អន្តរជាតិ
លោក Luicano Baietti បុរស​ដែលមាន​សញ្ញាបត្រ​ច្រើនជាងគេ​បំផុត​លើ​លោក​
27, Feb 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​អ៊ីតាលី​៖ លោក Luciano Baietti ដែល​រស់នៅ​តំបន់ Velletri ភាគខាងត្បូង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី មានឈ្មោះ​ក្នុង​បញ្ជី​កំណត់ត្រា​ពិភពលោក​ក្នុងនាម​ជា​មនុស្ស​ម្នាក់​ដែល​រៀនសូត្រ​មិនចេះ​ជិនណាយ​។ បុរស​វ័យ​៧០​ឆ្នាំ​រូបនេះ ទើប​ទទួលបាន​សញ្ញាបត្រ​ទី​១៥ ហើយ​កំពុង​បន្ត​ការសិក្សា​ដើម្បី​យក​សញ្ញាបត្រ​ទី​១៦​បន្ថែមទៀត​។​



​ចាប់តាំងពី​ឆ្នាំ​២០០២​មក លោក Luciano Baietti ត្រូវបាន​ចុះឈ្មោះ​ក្នុង​សៀវភៅ Guinness World Records បន្ទាប់ពី​លោក​ទទួលបាន​សញ្ញាបត្រ (Laurea) លើ​ជំនាញ​វិទ្យាសាស្ត្រ​ចលនា​ពី​សាកលវិទ្យាល័យ La Sapienza នៅ​ទីក្រុង​រ៉ូម ហើយ​នេះ​ក៏​ជា​សញ្ញាបត្រ (​កម្រិត​បរិ​ញ្ញា និង​អនុបណ្ឌិត​) លើក​ទី​៨​របស់លោក​ផងដែរ​។

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន AFP លោក Luciano Baietti ដែល​ងុប​ង​ល់​នឹង​ការរៀនសូត្រ​នោះ ត្រៀម​ទទួល​សញ្ញាបត្រ​ទី​១៦​របស់ខ្លួន លើ​ជំនាញ​វិទ្យាសាស្ត្រ​ចំណីអាហារ​។ សញ្ញាបត្រ​ផ្សេងទៀត​ដែល​លោក​ទទួលបាន​រួមមាន​លើ​ជំនាញ អប់រំ​កាយ សង្គមវិទ្យា អក្សរសាស្ត្រ នីតិសាស្ត្រ វិទ្យាសាស្ត្រ​នយោបាយ ទស្សន​វិទ្យា ស្ថិតិ ឧក្រិដ្ឋវិទ្យា និង​ទេសចរណ៍ ជាដើម​។

​បុរស​ដែលមាន​វ័យ​៧០​ឆ្នាំ ហើយ​មានកូន​ប្រុស​ម្នាក់​អាយុ​២២​ឆ្នាំ​រូបនេះ បាន​អះអាងថា ការសិក្សា​បានក្លាយ​ជា​ចំណង់​ចំណូលចិត្ត​របស់លោក ដោយ​លោក​តែងតែ​ចង់​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ជានិច្ច​សម្រាប់​ខ្លួន​។

«​ខ្ញុំ​ចាប់អារម្មណ៍​ស្រឡាញ់​ការសិក្សា​កាន់តែខ្លាំង​បន្ទាប់ពី ទទួលបាន​សញ្ញាបត្រ​ផ្នែក​អប់រំ​កាយ​កាលពី​ឆ្នាំ​១៩៧២»​។ នេះ​ជាការ​អះអាង​របស់លោក Luciano Baietti ដោយ​បន្ថែមថា សញ្ញាបត្រ​ដែលមាន​កម្រិត​បរិញ្ញាបត្រ និង​អនុបណ្ឌិត​ដែល​លោក​បាន​សិក្សា​នោះ គឺ​លោក​បាន​ផ្ទាល់​ផង និង​អន​ឡាញ​ផង​។ សញ្ញាបត្រ​ទាំងនោះ បានមកពី​សាកលវិទ្យាល័យ​នៅ​ទីក្រុង​រ៉ូម ក្រុង Turin ក្រុង​ណា​ប៉ូ​លី ជាដើម​។​

​លោក Baietti ធ្លាប់​ធ្វើជា​បុគ្គលិក​ស្ម័គ្រចិត្ត​កាកបាទក្រហម ហើយ​មុនពេល​ចូលនិវត្តន៍​លោក​ជា​អតីត​មន្ត្រីរដ្ឋបាល​ប្រចាំ​សាលា និង​ជា​គ្រូបង្រៀន​ផ្នែក​អប់រំ​កាយ​។ លោក​បាន​អះអាងថា ពេលខ្លះ​លោក​ក៏មាន​ការភ្ញាក់ផ្អើល​នឹង​ខ្លួនឯង​ផងដែរ ប៉ុន្តែ​លោក​ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការសិក្សា និង​ចូលចិត្ត​អាន​សៀវភៅ​បំផុត​៕

សូមទស្សនាវីដេអូ៖

Tag:
 អប់រំ​
  Guinness World Records
© រក្សាសិទ្ធិដោយ thmeythmey.com