ជាតិ
ឧទ្ធរណ៍ ប្រកាស​សាលដីកា លើ​រឿងក្តី​លោកស្រី​ទេព វ​ន្នី និង​ស្ត្រី​បីនាក់ នៅ​ថ្ងៃទី​២៧ កុម្ភៈ​ ​
26, Feb 2017 , 4:55 pm        
រូបភាព
​ភ្នំពេញ​៖ សាលាឧទ្ធរណ៍ នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​លោកស្រី ទេព វ​ន្នី រួមទាំង​ស្ត្រី​បឹងកក់​បីនាក់​ទៀត នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​។ សំណុំ​រឿងនេះ គឺ​ទាក់ទង​នឹង​អំពើហិង្សា ដែល​កើតឡើង​នៅមុខ​សាលា​រាជធានី​ភ្នំពេញ តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ​។



លោកស្រី ទេព វ​ន្នី រួមទាំង​ស្ត្រី​បឹងកក់​បីនាក់​ទៀត គឺ​លោកស្រី បូ ឆវី លោកស្រី គង់ ចន្ថា និង​លោកស្រី ហេង មុំ បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ដាក់ទោស​ពួកគេ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ខែ​ក្នុង​ម្នាក់ៗ ពីបទ​ប្រឆាំង​មន្ត្រីរាជការ​សាធារណៈ កាលពី​ឆ្នាំ​២០១១​។ ក្រោយ​ទទួល​បណ្តឹង​របស់​ស្ត្រី​សកម្មជន​បឹងកក់​ទាំង​បួន​នាក់​នេះហើយ សាលាឧទ្ធរណ៍ ក៏បាន​បើកសវនាការ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ ២០១៧​។ ប៉ុន្តែ​ក្រោយ​បញ្ចប់​សវនាការ សាលាឧទ្ធរណ៍ មិនបាន​ប្រកាស​សាលដីកា​ភ្លាមៗ​នោះទេ ដោយ​លើក​ពេល​ប្រកាស​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​។ 

បច្ចុប្បន្ននេះ លោកស្រី ទេព វ​ន្នី កំពុងតែ​ជាប់ពន្ធនាគារ​។ រីឯ លោកស្រី បូ ឆវី លោកស្រី គង់ ចន្ថា និង​លោកស្រី ហេង មុំ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។

​កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក​សី ទេព វ​ន្នី ទើបតែ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំកន្លះ ទាក់ទង​នឹង​បទល្មើស​មួយ​ផ្សេងទៀត ដែល​កើតឡើង​នៅមុខ​ផ្ទះ​សម្តេច ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ កាលពី​ឆ្នាំ​២០១៣​។ ក្នុង​សំណុំ​រឿងនេះ លោកស្រី ទេព វ​ន្នី ត្រូវបាន​ចោទ​ពីបទ «​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»​។ 

សកម្មជន​បឹងកក់​មួយចំនួន តែង​នាំគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី ទេព វ​ន្នី ជា​ញឹកញាប់ ជាពិសេស​តាមរយៈ «​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​។ យ៉ាងណាក៏ដោយ ការតវ៉ា​របស់​ពួកគេ ហាក់​មានសង្ឃឹម​តិចតួច​ណាស់ ដោយសារតែ​កន្លងមក បក្ស​កាន់អំណាច បានប្រកាស​ជាច្រើន​ដង​មកហើយ​ថា សំណុំរឿង​ខាងលើ គឺ​ស្ថិតនៅក្រោម​ចំណាត់ការ​របស់​តុលាការ ដោយ​មិនមាន​ស្ថាប័ន​ណាមួយ អាច​លូកដៃ​ចូល ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នកទោស នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com