អន្តរជាតិ
រុស្ស៊ី​លក់​អាវុធ​កាន់តែ​ដាច់​នៅ​ទីផ្សា​អន្តរជាតិ ក្រោយ​អន្តរាគមន៍​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ស៊ី​រី​
27, Feb 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាវុធ​រុស្ស៊ី​កាន់​តែមាន​តម្រូវការ​ច្រើន​នៅក្នុង​បរិបទ​ទីផ្សារ​អន្តរជាតិ ក្រោយ​ពេលដែល​មហាអំណាច​នេះ​បង្អួត​សព្វាវុធ​ខ្លួន​ច្រើន​ប្រភេទ​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី​។ រុស្ស៊ី​ចាប់ពី​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅក្នុង​ទឹកដី​ស៊ី​រី​ចាប់ពី​ចុងឆ្នាំ ២០១៥ ហើយ​សព្វាវុធ​ច្រើន​ប្រភេទ រួមទាំង​នាវា​ដឹក​យន្តហោះ​ផង​ត្រូវបាន​បញ្ជូនទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​។​



​ក្រៅពី​កសាង​ក​តិ្ត​នាម​និង​ពង្រឹង​ឥទ្ធិពល​ដែល​ជិត​សាបរលាប​នៅ​មជ្ឈិមបូព៌ា រុស្ស៊ី​បាន​អួតអាង​ថា​ការចូល​ប្រឡូក​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី ជួយ​ឲ្យ​ខ្លួន​លក់​អាវុធ​កាន់តែ​ដាច់​នៅលើ​ទីផ្សារ​អន្តរជាតិ​។

សូមស្តាប់សំឡេង៖




​យោងតាម​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី Sputnik  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាវុធ​រដ្ឋ​រុស្ស៊ី Rostec លោក Sergey Chemezov បាន​បញ្ជាក់ថា សព្វាវុធ​រុស្ស៊ី​កាន់តែ​ត្រូវប៉ាន់ ដោយ​ប្រទេស​ជាច្រើន​បន្ត​បញ្ជា​ទិញ ក្រោយ​ពេលដែល​រុស្ស៊ី​បង្អួត​សព្វាវុធ​នៅក្នុង​សង្គ្រាម​ស៊ី​រី​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មន្ត្រី​រូបនេះ ប្រដូច​ការអន្តរាគមន៍​នេះ​ទៅនឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ​ដែល​មិន​គិតថ្លៃ​ផងដែរ​។​

«​សកម្មភាព​របស់​យើង​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី បានបង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថ​ភា និង​អំណាច​នៃ​បច្ចេកវិទ្យា​យោធា​យើង​។ កងកម្លាំង​ទ័ពអាកាស​,​នាវាចម្បាំង​និង ក្រុម​កងកម្លាំង​មី​ស៊ី​ល​របស់​យើង​បានបង្ហាញ​ឲ្យ​គ្រប់គ្នា​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​សព្វាវុធ​រុស្ស៊ី​។ ដូច្នេះហើយ​សកម្មភាព​យោធា​យើង​មាន​ឥទ្ធិពល​លើ​ការលក់​សព្វាវុធ​ចេញ ហើយ​វា​ជាការ​ផ្សាយពាណិជ្ជកម្ម​មួយ​ដែល​យើង​មិន​ចំណាយ​សូម្បី​តែមួយ​រៀល​»​។

​រុស្ស៊ី​បាន​ចូល​អន្តរាគមន៍​នៅក្នុង​សង្គ្រាម​ស៊ី​រី​ដោយ​យក​លេស​ថា ធ្វើសង្គ្រាម​ប្រឆាំង​ភេរវកម្ម​កាលពី​ចុងឆ្នាំ ២០១៥ កន្លងទៅ​។ គេ​ឃើញ​វត្តមាន​សព្វាវុធ​រុស្ស៊ី​ច្រើន​ប្រភេទ​ឈរជើង​នៅក្នុង​ទឹកដី​ស៊ី​រី មាន​ទាំង​យន្តហោះ​ចម្បាំង​, នាវាចម្បាំង និង​កងទ័ព​ថែមទៀត​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ រុស្ស៊ី​មាន​ប្រព័ន្ធ​ការពារ​អាកាស​ស៊េរី​ទំនើប S-400 នៅក្នុង​ទឹកដី​ស៊ី​រី​ដើម្បី​ការពារ​យន្តហោះ​ចម្បាំង​ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​កម្ចាត់​ភេរវជន​ផងដែរ​។​

​ជារួម រុស្ស៊ី​បាន​ចំណាយធនធាន​និង​កងទ័ព​ច្រើនសន្ធឹក​ដើម្បី​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ផង ឆ្លៀត​សំពង​ក្រុមប្រឆាំង​របប បា​សា អាល់​អាសាដ ផង និង​ជួយ​ពង្រឹង​រដ្ឋាភិបាល​នេះ​ឲ្យ​រឹងមាំ​ឡើងវិញ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ រុស្ស៊ី​បាន​ជួយ​រដ្ឋាភិបាល​ស៊ី​រី​ឲ្យ​មានប្រៀប​លើ​ក្រុមប្រឆាំង​និង​ដណ្តើមបាន​ទីក្រុង Aleppo ដែលជា​សមរភូមិ​សំខាន់​និង​ប្រទាញប្រទង់​បំផុត​មួយ​កាលពី​ចុងឆ្នាំ ២០១៦ កន្លងទៅ​ផងដែរ​៕


Tag:
 Sergey Chemezov
  ស៊ី​រី​
  រុស្ស៊ី​
  ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​
  Rostec
© រក្សាសិទ្ធិដោយ thmeythmey.com