អន្តរជាតិ
អាមេរិក​ទាមទារ​ឲ្យ​រុស្ស៊ី​ប្រញាប់​ប្រតិបត្តិ​តាម​បទ​ឈប់​បាញ់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​
27, Feb 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាល​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អំពាវនាវ​យ៉ាងទទូច​ទៅកាន់​ភាគី​រុស្ស៊ី និង​ក្រុម​ឲ្យ​ប្រញាប់ប្រញាល់​គោរព​តាម​បទ​ឈប់​បាញ់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ សហរដ្ឋអាមេរិក​បារម្ភ​ចំពោះ​ការកើនឡើង​នៃ​ហិង្សា​នៅ​តំបន់​ជម្លោះ ហើយ​ខ្លួន​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​យកចិត្តទុកដាក់​និង​បន្ត​ដាក់​ទាមទារ​ឲ្យ​ភាគី​គោរព​បទ​ឈប់​បាញ់​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​។



​ការកើនឡើង​នៃ​អំពើហិង្សា​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ក្លាយជា​ក្តីកង្វល់​ជាថ្មីទៀត​សម្រាប់​សហគមន៍​អន្តរជាតិ​។ ក្រុម​ឧទ្ទាម និង​រដ្ឋាភិបាល​រុស្ស៊ី​ស្ថិតនៅក្រោម​ការស្តីបន្ទោស​ជាថ្មី​ពី​សហគមន៍​អន្តរជាតិ​ជាពិសេស​ក្រុង​វ៉ាស៊ីនតោន​តែម្តង​។

​គេ​ឃើញ ក្រសួងការបរទេស​អា​មេ​រិ​ក​បានទាមទារ​ដោយ​ត្រង់​ទៅកាន់​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​ប្រញាប់ប្រញាល់​គោរព​ឲ្យ​បាន​នូវ​បទ​ឈប់​បាញ់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​សម្រេចបាន​កាលពី​ពីរ​ឆ្នាំមុន​។

​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​អាមេរិក​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP  ដូច្នេះ​ថា​៖« យើង​បន្ត​ទទូច​ស្នើ​ទៅ​រុស្ស៊ី​និង​បណ្តា​ក្រុម​ផ្តាច់ខ្លួន​អ៊ុយ​ក្រែ​ន​ឲ្យ​ប្រញាប់​គោរព​បទ​បទ​ឈប់​បាញ់​ដែលមាន​, ដក​សព្វាវុធ​ធុន​ធ្ងន់​ចេញ និង​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍ អង្គការ​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប​ចូល​ឃ្លាំមើល​»​។ 

​អ្នកនាំពាក្យ​ក្រសួងការបរទេស Mark Toner ក្រៅពីនេះ សហរដ្ឋអាមេរិក​ក៏​បន្ត​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការវិវត្ត​នៃ​ស្ថានការណ៍​នៅ​តំបន់​ភាគ​ខាងកើត​ជាពិសេស​ការកើនឡើង​នៃ​អំពើហិង្សា​ប្រដាប់អាវុធ ដែល​វា​ជា​បរាជ័យ​របស់​រុស្ស៊ី​និង​ក្រុម​ឧទ្ទាម​ក្នុង​ការបន្ត​អនុវត្ត​បទ​ឈប់​បាញ់​។

​សហរដ្ឋអាមេរិក​ក៏បាន​ថ្កោលទោស ក្រុម​ឧទ្ទាម​ផង​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ដែល​បើក​ការវាយប្រហារ​លើ​ក្រុម​អង្កេត​ការណ៍​របស់​អង្គការ​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប និង​ហ៊ាន​រឹបអូស​យក​រថយន្តរ​បស់​ពួកគេ​ថែមទៀត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

​សូម​រម្លឹក​បន្តិច​ថា ជម្លោះ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​នៅ​ដើមឆ្នាំ ២០១៤ បន្ទាប់ពី​រុស្ស៊ី​អន្តរាគមន៍​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន​និង​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ផង​។​

​ត្រឡប់មកវិញ សកម្មភាព​របស់​ក្រុង​វ៉ាស៊ីនតោន​នេះ បង្ហាញ​ឲ្យ​ឃើញ​ជំហរ​ច្បាស់លាស់​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ចំពោះ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​។ វា​មានន័យថា អាមេរិក​នឹង​បន្ត​រក្សា​ជំហរ​រ៉ឹង​ត្អឹង​ចំពោះ​រុស្ស៊ី ទោះបីជា​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​ព្រលយ​ថា លោក​ចង់​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​ក៏ដោយ​។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន សេត​វិមាន​អាមេរិក​និង​បេសកជន​ពិសេស​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ធ្លាប់​ទាមទារ​ឲ្យ​រុស្ស៊ី​ផ្ទេរ​ទឹកដី Crimea  ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​ផងដែរ ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​ទាំង​អម្បាលម៉ាន​ចេញ​វិញ​ដែរ​៕


Tag:
 អ៊ុយ​ក្រែ​ន​
  រុស្ស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com