ជាតិ
កម្ពុជា​រកចំណូលបាន​ពី​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន ៣៤០០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦
27, Feb 2017 , 6:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៥​លាន​នាក់ ដែលមាន​ថវិកា​សរុប​ជាង​៣​ពាន់​លាន​ដុល្លារ ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ នៅក្នុង​ឆ្នាំ​២០១៦​។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋាភិបាល​។​



​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​វិស័យ​ទេសចរ​នេះ គឺជា​«​មាស​បៃតង​» ដែល​ចូលរួម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចសង្គម , បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ជាការ​នាំចេញ​នៅនឹងកន្លែង ព្រមទាំង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​អភិរក្ស​បរិស្ថាន ឆ្លើយតប​នឹង​បំរែបំរួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ តាមរយៈ​ការរីកចម្រើន​នៃ​វិស័យ​ទេសចរ​នេះ កម្ពុជា​ទទួលបាន​កំណើន​ក្នុង​អត្រា ចំនួន​៥​ភាគរយ នៃ​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​៥​លាន​នាក់ និង​នាំ​ប្រាក់ចំណូល​៣៤០០​លាន​ដុល្លារ ។​

​តាម​ការព្យាករណ៍​រដ្ឋា​ភិ​បាល​នៅ​ឆ្នាំ​២០១៧​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​នឹងមាន​ការកើនឡើង ប្រមាណ​៥​លាន ៤​សែន​នាក់ ហើយ​រំពឹងថា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​អាច​កើនឡើង​៧​លាន​នាក់ និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លារ ហើយ​អាចបង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​១​លាន​នាក់​។​

​សម្ដេច ហ៊ុន សែន យល់ឃើញថា ដើម្បី​អាច​សម្រេច​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​៧​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២០​នោះ កម្ពុជា​ត្រូវការ​រៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ស្អាត និង​បៃតង តាមរយៈ​ការដាក់​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​មានការ​ប្រកួតប្រជែង​យក​រង្វាន់​ប្រចាំឆ្នាំ នៅក្នុង​តំបន់​ទេសចរ​នានា ក្នុងប្រទេស​កម្ពុជា​។​

​ក្រៅពីនេះ​កម្ពុជា ក៏ត្រូវ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរ​បៃតង តាមរយៈ​ការ​ចងក្រង​បណ្ដាញ​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរ ដើម្បី​ផ្លាស់ប្ដូរ​ចែករំលែក​បទពិសោធន៍​ល្អ រវាង​ប្រតិបត្តិ​ករ​ទេសចរណ៍​។ បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​ស្នើ​ឲ្យ​ក្រសួងកសិកម្ម និង​ក្រសួង​ទេសចរ សហការ​រៀបចំ​យុទ្ធសាស្ត្រ «​ខ្សែក្រវ៉ាត់​ខៀវ​» ដែល​មានន័យថា ការផលិត​និង​ដាំ​បន្លែ ,​ចិញ្ចឹមសត្វ​ឲ្យ​បាន​ច្រើន​បន្ថែម ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​នៅតាម​បណ្ដា​តំបន់​ទេសចរ​នានា ក្នុង​គោលដៅ​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​ផងដែរ​។ 

​តាមរយៈ​ការរៀបចំ​ឲ្យ​មានការ​ប្រកួតប្រជែង​ទីក្រុង​ស្អាត ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរ និង​ការធ្វើ​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​សេវាសាធារណៈ​ក្រុង​/​ខណ្ឌ ក្នុង​ឆ្នាំ​២០១៧ នេះ រដ្ឋាភិបាល រំពឹងថា វា​អាចជា​មូលដ្ឋាន​សម្រាប់​កម្ពុជា​ក្នុងការ​ត្រៀមខ្លួន​ចូលរួម​អនុវត្ត​នូវ​ស្ដង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​នឹងត្រូវ​ប្រគល់​ជ័យលាភី​លេខ​មួយ នៅ​ឆ្នាំ​២០១៨​ខាងមុខ នៅក្នុង​ប្រទេស​ថៃ ស្រប​ពេលដែល​កម្ពុជា បានសម្រេច​ក្រុង​ចំនួន​៧​ចូលរួម​ប្រកួត​ផងដែរ​។ ទីក្រុង​ចំនួន​៧ ដែល​នឹងត្រូវ​ចូលរួម​ប្រ​កូត​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​១​នេះ រួមមាន​ទីក្រុង​ភ្នំពេញ សៀមរាប បាត់ដំបង កែប កំពត ក្រុងព្រះសីហនុ និង​កំពង់ចាម​៕


Tag:
 ភ្ញៀវទេសចរ​
  ​កម្ពុជា​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com