កីឡាជាតិ
ជាតិ
រឿង សោ​ភ័​ណ្ឌ អន់ចិត្ត​ចំពោះ​លទ្ធផល​ដែល​អាជ្ញាកណ្តាល​កាត់ក្តី​ឲ្យ​ចាញ់​កីឡាករ​ឡាវ
25, Feb 2017 , 10:35 pm        
រូបភាព
ដោយ:
កីឡាករ​ចិត្តសឿង រឿង សោ​ភ័​ណ្ឌ បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​អាជ្ញាកណ្តាល​កាត់ក្តី​ឲ្យ​ខ្លួន​ចាញ់​កីឡាករ​ឡាវ ថាវ អ៊ូ​ឡាន ក្នុង​លទ្ធផល​ជា​ឯកច្ឆន្ទ ៥-០ នា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បៅ​ទម្ងន់​៦៩​គីឡូក្រាម​នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍​កាលពី​ល្ងាច​មិញ​។ ការបរាជ័យ​នេះ​ធ្វើ​ឲ្យ សោ​ភ័​ណ្ឌ បាត់បង់​ឱកាស​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។



​អ្នកលេង​គុន​ខ្មែរ​ជូរ​មុខ​របស់​កម្ពុជា រឿង សោ​ភ័​ណ្ឌ បាន​សម្តែង​អាកប្បកិរិយា​អន់ចិត្ត​យ៉ាងខ្លាំង​ក្រោយ​អាជ្ញាកណ្តាល​កាត់ក្តី​ឲ្យ​កីឡាករ​ឡាវ ថាវ អ៊ូ​ឡាន ឈ្នះ​ជា​ឯកច្ឆន្ទ​ក្នុង​លទ្ធផល ៥-០​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូបគេ​បានចាត់ទុក​ការកាត់ក្តី​នេះ​ថា ជា​លទ្ធផល​ដែល​មិនអាច​ទទួលយកបាន​។ តែ​យ៉ាងណា សោ​ភ័​ណ្ឌ ប្រកាន់​គោលជំហរ​មិន​ធ្វើ​ការតវ៉ា​នោះឡើយ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាករ រឿង សោ​ភ័​ណ្ឌ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​អន់ចិត្ត​មែនទែន​បង នៅពេលដែល​អាជ្ញាកណ្តាល​កាត់ក្តី​ឲ្យ​ខ្ញុំ​ចាញ់​កីឡាករ​ឡាវ​រហូតដល់ ៥-០ បែបនេះ​។ ខ្ញុំ​ឈឺចិត្ត​មែនទែន​នៅពេល​ខ្ញុំ​លឺ​លទ្ធផល​បែបនេះ កាត់ក្តី​ឲ្យ​ចាញ់​ក៏​ចាញ់​ចុះ តែ​ឲ្យ​សមរម្យ បើ​កាត់ក្តី​ឲ្យ​ចាញ់​ត្រឹម ៣-២ វា​សមរម្យ​»​។

​ឆ្លងកាត់​ការប្រកួត​៥​ទឹក​ពេញ​នៅលើ​សង្វៀន​កីឡាករ រឿង សោ​ភ័​ណ្ឌ អះអាងថា កីឡាករ​ឡាវ​ដែល​អាជ្ញាកណ្តាល​កាត់ក្តី​ឲ្យ​ឈ្នះ ៥-០ រូបនេះ មិនសូវ​បាន​វាយ​ចូល​មកលើ​ខ្លូន​ប៉ុន្មាន​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ​កីឡាករ​រូបនេះ​ត្រូវបាន​រូបគេ​វាយបក​យ៉ាង​ចាស់ដៃ និង​បន្សល់​នូវ​ស្នាម​បែក​លើ​ផ្ទៃមុខ​ទៀតផង​។

​អ្នកលេង​គុន​ខ្មែរ​មកពី​ក្លិប​ម្កុដ​រាជសីហ៍​នៃ​សមាគម​ក្រសួងមហាផ្ទៃ​រូបនេះ​អះអាងថា ករណី​កាត់ក្តី​ឲ្យ​ឈ្នះ​បែប​មិន​សមរម្យ​នេះ​បានកើត​ឡើងលើ​រូបគេ​ជាច្រើនលើក​មកហើយ​នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូបគេ​ក៏​ធ្លាប់ធ្វើ​ការតវ៉ា​ផងដែរ​ចំពោះ​ភាពមិនប្រក្រតី​នេះ តែ​យ៉ាងណា​លើក​នេះ​ខ្លួន​មិន​តវ៉ា​នោះទេ​។ ប៉ុន្តែ​កីឡាករ​រូបនេះ គ្រាន់តែ​បញ្ជាក់ថា ប្រហែលជា​មិនអាច​ឡើង​ប្រកួត​នៅលើ​សង្វៀន​នេះ​ទៀត​ទេ​។​

​ក្រោយ​អាជ្ញាកណ្តាល​កាត់ក្តី​ឲ្យ​ចាញ់​កីឡាករ​ឡាវ​ធ្វើ​ឲ្យ​កីឡាករ រឿង សោ​ភ័​ណ្ឌ បាត់​ឱកាស​ក្នុង​ការឡើង​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចំណែក​កីឡាករ​ឡាវ ថាវ អ៊ូ​ឡាន ត្រូវ​ប្រជែង​ជាមួយ​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​ខ្សែក្រវ៉ាត់​ខា​រ៉ា​បៅ​ទម្ងន់​៦៩​គីឡូក្រាម​របស់​សង្វៀន​អាស៊ី​គ្នេ​យ៍​៕


Tag:
 ប្រដាល់​
  រឿង សោ​ភ័​ណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com