ជាតិ
សេដ្ឋកិច្ច
CSX នឹងដាក់​ឲ្យ​ដំណើរការ​ជួញដូរ​ភាគហ៊ុន​តាម​អន​ឡាញ នៅ​ខែកក្កដា​ខាងមុខ​ ​
27, Feb 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) នឹងដាក់​ឲ្យ​ដំណើរការ​ជួញដូរ​ភាគហ៊ុន​តាម​អន​ឡាញ នៅ​ខែកក្កដា​ខាងមុខនេះ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នក​វិនិយោគិន ក្នុងការ​ជួញដូរ​ដោយផ្ទាល់​នៅលើ​ទីផ្សារ និង​បង្កើន​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាន់ពេលវេលា​។​



អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា លោក ហុង សុ​ហួរ បាន​ថ្លែងថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​រៀបចំ​ឲ្យ​មាន​វិធីសាស្ត្រ ជួញដូរ​ដោយផ្ទាល់​ប្រភេទ​បញ្ជរ​ទីផ្សារ និង​ការដំឡើង​ដែន​កំណត់​ថ្លៃ​ពី​៥​ភាគរយ​ទៅ​១០​ភាគរយ ដែល​យន្តការ​ទាំងនេះ​នឹង​អាចជួយ​បង្កើន​ទំហំ​ជួញដូរ និង​អាច​ឲ្យ​វិនិយោគិន​ទទួល​បានការ​ចំណេញ​ពី​ការឡើង​ចុះ​នៃ​ថ្លៃ​ជួញដូរ​បាន​ច្រើនជាង​មុន រួមទាំង​បង្កើន​សន្ទនីយ​ភាព​ទីផ្សារ​ជាដើម​។​

លោក ហុង សុ​ហួរ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រសិនបើ​រាជរដ្ឋាភិបាល ជាពិសេស​គណៈកម្មការ មូល​ប​ត្រ​អនុញ្ញាត​នោះ​វិនិយោគិន​បរទេស​អាច ទិញ​លក់​ភាគហ៊ុន​កម្ពុជា​ដោយ ប្រើ​គណនី​ដែល​យើង​មាន​ស្រាប់​ផងដែរ ។ ជាពិសេស​ផ្សារ​មូល​ប​ត្រ កម្ពុជា​កំពុង សិក្សា​លទ្ធភាព ដើម្បី​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា អាច​ទៅ​ចុះបញ្ជី​នៅ​ផ្សារ​ផ្សេងទៀត​បាន ហើយ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ្សារ​ផ្សេង​នោះ អាចមក​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​»​។​

បើតាម​លោក ហុង សុ​ហួរ ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​កំពុង​សិក្សា​អំពី​លទ្ធភាព​នៃ​ការតភ្ជាប់ និង​ការជួញដូរ ជាមួយ​ផ្សារ​ហ៊ុន​នៅ​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ​ជាដើម​។​

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន ដែល​បាន​ឡើង​ផ្សារ​ហ៊ុន​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចុះបញ្ជី​លក់ ភាគហ៊ុន​ជា​សាធារណៈ​ចំនួន​៤​គឺ​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​, ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន , កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ភ្នំពេញ​អេស​អ៊ី​ហ្សិត ភីអិលស៊ី ។ ជាមួយគ្នានេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នឹង​ក្លាយជា​ក្រុមហ៊ុន​ទី​៥ ដែល​គ្រោង​នឹង​ចុះបញ្ជី​លក់ ភាគហ៊ុន​របស់ខ្លួន​នៅ​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា នា​ចុងខែ​មីនា​ខាងមុខនេះ​៕

​ប្រភពពី​៖ AKP


© រក្សាសិទ្ធិដោយ thmeythmey.com