវ​ចាំ​នោះ គឺថា លេខ​រៀង​ទី​៤ មិនមែន​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា និង​លេខ​៧ ក៏​មិនមែន​សម្រាប់​គណបក្ស​ស​ង្គ្រោះ​ជាតិ​រហូត​នោះដែរ ព្រោះ​រាល់​ការបោះឆ្នោត​នឹងមាន​ការចាប់​ឆ្នោត​ដើម្បី​កំណត់​លេខ​រៀង​នៅលើ​សន្លឹកឆ្នោត​។​


​នៅលើ​បណ្តាញ​សង្គម អ្នកគាំទ្រ​គណបក្សនយោបាយ​មួយចំនួន និយម​សរសេរ​លេខ​ជា​សញ្ញា​បញ្ជាក់​ពី​ការរិះគន់ និង​ការគាំទ្រ​បក្ស​រៀងៗ​ខ្លួន​។ ផ្អែកលើ​លេខ​រៀង​ក្នុង​សន្លឹកឆ្នោត​សម្រាប់​អណ​ត្តិ​ទី​៥ គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​លេខ​រៀង​ទី​៤ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិតនៅ​លេខ​រៀង​ទី​៧ ។ ការ​ឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​នឹង​ឈាន​មកដល់​នៅ​ខែមិថុនា ហើយ​ការបោះឆ្នោត​អណ​ត្តិ​ទី​៦ កាន់តែ​កៀក ប៉ុន្តែ​អ្នកគាំទ្រ និង​អ្នកនយោបាយ​មួយចំនួន​នៅតែ​បន្ត​ប្រើប្រាស់​លេខ​រៀង ជា​សញ្ញា​សម្គាល់​គណបក្ស​ដដែល​។​

​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន តែងតែ​បង្ហាញ​ម្រាមដៃ​៤ ជាមួយនឹង​ស្នាមញញឹម​នៅពេល​ចុះ​មូលដ្ឋាន រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ក៏​ដូចគ្នា​ផងដែរ ដោយ​ពួកគេ​បង្ហាញ​ម្រាមដៃ​៧ (៥​ម្ខាង និង​២​ម្ខាង​) រហូតដល់​អ្នកខ្លះ​ទោះបី​ជាប់​ខ្នោះ​ទៅហើយ​ក្តី នៅតែ​លើក​ម្រាមដៃ​៧ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​បក្ស​មិន​ប្រួល​ប្រែ​។​

​នា​រយៈពេល​ចុងក្រោយ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ធ្វើ​យុទ្ធនា​ការពង្រឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគាត់​ច្បាស់​ក្នុង​ចិត្ត​ថា «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​របស់​ឯកជន មិនមែនជា​របស់​រដ្ឋ​ទេ​»​។ បើតាម​សម្តេច ពលរដ្ឋ​នៅមាន​ការយល់ច្រលំ រួមផ្សំ​ទាំង​ការឃោសនា​របស់​អ្នកនយោបាយ​មួយចំនួន​ផងដែរ​នោះ ពួកគេ​ជាប់បំណុល​វ័ណ្ឌក ដោយ​គិតថា គ្រឹះស្ថាន​ដែល​បានផ្តល់​កម្ចី​នោះ​ជា​របស់​រដ្ឋ​។ តើ​ការយល់ច្រលំ​បែបនេះ អាច​កើតឡើង​នៅពេល​បោះឆ្នោត ប្រសិនបើ​ពលរដ្ឋ​មួយចំនួន​នៅតែ​ចាំ​រត់មាត់​ថា លេខ​៤ បក្ស​ប្រជាជន​កម្ពុជា លេខ​៧ បក្ស​សង្គ្រោះ​ជាតិ​?

​តើ​ពលរដ្ឋ​អាច​បន្ត​យល់​ច្រ​លំ​ដែល​ទេ​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​នាពេលខាងមុខ ដោយ​គិតថា លេខ​៤​ជា​លេខ​រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លេខ​៧ ជា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​? ជាធម្មតា ការកំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​ធ្វើឡើង​តាមរយៈ​ការចាប់​ឆ្នោត​ដែលមាន​ព្រះ​វត្តមាន​របស់​សម្តេច​ស​ង្ឃ រីឯ​លេខ​រៀង​គណបក្សនយោបាយ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នឹងធ្វើ​ឡើង​តាម​មូលដ្ឋាន​នីមួយៗ​។​

«៤​មិន​ប្តូរ ៧​លុះ​ក្ស័យ​» មានន័យ​យ៉ាងណា​? ប្រសិនបើ​អព្ភូតហេតុ​អាច​កើតឡើង ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​រក្សា​រៀងៗ​ទី​៤ និង​បក្ស​សង្គ្រោះ​ជាតិ​លេខ​រៀង​ទី​៧​នៅក្នុង​សន្លឹកឆ្នោត​នោះ ការបង្ហាញ​ឆ​ន្ទះ​ដ៏​មុះ​មុត​របស់​ក្រុម​អ្នកគាំទ្រ​នឹងមិន​មានការ​ប្រែប្រួល​ឡើយ​។ ចុះបើ​លេខ​រៀង​នៅ​សន្លឹក​ផ្លាស់ប្តូរ​?

​ទោះបីជា​យ៉ាងណាក៏ដោយ បើតាម​របាយការណ៍រ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​សន្និបាត​អប់រំ​ឆ្នាំ​២០១៦ កម្ពុជា​បាន​ជោគជ័យ​ច្រើន​ក្នុង​យុទ្ធនាការ​រំដោះគ្រោះ​មិនចេះ​អក្សរ តាមរយៈ​កម្មវិធី​អក្ខរកម្ម​វិជ្ជាជីវៈ ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដូច្នេះ​ប្រហែលជា​មិនមាន​បញ្ហា​អ្វីដែល​ត្រូវ​ឲ្យ​ព្រួយបារម្ភ​នោះឡើយ ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ច្រ​លំ​៕


© រក្សាសិទ្ធិដោយ thmeythmey.com